ថ្វីត្បិតតែជាថនិកសត្វដូចមនុស្ស តែដូហ្វីនដេកក្នុងរបៀបខុសគ្នាឆ្ងាយពីមនុស្សយើងដោយវានៅតែបន្តបណ្ដែតខ្លួនលើផ្ទៃទឹកដើម្បីដកដង្ហើម។ មនុស្សយើងមានរយៈពេលយូរនៃការគេងដោយមិនដឹងខ្លួន ហើយយើងមិនបានដឹងពីអ្វីកើតឡើងនៅជុំវិញខ្លួនក្នុងរយៈពេលនៃការគេងនោះទេ។ មនុស្សមានការដង្ហើមដោយស្វ័យប្រវត្តិនៅពេលយើងគេង ឬសន្លប់ តែដូហ្វីនមិនមានលទ្ធភាពពីធម្មជាតិដូចមនុស្សយើងទេ។
ពេលដែក ដូហ្វីនចាំបាច់ត្រូវតែដឹងខ្លួនដាច់ខាត ដោយសារការដកដង្ហើមរបស់ពួកវាមិនមានលក្ខណៈស្វ័យប្រវត្តិ។ការដកដង្ហើមរបស់ពួកគេចាំបាច់ត្រូវតែធ្វើឡើងដោយការបញ្ជានៃរាងកាយ។ ម្យ៉ាងទៀត សត្វដូហ្វីនត្រូវសម្រេចចិត្តយ៉ាងសកម្មថា ពេលណាត្រូវដកដង្ហើម ដូច្នេះពួកគេត្រូវតែដឹងខ្លួនជានិច្ចដើម្បីដកដង្ហើម។ប្រសិនបើដូហ្វីនអាចដកដង្ហើមដោយស្វ័យប្រវត្តិដូចមនុស្សដែរ សត្វដូហ្វីនអាចដេកលង់លក់ដោយភ្លេចខ្លួនជាហានិភ័យនាំឱ្យវាថប់ដង្ហើម ឬលង់ទឹក។
ដើម្បីឈានទៅដល់ចំណុច «ដេកដែរតែដឹងខ្លួន» នោះ សត្វដូហ្វីនអនុញ្ញាតឱ្យខួរក្បាលរបស់ពួកវាដេកបានតែពាក់កណ្តាលប៉ុណ្ណោះនិងពាក់កណ្ដាលទៀតដំណើរការក្នុងពេលតែមួយ។ ពាក់កណ្តាលទៀតរក្សាការប្រុងប្រយ័ត្នដើម្បីឱ្យសត្វដូហ្វីនបន្តដកដង្ហើមនិងរកមើលគ្រោះថ្នាក់នៅក្នុងបរិស្ថានជុំវិញខ្លួន។
សត្វដូហ្វីនបិទភ្នែកតែម្ខាងទេពេលពួកវាដេក។ភ្នែកខាងឆ្វេងនឹងបិទនៅពេលដែលពាក់កណ្តាលខាងស្តាំនៃខួរក្បាលសម្រាក។ ផ្ទុយទៅវិញភ្នែកខាងស្ដាំវាបើកនៅពេលដែលខួរក្បាលម្ខាងទៀតដំណើរការ។ការគេងប្រភេទនេះត្រូវបានគេស្គាល់ថាជា «ដំណេកឯកអឌ្ឍគោល»ដោយសារអឌ្ឍគោលខួរក្បាលតែមួយគេងក្នុងពេលតែមួយ។ សត្វដូហ្វីនឆ្លាស់គ្នាដោយទៀតទាត់នៅពេលដែលពាក់កណ្តាលនៃខួរក្បាលគេពាក់កណ្ដាលទៀតសម្រាក ដើម្បីឱ្យពួកគេអាចសម្រាកដោយមិនបាត់បង់ស្មារតី។
នៅពេលដេក សត្វដូហ្វីនតែងតែសម្រាកដោយគ្មានចលនានៅផ្ទៃទឹកដកដង្ហើមទៀងទាត់ ឬពួកវាអាចហែលស្មើយឺតៗ និងប៉ប្រ៉ះផ្ទៃទឹក។ នៅក្នុងជម្រៅទឹករាក់ជួនកាលសត្វដូហ្វីនដេកនៅលើបាតសមុទ្រ ហើយឡើងលើផ្ទៃទឹកជាប្រចាំដើម្បីដកដង្ហើម៕
ប្រភព៖ UK.whales.org