សៀមរាប៖ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ជាតំបន់ព្រៃឈើជម្រកសត្វធម្មជាតិដ៏ធំប្រភពទឹកដ៏សំខាន់ស្រោចស្រពខេត្តសៀមរាបទាំងមូល និងជាអតីតរាជធានីខ្មែរ ដែលបន្សល់ទុកនូវបុរាណស្ថានជាច្រើន។
ក្នុងនោះដែរសហគមន៍ព្រៃធំពពេលភ្នំគូលែនជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង ៥ នៅលើខ្នងភ្នំគូលែន ជាមួយសក្ដានុផលវិស័យទេសចរធម្មជាតិដូចជាទឹកធ្លាក់ ពើងធម្មជាតិ និងព្រៃព្រឹក្សាលតាវ័ល្លច្រើនគ្របដណ្ដប់ផ្ទៃដីចំនួន ៧៩៨ហិកតា។
លោក ព្រិន ឆាត់ ប្រធានសហគមន៍ព្រៃធំពពេល បានប្រាប់សារព័ត៌មាន SR News ឱ្យដឹងថា៖«សហគមន៍ព្រៃធំពពេល ជាកន្លែងដែលមានសក្ដានុផលទេសចរណ៍ច្រើនមានទាំងសត្វព្រៃ ព្រៃឈើ ទឹកធ្លាក់ និងជាកន្លែងអភិរក្សរួមទាំងបង្កើនចំណេះដឹង និងប្រាក់ចំណូលដល់ប្រជាសហគមន៍»។
ការផ្ដួចផ្ដើមចងក្រងជាសហគមន៍
ដើមឡើយការរុករាន កាប់ឆ្ការព្រៃធ្វើចម្ការនិងបរបាញ់សត្វជាមុខរបរប្រចាំថ្ងៃរបស់អ្នកនៅទីនោះ។ កត្តាជីវភាព និងកង្វះចំណេះដឹងក្នុងការអភិរក្សអនុផលព្រៃឈើធម្មជាតិនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន បាននាំឱ្យប្រជាជនមួយចំនួនតូច រួមគ្នាជាមួយមន្ត្រីមូលដ្ឋានស្នើសុំការសហការណ៍ពីក្រសួងពាក់ព័ន្ធដើម្បីបង្កើតជាសហគមន៍ព្រៃធំពពេលនេះឡើង។
លោក ឆាត់ បានរៀបរាប់ពីប្រវត្តិខ្លះក្នុងបង្កើតសហគមន៍ព្រៃធំពពេលភ្នំគូលែនយ៉ាងដូច្នេះថា៖«ប្រជាជននៅទីនេះភាគច្រើនមិនសូវមានចំណេះដឹងអ្នកខ្វះខាតក៏ច្រើន អ៊ីចឹងយើងបង្កើតសហគមន៍ទៅ ដើម្បីមានភ្ញៀវមកលេង»។
ប្រធានសហគមន៍ ព្រៃធំពពេល បានឱ្យដឹងថាពីដំបូងប្រជាជនឯទៀតនៅតំបន់នេះមិនសូវពេញចិត្តនឹងគំនិតបង្កើតជាសហគមន៍ទេដោយពួកគាត់មិនទាន់យល់ដឹងពីអត្ថប្រយោជន៍នៃការថែរក្សានិងអភិរក្សព្រៃនៅភ្នំគូលែននៅឡើយ។ ម៉្យាងវិញទៀត ពួកគាត់បារម្ភពីការបាត់ចំណូលប្រចាំថ្ងៃពីការកាប់ព្រៃឈើនិងបរបាញ់។
លោកប្រធានសហគន៍ព្រៃធំពពេលបានប្រាប់បន្តថា៖ «ពួកយើងក៏រងការគំរាមកំហែងខាងគណកម្មាការខ្លះដែរពីសំណាក់ប្រជាជនដែលមិនសប្បាយចិត្តនៅពេលដែលបង្កើតសហគមន៍។ ក្រោយមានការចុះល្បាតក្នុងព្រៃធ្វើឱ្យពួកគាត់រកស៊ីបរបាញ់ កាប់ឈើលែងបាន អ៊ីចឹងគាត់ពោលពាក្យសម្ដីថាចាំមើលពេលដើរទៅណាម្នាក់ឯងធ្វើស៊ីវាម្ដងអីចឹងទៅ!តែពេលនេះពួកគាត់កែប្រែចិត្តមកចូលរួមសកម្មភាពជាមួយយើងអស់ហើយ»។
ក្រោយបង្កើតសហគមន៍ព្រៃធំពពេល នៅពេលដែលសមាជិកសហគមន៍ព្យាយាមចុះណែនាំនិងពន្យល់ប្រជាជនលើខ្នងភ្នំឱ្យបានយល់ដឹងកាន់តែច្បាស់អំពីចក្ខុវិស័យក៏ដូចជាគោលដៅរបស់សហគមន៍។ ពួកគាត់យល់ដឹងពីតម្លៃនៃបរិស្ថានធម្មជាតិ កែប្រែចិត្តចូលជាសមាជិកសហគមន៍ជាបន្តបន្ទាប់និងរួមគ្នាអភិរក្សព្រៃឈើដេលនៅសេសសល់នេះឡើងវិញ។
ប្រធានសហគមន៍បានបន្តទៀតថា៖ «ពេលមានភ្ញៀវមកអ៊ីចឹងពួកគាត់បានរត់ម៉ូតូឌុប មានអ្នកជូនភ្ញៀវ មានអ្នកធ្វើម្ហូប អ៊ីចឹងពួកគាត់មានមុខរបរមានប្រាក់ចំណូល គាត់ឈប់ធ្វើការរុករាន កាប់ឆ្ការព្រៃធ្វើចំការនិងបរបាញ់សត្វ ហើយងាក់មកអភិរក្សឡើងវិញ»។
បច្ចុប្បន្ន ក្រៅពីមានការសហការពីក្រសួងបរិស្ថានក្រោមគម្រោង និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា «CSLEP» និងក្រោមការជួយជ្រោមជ្រែងគាំទ្រពីអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) ដែលបានគាំពារទំនុកបម្រុងនិងបង្កើតមជ្ឍមណ្ឌលព័ត៌មានទេសចរណ៍ពពេល ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលសួរនាំ ស្វែងយល់អំពីសេវាកម្មជាក់លាក់របស់សហគមន៍។
ភាពទាក់ទាញនៃសហគមន៍ព្រៃធំពពេល
សហគមន៍ព្រៃធំពពេលមានសក្ដានុផលវិស័យទេសចរធម្មជាតិដូចជា ទឹកធ្លាក់ ពើងធម្មជាតិព្រៃព្រឹក្សាអ្នកតាវ័ល្លច្រើន តែមិនមានតំបន់ប្រាសាទបុរាណស្ថាននោះទេ។
លោកប្រធានសហគមន៍ព្រៃធំពពេលបានរៀបរាប់ឱ្យដឹងថា៖ «សហគមន៍ព្រៃធំពពេល មានលក្ខណៈខុសប្លែកពីសហគមន៍ព្រៃធំអន្លង់ធំបន្តិចដោយជាកន្លែងដែលសម្បូរទៅដោយធនធានធម្មជាតិ និងសត្វព្រៃជាពិសេសមានតំបន់ទឹកជ្រោះជាច្រើនកន្លែងទៀតដែលលាក់ខ្លួនធ្វើឱ្យភ្ញៀវអ្នកមិនទាន់បានឃើញនិងបានដឹង ហើយនៅមានកន្លែងស្អាតៗជាច្រើនទៀតដែលសហគមន៍ផ្សេងៗមិនមាន»។
តំបន់កម្សាន្តក្នុងសហគមន៍ព្រៃធំពពេលជាតំបន់ទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ ដោយសារទេសភាពស្ងប់ស្ងាត់ដែលអាចឱ្យភ្ញៀវជាតិដើរលេងបោះតង់សម្រាកលម្ហែកាយ និងមានផាសុខភាព។រីឯភ្ញៀវអន្តរជាតិពេញនិយមក្នុងការដើរផ្សងព្រេង ពីជ្រលងមួយទៅច្រលងមួយឆ្លងកាត់អូរ ស្ទឹង ទឹកជ្រោះ ផ្ទាំងថ្មធំដែលមានរូបរាងចម្លែកៗ។
ប្រធានសហគមន៍វ័យ ៣៦ ឆ្នាំរូបនេះក៏បានរៀបរាប់តំបន់ស្អាតៗជាច្រើនទៀតថា៖ «កន្លែងដែលទាក់ទាញបន្ទាប់ពីទឹកជ្រោះភ្នំគូលែននៅមានទឹកធ្លាក់អន្លង់រុនភាពច្រើនយុវជនគាត់ចូលចិត្តដោយសារជាកន្លែងដែលស្អាតបើបានឃើញហើយគឺមិនចង់ទៅណាទៀតទេ ចង់នៅសម្រាកនៅហ្នឹងតែម្ដងហើយមានកន្លែងផ្សេងទៀតដែលស្អាតៗជាងនឹងទៅទៀតមាន ពើងងងឹត ពើងលោកតាទឹកធ្លាក់អន្លង់ក្រពើជាដើម»។
សហគមន៍ព្រៃធំពពេលមានសេវាកម្មជាច្រើនដើម្បីចាំទទួលផ្ដល់សេវាកម្មយ៉ាងល្អទៅដល់ភ្ញៀវទេសចរគ្រប់រូបរួមមានសេវាកម្មម៉ូតូឌុប អ្នកនាំផ្លូវ មគ្គុទេសចរ ម្ហូបអាហារ សេវាបោះតង់ផ្ទះស្នាក់ ដែលមានតម្លៃសមរម្យ។
ភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការដើរផ្សេងព្រេងមើលទេសភាពព្រៃព្រឹក្សា សត្វព្រៃ ជីវចម្រុះនានានិងសិក្សាពីប្រវត្តិសាស្ត្រក្នុងតំបន់ដោយមគ្គទេសជំនាញរបស់សហគមន៍ផ្ទាល់។
លោក ឆាត់ បានលើឡើងថា៖ «ភ្ញៀវជនជាតិមក២០នាក់ អីគឺគាត់ដើរផ្សេងព្រេងទាំងអស់មិនថាតូច ឬធំ មិនថាចាស់ឬក្មេងនោះទេ គេថាដើរអាចមើលទេសភាព និងសិក្សាបានច្រើនបានច្រើន។ពួកគេជួលសេវាម៉ូតូឌុបលុះត្រាតែអ៊ីវ៉ាន់គាត់ច្រើនបើមានតិចតួចក៏គេអត់ជួលដែរ។ ហើយគេយកសេវាកម្មម្ហូបអាហាររបស់សមាជិកសហគមន៍យើងផងដែរ»។
ភ្ញៀវអន្តរជាតិតែងតែលើកឡើងថាមូលហេតុមិនជួលសេវាម៉ូតូឌុបដោយសារតែមិនចង់ជិះហួសកន្លែងសំខាន់ៗទាំងមិនបានមើលសិក្សាស្រាវជ្រាវ។ ពួកគាត់ចង់រីករាយក្នុងការដើរផ្សងព្រេងជាមួយទេសភាពក្នុងព្រៃនិងស្រូបយកខ្យល់អាកាស។ នេះបើតាមការលើកឡើងរបស់លោក ព្រិន ឆាត់។
ក្រៅពីទស្សនាព្រៃព្រឹក្សាស្រូបយកខ្យល់ឱកាស គេងស្ដាប់សំឡេងសត្វព្រៃ និងទឹកជ្រោះ សហគមន៍ក៏មានរោងហត្ថកម្មលក្ខណៈគ្រួសារដែលផលិតដូចជា តម្បាញកន្ទេល កញ្ជើ ចង្អេរ ល្អី និងផលិតផលជាច្រើនទៀត។
លោក ព្រិន ឆាត់ បានណែនាំថាតំបន់សហគមន៍ព្រៃធំពពេលអាចមកលេងបានគ្រប់រដូវកាល ព្រោះវាមានទេសភាពខុសៗប្លែកគ្នាពិសេសនារដូវវស្សា និងរដូវផ្លែឈើព្រៃច្រើន ដែលភ្ញៀវទេសចរអាចជួបសត្វព្រៃសត្វស្លាប សត្វដើរដី និងសត្វកម្រ រួមទាំងផ្កាព្រៃ រុក្ខជាតិចម្រុះផ្សេងៗ ដែលលម្អផ្ទាំងថ្មរូបរាងចម្លែកធំៗជាច្រើន។
លោកក៏សូមការអំពាវនាវដល់ភ្ញៀវទេសចរមកទស្សនាសហគមន៍ព្រៃធំពពេលភ្នំគូលែន និងគាំទ្រសេវាកម្មរបស់សមាជិកសហគមន៍ឱ្យកាន់តែច្រើន ដើម្បីសម្រួលដល់ជីវភាពក៏ដូចជាសកម្មភាពអភិរក្សឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែនដែលជាតំបន់ព្រៃឈើ ប្រភពទឹក និងបុរាណស្ថានដ៏អស្ចារ្យនៅទឹកដីខេត្តសៀមរាប។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់គេហទំព័រ៖Popel Community BasedTourism Center- Phnom Kulen ឬតាមរយៈលេខទូរសព្ទ 017 756 447៕