សៀមរាបៈ អង្គរវ៉ូនឌើរ ហ្គាឌិន (Angkor wonder Gaden) គឺជាសួនផ្កាខ្នាតយក្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានផ្កាជាច្រើនប្រភេទចម្រុះព័ណ៌យ៉ាងស្រស់ស្អាត រចនាចេញជារូបរាងផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅលើទឹកដីអង្គរអច្ឆរិយ។
អង្គរវ៉ូនឌើរហ្គាឌិន បើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៦លា្ងច ដោយការចូលទស្សនាពេលនេះ មានការបញ្ចុះតម្លៃសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមនុស្សធំ មានតម្លៃ ៧ដុល្លារ និងកុមារមានតម្លៃ ៣ដុល្លារ ពិសេសសម្រាប់កម្មករ កម្មការនី អ្នកមានបណ្ណក្រីក្រ គ្រូបង្រៀន សិស្ស និស្សិត សំបុត្រចូលទស្សនា មានតម្លៃ ៣ដុល្លារដូចគ្នាផងដែរ។
ចាប់ផ្ដើមសាងសង់ក្នុងនៅឆ្នាំ ២០២២ សួនផ្កាដ៏ធំមួយនេះ មានផ្ទៃដីទំហំដី ៧ ហិកតា ដែលមានដាំដើមឈើតូចធំជាច្រើនប្រភេទ ដោយរំលេចបាននូវព័ណ៌ចម្រុះគ្នាយ៉ាងទាក់ទាញ ដែលធ្វើភ្ញៀវទេសចរគយគន់មិនចេះជិនណាយ បន្ថែមពីនេះ ក៏មាននូវការរចនារូបប្លែកៗ និងតាំងវត្ថុនានាដូចជាផ្ទះ ពាង ដើមឈើ រូបបេះដូង ទោងសម្រាប់អង្គុយលេង និងរូបសត្វជាច្រើនទៀត ដែលសុទ្ធសឹងជាកន្លែងថតរូបស្អាត។
ទាក់ទិននឹងការបង្កើតសួនច្បារដ៏ស្រស់ស្អាតនេះ លោក ប្រាក់ ចន្ធី ម្ចាស់អង្គរវ៉ូនឌើរហ្គាឌិន បានបញ្ជាក់ប្រាប់សារព័ត៌មាន SR Digital Media ថា៖«ប្រទេសកម្ពុជាមិនទាន់មានសួនផ្កាខ្នាតយក្សអ៊ីចឹងពីមុនមកទេ មួយទៀតខ្ញុំបានទៅដើរលេងនៅក្រៅប្រទេស បានឃើញសួនផ្កានៅឌូបៃមានភាពស្រស់ស្អាត ខ្ញុំក៏មានគោលបំណងចង់នាំមកបើកនៅប្រទេសកម្ពុជា ឱ្យមានសួនផ្កាខ្នាតយក្សអ៊ីចឹងដែរ ដើម្បីជួយលើកស្ទួយវិស័យទេសចរក្នុងស្រុក»។
ក្រៅពីសួនផ្កាចម្រុះព័ណ៌ នៅអង្គរវ៉ូនឌើរ ហ្គាឌិន ក៏មានទីកន្លែងកម្សាន្តជាច្រើនដូចជា កន្លែងប្រណាំងឡាន កន្លែងបាញ់ព្រួញ និងកន្លែងវាយកូនហ្គោលជាដើម និងមានហាងកាហ្វេ ក៏ដូចជាភោជនីយដ្ឋានផងដែរ។
សម្រាប់បញ្ហាលំបាក លោក ប្រាក់ ចន្ធី ម្ចាស់អង្គរវ៉ូនឌើរហ្គាឌិន បានរៀបរាប់ថា៖ «ខ្ញុំខាតប្រាក់ជាច្រើនលើកច្រើនសារ ព្រោះខ្ញុំមិនមានបទពិសោធន៍ដាំផ្កាពីមុនមកទេ ហើយពូជផ្កាទាំងនេះ ខ្ញុំយកពីក្រៅប្រទេស យកការកាត់ផ្ស៊ាំពូជ មកបណ្តុះដោយខ្លួនឯង ប៉ុន្តែរាល់ថ្ងៃក៏មិនទាន់ជោគជ័យ១០០ភារយដែរ ព្រោះរាល់ថ្ងៃ ខ្ញុំត្រូវធ្វើតេស្តជាមួយអាកាសធាតុស្រុកយើង សង្កេតមើលថាផ្កាណា ដាំខែណាបាន ហើយផ្កាណា ដាំខែណាមិនបាន
ប៉ុន្តែខ្ញុំប្រឹងប្រែងជំនះឧបសគ្គ មិនបោះបង់វាទេ បន្តធ្វើរហូតទាល់តែមានផ្លែផ្កា»។
ម្ចាស់អង្គរវ៉ូនឌើរហ្គាឌិនរូបនេះ ក៏សំណូមពរឱ្យប្រជាពលរដ្ឋ មកកំសាន្តលេងនៅសួនផ្កា អង្គរវ៉ូនឌើរហ្គាឌិន ឱ្យបានច្រើន ដើម្បីជួយគ្រាំទ្រវិស័យទេសចរក្នុងស្រុក លើកមុខមាត់ប្រទេសជាតិ និងជួយឱ្យប្រជាសហគមន៍ មានការងារធ្វើផងដែរ ព្រោះនៅក្នុងសួនផ្កានេះ មានអ្នកធ្វើការប្រមាណជាង១០០នាក់។
អង្គរវ៉ូនឌើរ ហ្គាឌិន (Angkor wonder Gaden) មានទីតាំងស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ផ្លូវចូលទល់មុខសាលាឃុំខ្ចាស់ ចូលទៅក្នុងប្រហែល 600ម៉ែត្រ។ ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក Angkor Wonder Garden-អង្គរវ៉ូនឌើរ ហ្គាឌិន ឬ លេខទូរសព្ទ 012 323 655៕