ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះបងប្អូនខ្មែរ-ឥស្លាមនៅកម្ពុជា កំពុងរៀបចំពិធី បុណ្យ រ៉ូយ៉ាហាជ្ជី ឬបុណ្យហាជ្ជីឬអ៊ីទិល អាត់ហា (Hajji or Eidil Adha) ដែលជាបុណ្យធំប្រចាំឆ្នាំមួយសម្រាប់អ្នកកាន់សាសនាឥស្លាម។ បុណ្យហាជ្ជីនេះ ក៏មានកម្មវិធីសំឡេះសត្វ ឬកាប់សត្វគោ ក្របីចៀម ពពែ ដើម្បីយកសាច់ទៅចែកជូនអ្នកក្រីក្រ ដែលជាខ្មែរ-ឥស្លាមដូចគ្នាផងដែរ។
លោក មោសា អះម៉ាត់ ជាអ្នកបង្រៀននិងផ្សព្វផ្សាយសាសនាឥស្លាមបានប្រាប់សារព័ត៌មាន SR ឱ្យដឹងថា ថ្ងៃរ៉ូយ៉ាហាជ្ជី គឺធ្វើឡើងនៅរៀងរាល់ថ្ងៃទី១០ នៃខែ១២តាមប្រតិទិនឥស្លាម ដោយប្រជាជន ឥស្លាមទូទាំងសកលលោក ពិតជាសប្បាយរីករាយណាស់ដែលនេះគឺជាការជួបជុំគ្នានៃអ្នកកាន់ សាសនាឥស្លាម បង្ហាញពីក្តីស្រឡាញ់ ការគោរពគ្នាការចែករំលែក និងការធ្វើសន្ទរកថាផ្សេងៗ ជាពិសេសនៅតាមវិហារឥស្លាម។
អ្នកបង្រៀងសាសនាឥស្លាមរូបនេះបង្ហាញពីសារៈសំខាន់នៃពិធីបុណ្យនេះថា៖ «វាជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណធំៗនៃសាសនាឥស្លាម និងជាថ្ងៃបុណ្យធំប្រចាំឆ្នាំហើយនៅក្នុងថ្ងៃបុណ្យនេះ គឺមានកម្មវិធីជាច្រើន មានដូចជាការប្រតិបត្តិសាឡាតការស្តាប់នូវដំបូន្មានផ្សេងៗ និងជាលក្ខណៈ ជួបជុំសាមគ្គីគ្នាហូបអាហារចែកនូវសាច់ដល់អ្នកក្រីក្រ សាច់ញាតិ អ្នកជិតខាង និងអាចនិយាយបាន ថាជាបុណ្យចូលឆ្នាំថ្មីព្រោះនេះជាខែចុងក្រោយនៅក្នុងសាសនាឥស្លាម»។
ទន្ទឹមនឹងនេះ លោក សាហ្វអះ ទុលឡោះជានាយកសាលាអាល់អៀសសាន បានឱ្យដឹងថា ពិធីបុណ្យ រ៉ូយ៉ាហាជ្ជីនេះគឺបង្ហាញពីការជួបជុំគ្នាមួយ ត្បិតបច្ចុប្បន្នបងប្អូនខ្មែរ-ឥស្លាមហាក់មិនសូវរស់នៅជុំគ្នា ក្នុងភូមិតែមួយដូចពីមុននោះទេ ដោយខ្លះរស់នៅក្នុងទីក្រុងនិងខ្លះតាមបណ្តាខេត្ត ដែលនេះជាហេតុ នាំឱ្យមានការនឹករឮក លុះពិធីបុណ្យចូលមកដល់បងប្អូនទាំងអស់បានជួបជុំគ្នា ហូបអាហាររួម ប្រកបដោយភាពសប្បាយរីករាយ។
លោក ទុលឡោះចាត់ទុកបុណ្យរ៉ូយ៉ាហាជ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារពិធីបុណ្យ នេះផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវសាសនាបុព្វហេតុសាសនា និងទាក់ទងនឹងការសំឡេះសត្វ ដើម្បីឧទ្ទិសដល់អាល់ឡោះជាម្ចាស់។បន្ថែមពីនេះ ពីធីបុណ្យមួយនេះ ក៏ផ្សារភ្ជាប់ការធ្វើហាជ្ជីដែលបង្ហាញពីការជួបជុំប្រជាជាតិឥស្លាមដ៏ធំនៅលើពិភពលោក ទោះបីជាជាតិសាសនាអ្វីក៏ដោយក៏អាចជួបជុំគ្នា ស្លៀកពាក់តែមួយ ធ្វើពិធីតែមួយ បង្ហាញពីសិទ្ធស្មើគ្នាដោយមិនរើសអើងជាតិ សាសន៍ឡើយ។
គួរបញ្ជាក់ថា ពិធីបុណ្យរ៉ូយ៉ាហាជ្ជីតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែទី១២ នៃប្រតិទិន សាសនាឥស្លាមក្នុងគោលបំណងដើម្បីបង្រៀនសាសនិកឥស្លាមទាំងអស់ ឱ្យហ៊ានលះបង់ទាំង ពេលវេលា និងថវិកាហើយមានការអត់ធ្មត់ដើម្បីសម្រេចជោគជ័យអ្វីមួយ។ លើសពីនោះទៀតពិធីនេះបង្ហាញថាសាសនិកឥស្លាមទាំងអស់មានតម្លៃស្មើគ្នាដោយពួកគេត្រូវប្រតិបត្តិដូចគ្នាៗ មិនថាពួកគេមានឋានៈ បុណ្យស័ក្កឬទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ។ ហើយចុងក្រោយវាបង្ហាញថាសាសនិកឥស្លាមទាំងអស់មានការរួបរួមសាមគ្គីគ្នាដោយមានការចូលរួមពីគ្រប់ជាតិសាសន៍ ពណ៌សម្បុរ ឋានៈ បុណ្យស័ក្កទាំងអស់ ពីគ្រប់ទិសទីនៃពិភពលោក។
ពិធីបុណ្យរ៉ូយ៉ាហាជ្ជីនេះ អាចហៅបាន២ គឺទី១ អ៊ីទិល អាត់ហា ដែលខ្មែរហៅថា បូជាយញ្ញគឺគេសម្លាប់សត្វ ដើម្បីយកសាច់ទៅចែកជូនអ្នកក្រីក្រ។ ចំណែកទី២ គឺរ៉ូយ៉ាហាជ្ជីគឺសំដៅដល់ការ ធ្វើធម្មយាត្រាទៅទីក្រុងឡាមិចនៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយពាក្យថា «ហាជ្ជី» គឺស្មើនឹងពាក្យ អារ៉ាប់ថា ការតាំងចិត្តប៉ុន្តែពិសេសជាងការថ្វាយបង្គំនានារបស់ខ្មែរ-ឥស្លាមទៅទៀត៕