កំពង់ឆ្នាំងៈ ការងារស្មូនដីគឺជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង និងជាការងារមួយមានតាំងពីដូនតាមក ។មិនត្រឹមតែស្នងមរតកស្នាដៃដូនតាប៉ុណ្ណោះទេ សមាជិកគ្រួសារអ្នកស្រី ជុំស្រីពេជ្រ ក៏បានបញ្ជូលនូវ ក្បូរក្បាច់ខ្មែរដ៏ស្រស់ស្អាតលើផលិតផលស្មូនដីនិងធ្វើកុលាលភាជន៍ចេញពីវត្ថុធាតុដើមក្នុងស្រុក ទៀតផង។
ម្ចាស់សិប្បកម្មភ្នំក្រាំងដីមាស អ្នកស្រីជុំ ស្រីពេជ្រ បានប្រាប់សារព័ត៌មាន SR News ថាអាជីវកម្មស្មូនដី នេះ មានតំណតាំងដូនតារបស់អ្នកស្រីមកម្ល៉េះដោយគ្រាន់តែពីមុនក្រុមគ្រួសារអ្នកស្រីផលិត និងលក់ដូរជាលក្ខណៈតូចតាចក្នុងភូមិស្រុកតែប៉ុណ្ណោះ ហើយផលិតផលទាំងនេះក៏ធ្វើឡើងតាមបែបប្រពៃណី ផងដែរ។
អ្នកស្រីបន្ថែមថាបច្ចុប្បន្ននេះសិប្បកម្មរបស់អ្នកស្រី នៅតែបន្តធ្វើផលិតផលស្មូនដីបែបប្រពៃណីនេះ ដដែល និងបានបន្ថែមនូវការច្នៃប្រឌិត បង្កើតផលិតផលថ្មីនិងបញ្ជូលទាំងការគូរក្បាច់ខ្មែរ លើផលិតផលស្មូនទាំងនោះផងដែរ។
«សព្វថ្ងៃយាយខ្ញុំអាយុ៩០ជាងនិង៨០ជាង នៅធ្វើឆ្នាំងធំៗដដែល ធ្វើពីដី គឺដីឥដ្ឋ ហើយនៅកន្លែងនេះយើងធ្វើអីដោយដៃផ្ទាល់ អត់មានម៉ាស៊ីនអីជួយទេ បន្ថែមពីនេះយើងក៏មានគូរឆ្លាក់ក្បាច់ គឺក្បាច់ខ្មែរ ទាំងអស់លើផលិតផល អ៊ីចឹងយើងមានផលិតផលច្រើនណាស់សុទ្ធតែស្អាតៗ យើងមានទាំងស្មូនដី និងកុលាលភាជន៍។ នេះបើតាមអ្នកស្រីស្រីពេជ្រ
ម្ចាស់សិប្បកម្មរូបនេះរំឭកពីដើមហេតុដែលនាំឱ្យក្រុមគ្រួសារអ្នកស្រី យកក្បាច់ខ្មែរទៅរំលេចលើផលិតផលស្មូនដីបែបនេះថា៖ «កាលពី១០ឆ្នាំមុនមានអង្គការជប៉ុនមួយចុះមកទីនេះ គេចុះមកយក តែ១០នាក់ទេឱ្យទៅរៀនជំនាញនៅជប៉ុន ពេលនោះគេចុះមកហ្នឹង គេឃើញបងស្រីខ្ញុំ មានជំនាញស្វាហាប់នឹងការងារ គេឱ្យគាត់ទៅជប៉ុនរយៈពេល៣ខែគឺទៅរៀនឆ្លាក់ក្បាច់ខ្មែរ ក្បាច់អីផ្សេងៗចំណុចហ្នឹងហើយទើបជាចំណុចដែលយើងចេះគូរក្បាច់ និងយកប្រើដល់សព្វថ្ងៃ»។
ក្រោយពីបានសិក្សាចេះចាំស្ទាត់នូវការគូរក្បាច់រួចមកបងស្រីរបស់អ្នកស្រីស្រីពេជ្រ ក៏ត្រឡប់មក ប្រទេសកម្ពុជាវិញ បន្ទាប់មកបងប្រុសរបស់ស្រីពេជ្រ ក៏ត្រូវបានខាងអង្គការជប៉ុន ជ្រើសរើសឱ្យទៅសិក្សាផ្នែកកុលាលភាជន៍នៅប្រទេសជប៉ុនវិញម្តងដែលផ្តោតទៅលើការលាយផ្សំនូវសារធាតុផ្សេងៗដើម្បីបង្កើតបានជាល្បាយលាបលើផលិតផលស្មូន។
អ្នកស្រី ស្រីពេជ្រ រៀបរាប់ថា៖ «បងប្រុសទៅរៀនខាងពិសោធន៍ដី និងសេរ៉ាមិច (កុលាលភាជន៍)គាត់ទៅរៀនរបៀបលាយ គ្រឿងសេរ៉ាមិច របៀបទឹកថ្នាំរលោងៗហើយទឹកថ្នាំនេះមិនមែននាំចូលទេ គឺផលិតនៅក្នុងស្រុក ដូចជាសំបកលាសថ្មបាយក្រៀម ថ្មផ្សេងៗ និងមានសារធាតុច្រើនទៀត ដែលសុទ្ធតែជាវត្ថុធាតុដើមក្នុងស្រុក»។
ចំពោះការសិក្សាផ្នែកពិសោធន៍ដី ឬបំបែកដីស្រី្តវ័យ៣៦ឆ្នាំខាងលើនិយាយថា មុនពេលមិនទាន់ មកវត្តមានអង្គការជប៉ុនអ្នកស្មូនដីនៅខេត្តកំពង់ឆ្នាំង ប្រើប្រាស់ដីតែមួយប្រភេទប៉ុណ្ណោះសម្រាប់ស្មូន គឺប្រភេទដីឥដ្ឋ ប៉ុន្តែបច្ចុប្បន្នពួកគាត់អាចបំបែកដីបានចំនួន ៣ប្រភេទ រួមមាន ប្រភេទដីក្រហម ដីស និងដីឥដ្ឋដោយប្រើប្រាស់ទៅតាមបច្ចេកទេសក្នុងការស្មូន។
សិប្បកម្មភ្នំក្រាំងដីមាសមានផលិតផលស្មូនដីជាច្រើនដូចជា ឆ្នាំងដី ពាង ផើង ជើងក្រាន ខ្ទិះ ឆ្នាំងស៊ុបឆ្នាំងសម្ល ឆ្នាំងដុតមាន់ ឈុតស្មូនដីសម្រាប់ក្មេងៗ ផ្តិល ជើងពាន ប្រទីបនិងផលិតផលជាច្រើនទៀត។
ផលិតផលរបស់អ្នកខេត្តកំពង់ឆ្នាំងនេះទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋក្នុងតំបន់ និងម្ចាស់អាជីវកម្មតាមបណ្តារាជធានី-ខេត្ត ដ្បិតផលិតផលទាំងនេះ អ្នកជាវយកទៅប្រើប្រាស់ផងនិងតាំងលម្អ តាមហាង និងគេហដ្ឋានផងដែរ។
អ្នកស្រី ជុំ ស្រីពេជ្រ ពន្យល់បែបនេះថា៖ «ទឹកដៃយើងធ្វើស្អាត មើលទៅរស់រវើក ហើយបើនិយាយ ពីរូបរាងគឺយើងប្រើក្បាច់ខ្មែរយើងទាំងអស់ ហើយបើភ្ញៀវគាត់មានគម្រូឱ្យយើងខាងខ្ញុំក៏ធ្វើជូនគាត់ បានទាំងអស់ដូចគ្នា ហើយពេលនេះភ្ញៀវយើងកុម្ម៉ង់ច្រើនៗជាឈុតតែម្តង កុម្ម៉ង់៥០០ ទៅ១០០០អីទៅតាមផលិតផលនីមួយៗ ហើយយើងក៏មានការអាប់ដេត (Update) ថ្មីៗរហូត»។
ទាក់ទិននឹងភាពល្បីល្បាញក្នុងការធ្វើនូវផលិតផលស្មូនដីនេះម្ចាស់អាជីវកម្មសម្បុរស្រអែមខាងលើ បានរំឭកថា ប្រព័ន្ធបណ្តាញសង្គមគឺជាផ្នែកមួយក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកស្រី ឱ្យមានទទួលបានការគាំទ្រខ្លាំង ដ្បិតប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងប្រកបមុខរបរស្មូនដីនេះជាច្រើន។
«ចប់កូវីដផ្ទុះខ្លាំងម៉ងនៅក្នុងឆ្នាំ ២០២២ ពេលនោះផ្ទុះការធ្វើឆ្នាំងដី ទឹកសម្លនំបញ្ចុក ដោយសារតែពេលហ្នឹង បងប្អូនយើងទិញតែឆ្នាំងដីតាមរឺម៉ក់ រទេះដែលគេធ្វើដូចបាត្រលោក គម្របវារាងប៉ិតៗ ពេលអ៊ីចឹងខ្ញុំនឹកច្នៃវាខ្ញុំប្រាប់បងស្រីថា ធ្វើបែបនេះមានចំណុះ២លីត្រសម្រាប់នំបញ្ចុក១គីឡូកន្លះ រហូតដល់១០គីឡូ ពេលនោះយើងចាក់ក្បាច់ទៀតក្បាច់ដំបូងមានតែត្របកឈូកទេ អត់ទាន់មានក្បាច់ផ្សេងៗទេហើយខ្ញុំក៏ចាប់ផ្តើមប៉ុស្តិ៍ ពេលនោះក៏ផ្ទុះខ្លាំងម៉ោង ផ្អើលពេញភូមិពេញស្រុកអ៊ីចឹងទៅ ហើយគេចាប់ផ្តើមស្គាល់ខ្ញុំក៏ចាប់ផ្តើមច្នៃអីថ្មីៗថែមទៀត»។ នេះបើតាមអ្នកស្រី ស្រីពេជ្រ
សម្រាប់ដំណើរការនៃការធ្វើផលិតផលស្មូនដីនេះម្ចាស់សិប្បកម្មភ្នំក្រាំងដីមាស រៀបរាប់ថា ជំហ៊ានដំបូងត្រូវយកដីពីតំបន់ក្បែរភ្នំក្រាំងដីមាស និងយកដីមកហាលឱ្យស្ងួតរួចយកកិនក្នុងម៉ាស៊ីន និងមកលាយជាមួយលាយវត្ថុធាតុផ្សេងៗដើម្បីបង្កើតបានជាល្បាយដី សម្រាប់យកទៅស្មូនជាឆ្នាំង ឬផលិតផលផ្សេង។
ចំណែកការធ្វើកុលាលភាជន៍ ឬសេរ៉ាមិចមានភាពពិបាក និងប្រើពេលយូរ ពោលក្រោយពីស្មូនដី ជារូបរាងនៃផលិតផលណាមួយហើយត្រូវឆ្លាក់ក្បាច់នៅលើនោះ និងត្រូវយកទៅជ្រលក់ជាមួយ ល្បាយសេរ៉ាមិចបន្ទាប់មកត្រូវដុត និងដាក់ចូលឡ ដែលមានកម្ពៅខ្ពស់ ដោយត្រូវរក្សាគម្លាតនិងពិនិត្យយ៉ាងដិតដល់។
សិប្បកម្មភ្នំក្រាំងដីមាសមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង៕