ភ្នំពេញៈ នាពេលបច្ចុប្បន្ននេះប្រជាជននៅក្នុងទីក្រុង ហាក់ងាកមកចាប់អារម្មណ៍លើការដាំរុក្ខជាតិលម្ហទាំងក្រៅ និងក្នុងគេហដ្ឋាននិងនៅតាមការិយាល័យ ដោយសាររុក្ខជាតិទាំងនោះបានផ្តល់ប្រយោជន៍ជាច្រើន។ ថ្ងៃនេះ SRDigital Media ណែនាំរុក្ខជាតិដាំលម្ហមួយប្រភេទដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពនិងការរស់នៅ គឺ «ប្រទាលពស់»៖
១ ជួយបន្សុទ្ធខ្សល់បរិយាកាស
ប្រសិនបើនៅក្នុងបរិវេណដែលអ្នករស់នៅមានខ្យល់អាកាសអួរអាប់ឬសម្បូរទៅដោយខ្យល់ពុល ការជ្រើសរើសនូវ ការដាំរុក្ខជាតិ«ប្រទាលពស់»គឺជាជម្រើសល្អបំផុត ព្រោះវាអាចជួយបន្សុទ្ធខ្យល់ពុលបានយ៉ាងមានប្រសិទ្ធភាព ជួយបង្កើតឧកស៊ីសែននិងធ្វើអោយអារម្មណ៍អ្នកស្រស់ស្រាយ។
២ ការកម្ចាត់សត្វអាសិរិ្ពស
«ប្រទាលពស់»នេះក៏មានសមត្ថភាពទៅលើការកម្ចាត់សត្វអាសិរពិសមួយចំនួនផងដែរដូចជា ពស់ ក្អែបនិងសត្វជាច្រើនទៀត។ ដើម្បីសុវត្ថិភាព និងការពារការរំខានពីសត្វទាំងនោះ ដូច្នេះយើងគួរតែដាំរុក្ខជាតិនេះនៅជុំវិញផ្ទះ ឬខាងក្នុងផ្ទះ ជាជាងការទុកដីទំនេរ។
៣ ស្រស់ស្អាត និងងាយស្រួលដាំ
«ប្រទាលពស់»ជាប្រភេទប្រទាលមួយប្រភេទ ដែលមានរូបរាងស្រស់ប្លែក ដោយស្លឹកវារឹងស្រួចវែង និងពណ៌ពពាលស និងបៃតងចាស់ ចំណែកផ្កាដុះចេញពីបណ្ដូលដើមពណ៌ស លាយបៃតង ផ្លែរាងមូល(ប៉ុន្តែកម្រមានផ្លែណាស់) ហើយវាមានរូបរាងស្អាត ។ រីឯការដាំដុះវិញ ប្រទាលនេះគឺងាយស្រួលក្នុងមើលថែទាំ ដោយយើងមិនត្រូវការចំណាយពេលច្រើន ឬស្រោចទឹកតាមដានឡើយ ហើយវាក៍រស់បានយូរឆ្នាំផងដែរ។
៤ ការប្រើប្រាស់ជាឱសថ
«ប្រទាលពស់» ក៏អាចយកការប្រើប្រាស់ធ្វើជាឱសថធម្មជាតិបានផងដែរ ដោយយកហាលឱ្យស្ងួត ដែលអាច ព្យាបាលជំងឺផ្សេងៗដូចជា ផ្ដាសសាយ ក្អករលាកទងសួត បូសពិស ក្អែបខាំ ពស់ចឹក និងជំងឺឈឺសន្លាក់ ផ្សេងៗ។
គួរបញ្ជាក់ថា «ប្រទាលពស់» នេះមានឈ្មោះជាច្រើនខុសៗគ្នាតាមតំបន់ដូចជាប្រទាលអណ្ដាតខ្លា, ប្រទាលព្រះខ័ន ព្រះរាមឈ្មោល,ប្រទាលពស់ក្រាយ,ប្រទាលនាគរាជ,ប្រទាលលំពែងព្រះរាម,ប្រទាលអណ្តាតនាគឬប្រទាលសិរីមង្គល៕