ទេសចរណ៍

ដំណើរផ្លូវទឹកពីសៀមរាបទៅបាត់ដំបង ល្បឿនសន្សឹមៗសមបំណងអ្នកទស្សនាជីវចម្រុះ និងស្វែងយល់ជីវភាពភូមិលើទឹក

October 22, 2024
August Stella
Heading
Option 1

ជា​រៀងរាល់​រដូវវស្សាពេល​កម្ពស់​ទឹក​ចាប់​ផ្ដើមឡើង​បំពេញ​ទន្លេ​បឹងបួការធ្វើដំណើរ​តាម​កាណូត​ជា​ជម្រើស​មួយ​សក្ដិសម​សម្រាប់​អ្នកស្វែងរក​បទពិសោធ​ន៍​មធ្យោបាយ​ផ្លូវទឹកដោយ​ក្ដី​អំណត់​មិន​អន្ទះសារ​ចង់​ដល់​គោលដៅ​។​

ពេលវេលា​ចន្លោះ​ពី ៦ ទៅ ៨ ម៉ោងក្នុង​ដំណើរ​ផ្លូវទឹក​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រអាចធ្វើឱ្យ​អ្នកដំណើរ​មួយចំនួន​ធុញ​ទ្រា​ញ់ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់ឃើញ​ពី​ជីវភាព​ដ៏​ប្លែក​ភ្នែក​នៃ​អ្នកភូមិ​លិច​ទឹកនិង​ទស្សនា​ជីវៈចម្រុះ ការ​ជិះ​កាណូត​ពី​សៀមរាប ទៅ​បាត់ដំបងពិតជា​មិន​ខុស​បំណង​នោះទេ​។​

​អ្នកនាង មិន ដា​នី អ្នកលក់​សំបុត្រ​កាណូត សុខ ចំរើន ដែល​ដំណើរការ​អាជីវ​កម្មក​អ្នកដំណើរ​នេះ​ជាង​ម្ភៃ​ឆ្នាំ​មកហើយនោះបាន​ឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ កាណូត​ចាប់ផ្ដើម​ដឹក​អ្នកដំណើរ​នៅ​រាល់​រដូវ​កាល​ទឹក​ឡើងដែល​ភាគច្រើន​ចាប់ពី​ខែ ៨ រហូត​ចូលដល់​ខែ ៣​។​

​អ្នកនាង​បានបញ្ជាក់​ប្រាប់ SR News ថា​៖ «​សម្រាប់​ឆ្នាំនេះ​ទឹក​ឆាប់​ឡើង​លឿន ដូច្នេះ​យើង​អាច​ដំណើរការដោយ​ចាប់ផ្ដើម​រត់​តាំងពី​ខែ ៧ រហូតមក​»​។​

ក្នុង​មួយថ្ងៃ កាណូត​ដឹក​អ្នកដំណើរ​នេះ​ប្រតិបត្តិការ ១ជើង​ពី​សៀមរាប ទៅ​បាត់ដំបង ឬ បាត់ដំបង មក សៀមរាបដោយ​ចាប់ផ្ដើម​ប្រមូល​ភ្ញៀវ​ពី​តាម​បណ្ដា​សណ្ឋាគារ​ផ្ទះ​ស្នាក់​នានា​នៅ​ម៉ោង៦​កន្លះ​ព្រឹក និង​ចេញដំណើរ​នៅ​ម៉ោង ៧​កន្លះ​ព្រឹក​។​

​អ្នកនាង ដា​នី បាន​បន្តទៀតថា​៖ «​រយៈពេល​ធ្វើដំណើរ​អាច​ខុសគ្នា​អាស្រ័យទៅលើ​កត្តា​ខ្យល់​ផងដែរ​។ការធ្វើដំណើរ​ពី​សៀមរាប​ទៅ​បាត់ដំបង​តាម​កាណូត​យើង មាន​រយៈពេល​ប្រមាណ ៦ ម៉ោងដោយសារ​យើង​ចុះ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ភូមិ​បាក់​ព្រាមុននឹង​បន្តដំណើរ​ទៅ​គោលដៅ​បាត់ដំបង​»​។​

កាណូត​មាន ៣ ខ្នាត​គឺ​ខ្នាតតូច​អាច​ដឹក​អ្នកដំណើរ​បាន១២​នាក់ ខ្នាត​កណ្ដាល ២០ ទៅ​៣០​នាក់ និង​ខ្នាត​ធំ អាចដាក់​បាន​មនុស្ស​ពី ៦០ ទៅ១២០​នាក់​។

​យ៉ាងណាមិញ អ្នកនាង​ក៏បាន​លើកឡើង​ដែរ​ថា​៖«​មធ្យោបាយ​ធ្វើដំណើរ​នេះ​ក៏​មិនសូវមាន​ភ្ញៀវ​ដែរដោយ​ក្នុង​មួយថ្ងៃ​ទូក​រត់​តែមួយ​ជើង​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​ភ្ញៀវ​បរទេស ដោយភ្ញៀវ​ខ្មែរ​យើង​មាន​ត្រឹមតែ ២០ ទៅ​៣០​ភាគរយ​ទេ​»។​

​តម្លៃ​សម្រាប់​ភ្ញៀវ​ខ្មែរ សៀមរាប បាត់ដំបង គឺ ១៥​ដុល្លារនិង​ភ្ញៀវ​បរទេស ២៥​ដុល្លារ ដោយ​អ្នកដំណើរ​អាច​ស្វែងរក​ទិញ​នៅ​ទីស្នាក់ការទីភ្នាក់ងារ​ជា​ដៃគូ សណ្ឋាគារ និង​ផ្ទះសំណាក់​ជាដើម​។

មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បានឱ្យដឹងថា​ក្នុង​មួយថ្ងៃ​មាន​កាណូត២០ គ្រឿង​បាន​ត្រៀម​រួចរាល់​ជាស្រេច​ក្នុង​ការដឹក​អ្នកដំណើរ​ពី​បាត់ដំបង​ទៅ​សៀមរាបក្នុង​រដូវ​កាល​មានទឹក​ពេញលេញ​សម្រាប់​ចរាចរណ៍​ផ្លូវទឹក​។​

លោក ឈាង ប៊ុន​ណាត ជា​អ្នក​បើកទូក​ឱ្យ​ក្រុមហ៊ុន ចាន់ណាកាណូត​ដឹក​អ្នកដំណើរ​បានឱ្យដឹងថា ថ្ងៃនេះ​នៅលើ​ទូក​ចំណុះ ៣០​នាក់របស់លោក​មាន​ភ្ញៀវ ១២ នាក់ ដែល​ធ្វើដំណើរ​ពី​សៀមរាបខណៈ​អ្នកដំណើរ​ខ្លះ​ឡើង​ចុះ​នៅតាម​ភូមិ​បណ្ដែត​ទឹក​នីមួយៗ​។​

​លោក​បានឱ្យដឹងថា​៖«​យើង​ដំណើរការ​រៀងរាល់​រដូវ​ទឹក​ឡើង ហើយ​នៅ​រដូវ​នេះយើង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ខែសីហា​។អរគុណ​មន្ទីរ​ទេសចរណ៍​ដែល​ជួយ​ផ្សព្វផ្សាយដោយសារ​កន្លងមក​មិនដែល​ខាង​ទេសចរណ៍​ជួយ​ផ្សព្វផ្សាយ​ទេ​»​។​លោក​បានឱ្យដឹងថា ក្រៅពី​ភ្ញៀវ​មកពី​សៀមរាប ភ្ញៀវ​ចាប់ពី​ភូមិ​បណ្ដែត​ទឹក​ព្រែក​ទាល់ភូមិ​បណ្ដែត​បាក់​ព្រា និង​ភូមិ​ផ្សេងៗ​ទៀត​ឡើង​ចុះៗ​ទៅ​គោលដៅ​របស់​ពួកគេ​។ ដូច្នេះ ការធ្វើដំណើរ​តាម​ផ្លូវទឹក​ចន្លោះ​ពី ៦ ទៅ ៧ ម៉ោងនៅតែ​ពេញនិយម​សម្រាប់​សហគមន៍​លើ​ភូមិ​បណ្ដែត​ទឹក​នៃ​បឹង​ទន្លេសាប​នេះ​។​

សម្រាប់​អ្នក​ដែល​ចង់​សាកល្បង​បទពិសោធន៍​ធ្វើដំណើរ​ផ្លូវទឹកដោយ​កាណូត អាច​ទំនាក់ទំនង​លេខ ០១២ ៧៨ ២១ ២១ និង​លេខ ០៩៩ ៣៣៣៣ ៥៩៕

អត្ថបទពេញនិយម

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

សត្វស្លាបអ្វីដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក?

អ្នកស្រី មាន សុខឡេង ប្ដេជ្ញាចិត្តបំបៅកូនដោយទឹកដោះ

លោក អ៊ុំ ប៊ុនរ៉េត សម្រេចបេសកកម្មជិះម៉ូតូម្នាក់ឯងជាង ២៩០០០ គីឡូម៉ែត រៃអង្គាសថវិកា ៦៤០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផា

សាន់ប៊ែវ៉ែលី៖ រីស៊តជាប់ទឹកធ្លាក់ ទេសភាពស្អាតជាប់បេះដូង នៃទឹកដីជីផាត