ភ្នំពេញ: អាជីវកម្មភូមិយើង (OurVillage) បានប្រមែប្រមូលស្វែងរកនំចំណីខ្មែរពីបរមបុរាណដែលស្ទើរតែពុំឃើញមានលក់នៅលើទីផ្សារ យកមកផលិតលក់សម្រាប់អតិថិជន ដែលនឹករសជាតិនំពីកុមារក៏ដូចជារួមចំណែកថែរក្សានំអាហារខ្មែរផងដែរ។
រាប់តាំងពីឆៃប៉ូវផ្អែម ពីស្រុក ស្អាង កោះធំ នំកន្ទ្រាំ ចេកក្រមួនឆាប នំពុម្ព និង នំអាកោពោត អាជីវកម្មបានដាក់លក់នំទឹកត្នោត ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក តុង វ៉េងរ៉ុង ជាអាជីវករលក់នំខ្មែរបាននឹកឃើញផលិតនំទឹកត្នោតឡើងវិញ ក្រោយពីលែងឃើញនំនេះត្រូវបានដាក់លក់នៅលើទីផ្សារ។
លោកបានប្រាប់ SRNews ថា៖ «មួយរយៈក្រោយមកនេះនំទឹកត្នោតមួយប្រភេទនេះក៏អវត្តមាននៅលើទីផ្សារទើបខាងអាជីវកម្មភូមិយើងបានប្រមូលផ្តុំផលិតនំនេះឡើងវិញ ដើម្បីរក្សាឲ្យមានឈ្មោះបោះសំឡេងវិញនិងជួយផ្សព្វផ្សាយឲ្យបងប្អូនខ្មែរយើងបានស្គាល់កាន់តែទូលំទូលាយនៃដំណើរការនៃការធ្វើនំទឹកត្នោតនេះ»។
ខុសពីអាកោត្នោត នំទឹកត្នោតជាប្រភេទនំបុរាណខ្មែរមួយប្រភេទដែលមិនសូវមានគេស្គាល់ច្រើនទេ។ ជាមួយរសជាតិផ្អែមល្មម ឈ្ងុញឆ្ងាញ់នំប្រភេទនេះត្រូវបានគេនិយមធ្វើនៅក្នុងខេត្តកំពង់ស្ពឺ ជាទឹកដីល្បីសម្បូរដើមត្នោតច្រើនជាងគេនៅប្រទេសកម្ពុជា។
លោក វ៉េងរ៉ុង បានរៀបរាប់ពីដំណើរការធ្វើនំយ៉ាងដូច្នេះថា៖«យើងត្រូវជ្រើសរើសយកអង្ករផ្កាម្លិះលេខ១មកត្រាំទឹក ហើយយកទៅ ចំហុយជាមួយនឹងទឹកត្នោត និងស្លឹកតើយ ដើម្បីយកក្លិនរួចកូរជាមួយនឹងទឹកត្នោត និងសាច់ត្នោតរហូតឆ្អិនល្អ ទើបលើកចេញពីភ្លើងទុកឲ្យវាត្រជាក់»។
អាជីវកររូបនេះបានបន្ថែមទៀតថា៖ «បន្ទាប់មកយើងត្រូវសូនវាជាបន្ទះៗរួចដាក់លើ ម្សៅលាតកុំឲ្យវាស្អិត ជាប់គ្នាបន្ទាប់មកហាលវាឲ្យស្ងួតបន្តិចទើបយើងរៀបចំដាក់ចូលក្នុងប្រអប់ជាការស្រេចនិង ធ្វើការចែកចាយនៅលើទីផ្សារ»។
ដំណាក់កាលផលិតមិនសូវស្មុគស្មាញមែន តែលោកបានបញ្ជាក់ថាការសូននំ និងការរកវត្ថុធាតុដើមក៏ជូបបញ្ហាលំបាកផងដែរ។
លោក វ៉េងរ៉ុង បាននិយាយថា៖ «នៅពេលដែលយើងសូន្យនំនោះប្រើកម្លាំងពលកម្មច្រើន និងប្រើរយៈពេលយូរ និងការប្រមូលទិញទឹកត្នោតនៅរដូវវស្សានេះគឺមានផលពិបាកច្រើនដោយសារមិនសូវមានទឹកត្នោតណាមួយអ្នកយកទឹកត្នោតត្រូវជួប ខ្យល់ ភ្លៀងនិងត្រូវមានបច្ចេកទេសក្នុងការបិទបាំងបំពង់ ទឹក ត្នោត កុំឲ្យទឹកភ្លៀងចូល»។
អាជីវករវ័យ៣០ឆ្នាំរូបនេះ បានជួយលើកស្ទួយនំខ្មែរនិងផ្ដល់ចំណូលដល់អ្នកលក់ទឹកត្នោត។
លោកក៏លើកទឹកចិត្តដល់បងប្អូនដែលប្រកបមុខរបរធ្វើនំខ្មែរឲ្យនៅតែបន្តធ្វើជាមួយរូបលោកដើម្បីផ្សព្វផ្សាយនំខ្មែរឱ្យទូលំទូលាយ។
លោក វ៉េងរ៉ុង បានសម្គាល់ឃើញផងដែរថា៖ «មួយរយៈនេះបងប្អូនខ្មែរយើងគាត់បានស្គាល់នំប្រភេទនេះច្រើនហើយ និងបានកុម្ម៉ង់ច្រើនផងដែរ ជាពិសេសនារដូវបុណ្យភ្ជុំ ដោយពួកគាត់យកទៅប្រគេនព្រះសង្ឃនិងឪពុកម្តាយ ហើយនំប្រភេទនេះក៏យើងអាចញ៉ាំបានគ្រប់វ័យផងដែរ ដែលមានរសជាតិផ្អែមឆ្ងាញ់ហើយរសជាតិផ្អែមនេះគឺមិនសូវផ្អែមខ្លាំងប៉ុន្មាននោះទេ គឺផ្អែមល្មមដែលអាចទទួលយកបាន»។
ទោះជាសព្វថ្ងៃ អាជីវកម្មនេះមានដាក់លក់នំចំណីអាហារច្រើនមុខក៏ពិតមែនក៏លោក វ៉េងរ៉ុង បន្តខិតខំចងក្រងផលិតផលខ្មែរតាមភូមិ និងប្រមូលនំខ្មែរដទៃទៀតមកផ្សព្វផ្សាយលក់ក៏ដូចជាអភិរក្សរសជាតិពីដូនតាឱ្យគង់វង្ស សក្ដិសមទៅនឹងអាជីវកម្មរបស់លោកឈ្មោះថា«ភូមិយើង» ផងដែរ។
អាជីវកម្ម ភូមិខ្មែរ មានទីតាំងនៅបុរីពិភពថ្មីគួរស្រូវ២ ផ្ទះលេខ ២១ ផ្លូវលេខ ៤ និងការលក់តាមអនឡាញជាមួយសេវាដឹកជញ្ជូនទៅដល់ទីតាំងទាំងនៅភ្នំពេញនិងបណ្ដាខេត្ត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ភូមិយើង OurVillage (https://www.facebook.com/ourvillage.store)ឬលេខទូរសព្ទ៖ ០១៦ ៣៨៥ ៣១៨៕