ភ្នំពេញៈ អ្នកស្រី មាន សុខឡេងដែលទើបប្រសូតបុត្រីបានអាយុ ៣ខែ បានប្ដេជ្ញាចិត្តក្នុងការបំបៅកូនដោយទឹកដោះផ្ទាល់ និងមិនប្រើប្រាស់ទឹកដោះគោជំនួយឡើយខណៈអ្នកស្រីទទួលបានការជម្រុញទឹកចិត្តពីគ្រួសារ ជាពិសេសស្វាមី។
អ្នកស្រី មាន សុខឡេង ដែលមានកូនស្រីចំនួន ៣នាក់បានប្រាប់សារព័ត៌មាន អេសអ័រ (SR) ឱ្យដឹងថា ចាប់ពីការមានផ្ទៃពោះជាមួយកូនដំបូង អ្នកស្រីតែងតែអានសៀវភៅនិងអត្ថបទជាច្រើន ដើម្បីឈ្វេងយល់ពីវិធីនៃការចិញ្ចឹមកូន ព្រោះអ្នកស្រីមានក្តីបំណងផ្តល់ឱ្យកូនៗនូវការចាប់ផ្តើមដ៏ល្អបំផុតក្នុងជីវិត។ បន្ថែមពីនេះ អ្នកស្រីសុខឡេង ក៏ទទួលបានដំបូន្មានល្អផ្សេងទៀតពីគ្រូពេទ្យជំនាញជាពិសេស ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការបំបៅកូនដោយទឹកដោះ។
ម្តាយវ័យ ៣៣ឆ្នាំរូបនេះ បញ្ជាក់ថា៖ «ការបំបៅកូនដោយទឹកដោះពិតជាធ្វើឱ្យខ្ញុំមានមោទនភាព ព្រោះខ្ញុំបានស្និតស្នាលជាមួយកូនខ្លាំងហើយកូនទាំង៣របស់ខ្ញុំមានសុខភាពល្អ មិនងាយឈឺ ហើយធំធាត់លូតលាស់ល្អវាក៏អាចជួយសន្សំលុយ ព្រោះមិនត្រូវចំណាយលើការទិញទឹកដោះគោឬត្រូវទៅមន្ទីរពេទ្យ ហើយសម្រាប់កូនទី ៣នេះខ្ញុំបានប្តេជ្ញាចិត្តឱ្យគាត់បៅដោះរបស់ខ្ញុំផ្ទាល់រហូត ដល់ធំធាត់និងបៅលែងចេញទឹកដោះតែម្តង ព្រោះទឹកដោះវាសំខាន់ណាស់សម្រាប់កុមារ»។
ការបំបៅកូនដោយទឹកដោះនេះ ត្រូវបានអ្នកស្រី សុខឡេងរៀបរាប់ថា វាមិនងាយស្រួលនោះទេ ហើយបញ្ហាប្រឈមដែលអ្នកស្រីជួបប្រទះគឺការឈឺក្បាលសុដន់ ការគេងមិនបានគ្រប់គ្រាន់ ជាពិសេសការផ្គត់ផ្គង់របបអារហារឱ្យបានត្រឹមត្រូវសម្រាប់ខ្លួនឯង និងជៀសវាងការញ៉ាំអាហារដែលមិន ផ្តល់ប្រូតែអ៊ីនដល់រាងកាយ ដូចជាអាហារហិរផ្អាប់ ឬខ្លាញ់ច្រើនជាដើម។
ទន្ទឹមនឹងនេះ អ្នកស្រី ក៏ត្រូវបានក្រុមគ្រួសារលើកទឹកចិត្ត តួយ៉ាងកូនៗរបស់អ្នកស្រី តែង ជួយការងារផ្ទះផ្សេងៗហើយស្វាមីតែងតែផ្តល់ពេលវេលាឱ្យអ្នកស្រីបំបៅដោះកូន ដោយលោក ដើរតួនាទីជំនួសអ្នកស្រីក្នុងការធ្វើកិច្ចការផ្សេងៗ។
និយាយដល់ការបំបៅដោះកូននៅតាមទីសាធារណៈវិញ អ្នកស្រីដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញរូបនេះបានប្រាប់ឱ្យដឹងថា អ្នកស្រីគ្មានភាពអៀនខ្មាស ឬគិតថាវាមិនសមរម្យនោះទេព្រោះវាជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប ហើយណាមួយសង្គមខ្មែរយើងក៏ដឹងច្បាស់ ពីទំនៀមទម្លាប់ចិញ្ចឹមកូនដោយទឹកដោះនេះផងដែរ។
ទន្ទឹមនឹងនេះ អ្នកស្រី ជំរុញនិងលើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប គួរតែផ្តល់ឱ្យកូននូវការបំបៅដោះឱ្យបានយូរខែ ឬយូរឆ្នាំព្រោះថាទឹកដោះម្តាយមានប្រយោជន៏ជាច្រើនដល់សុខភាពកូនជាពិសេសវាក៏ផ្តល់ផលល្អដល់សុខភាពម្តាយវិញផងដែរ ដោយការពារហានិភ័យនៃជំងឺមហារីកដោះ៕