ជីវិត និង សង្គម

អតីតកូនអ្នកក្រគ្មានដីធ្វើស្រែ ប្រែជាអ្នកច្នៃអលង្ការពីគ្រាប់កាំភ្លើង មានការគាំទ្រទាំងក្នុង និងក្រៅស្រុក

November 18, 2024
ថិញ រិទ្ធី
Heading
Option 1

សៀមរាបៈ គ្រឿង​​អលង្ការនិង​របស់តុបតែង​កាយ​ច្នៃ​ពី​សម្បក​គ្រាប់កាំភ្លើង ​ដោយ​ស្នាដៃសិប្បករ​នៅ​ខេត្ត​សៀមរាបទទួលបាន​ការពេញ​និយម​ពី​អតិថិជន​ នៅ​តាម​បណ្តា​ខេត្ត​ និងថែមទាំង​​​បាន​នាំយក​ទៅ​លក់​នៅសហរដ្ឋ​អាមេរិក​និង​អង់គ្លេស​ទៀត​ផង។

អ្នក​ច្នៃ​សម្បក​គ្រាប់កាំភ្លើង​ជាគ្រឿងអលង្ការលោក​ ឡុង ឡេង កើត​ក្នុងគ្រួសារ​ក្រីក្រ ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរ​តាប៉ោង​ឃុំ​អូរតាប៉ោង ​ស្រុក​បាកាន ​ខេត្តពោធិ៍សាត់។ លោកជា​កូនទី ៤ ក្នុង​ចំណោម​បងប្អូន​ស្រី​៧ នាក់ទៀត​។

​សិប្បករ​រូបនេះ​បានរៀប​រាប់​ពី​អតីតកាល​ឱ្យ​SR News​ដឹង​ថា ​ដោយសារ​តែ​​ឪពុក​ម្តាយ​ក្រីក្រ ​សូម្បី​តែ​​ដីស្រែ​ក៏​មិនមាន​ធ្វើ​និង​គ្មាន​លទ្ធភាព​រកលុយ​ឱ្យ​កូនៗ​រៀន​ផង​នោះ​ លោក​ត្រូវរៀន​បណ្តើរ ​ទូលនំ​លក់​បណ្តើរ។​ជួនកាលលោក​ត្រូវ​​ស៊ីឈ្នួល​ឡើង​បេះដូង​ឱ្យ​គេ​ក្នុង​មួយ​ថ្ងៃឱ្យ​បាន​ចន្លោះ​ពី​២០ ​ដើម​ទៅ​ ៣០​ដើម​ក៏​មាន​ដែរ ​ដើម្បី​​យក​លុយ​ទៅរៀន។

​លោក ​ឡេង ​បានបញ្ជាក់ថា លោក​បានតស៊ូ​ពុះពារ​រៀនសូត្រ​​ចប់​ថ្នាក់​ទី១២​ប៉ុន្តែ​ដោយសារ​​ឪពុក​ម្តាយ​គ្មាន​លទ្ធភាព​ឱ្យ​រៀន​បន្ត​ថ្នាក់​មហា​វិទ្យាល័យ​លោក​ក៏​សម្រេច​ចិត្ត​សុំ​ម្តាយ​ឪពុក​ធ្វើដំណើរ​ផ្សងព្រេង​មក​រក​ការងារ​ធ្វើ​នៅទីក្រុង​​តែ​ម្នាក់​ឯង។​

ពេល​មក​ដល់​រាជធានី​ភ្នំពេញ​ដំបូង ​លោក​បានជួប​​ស្រ្តី​ជនជាតិ​អង់គ្លេស​ម្នាក់​​ឈ្មោះ​ម៉ារី ​ដែល​​ជា​ប្រធាន​សមា​គម​​រចនា។ សមាគម​​នោះ​ផ្ដល់ការ​​ចិញ្ចឹម​ថែទាំ​ក្មេងៗ​កំព្រា​​និង​យុវជន ​ដែល​គ្មាន​ការងារ​ធ្វើ​ជាច្រើន​នាក់​ ដោយ​​បង្ហាត់​បង្រៀន​ជំនាញ​កែច្នៃដោយដៃ​​​ប្រែក្លាយ​​កាក​សំណល់​គ្មាន​តម្លៃ​​​​ទៅជា​វត្ថុ​​​​សិល្បៈ​​។

លោក​បាន​បន្តថា ​​ក្រោយមក​ អ្នកស្រី​ ម៉ារី​បានលា​ឈប់​ពី​ដំណែង​ជា​ប្រធាន​សមាគម​ និង​បានបើក​ហាង​កែច្នៃ​គ្រឿង​អលង្ការ​មួយ​កន្លែង​នៅ​ឯ​​ខេត្តសៀមរាប​ដោយ​​នាំ​យក​រូប​លោក​ទៅធ្វើ​ជាមេជាង​នៅ​ហាង​នោះផង​​​ដែរ។​

ក្រោយពី​លោក​​​បម្រើ​ការងារ​នៅ​ហាង​របស់​អ្នកស្រី​ម៉ារី ​បាន​ជាង​មួយ​ឆ្នាំ ​គឺ​នៅ​ដើម​ឆ្នាំ ២០១៦ ​លោក​ក៏​សម្រេច​ចិត្ត​ចេញ​មក​ធ្វើ​អាជីវកម្ម​ខ្លួន​ឯងវិញ​ម្ដងតាម​រយៈ​ការ​ដាក់​ឈ្មោះហាង​​​នោះថា​ «ជីវិតថ្មី» ​ ។

លោកបានបញ្ជាក់ថា៖ «សិប្បកម្ម​ខ្ញុំ​ធ្វើ​របស់​អ្វី​មួយ​ឱ្យ​ប្លែក​និង​មាន​ទម្រង់​ជា​ខ្មែរ​ទាំង​អស់ ដោយ​ខ្ញុំ​​បា​ន​រចនាតាម​បែប​ប្រាសាទ​អង្គរវត្ត​ផ្ការំដួល ​ប៉ុន្តែ​បែប​អឺរ៉ុប​​ក៏​ខ្ញុំ​ចេះ​ដូចគ្នា​ដែរ​​ឱ្យតែ​ភ្ញៀវ​ចង់​បាន​ម៉ូដ​អី​ក៏​បាន​ដែរ»។

​សិប្បកម្ម​របស់​លោក​បានផលិត​ជារបស់​តាក់តែងកាយ​​​ដូចជា​ចិញ្ចៀន ​កងដៃ ​ក្រវិល ​បន្តោង​ខ្សែក ​កងក កន្លាស់​អាវ​និង​គ្រឿង​អលង្ការ​ផ្សេងៗ​ទៀត ក្នុង​​តម្លៃ​​លក់​ចាប់ពី ​១០ ដុល្លារ​រហូត​ដល់ ​៣៥​ដុល្លារ។​

លោក​បាន​ប្រមូល​ទិញសម្បក​​គ្រាប់​កាំភ្លើង​​​ពី​បន្ទាយ​យោធា​​​​កន្លែង​បាញ់​ស៊ីប​នៅ​ក្រុង​សៀមរាប ​និង​តាម​ទីកន្លែង​លក់​អេត​ចាយ​។

គ្រា​ដំបូង​នៃ​ការ​ស្វែង​រកវត្ថុធាតុដើម លោកឡេង បាន​រំឭក​ប្រាប់ថា​៖ «ខ្ញុំ​ទៅ​កន្លែង​បន្ទាយ​ទាហាន​ដំបូង​ ខ្ញុំ​សុំ​ទិញ​គាត់​ហើយ​គាត់​សួរថា ​អូន​ឯង​ទិញ​យកទៅ​ធ្វើ​អី?​ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​សុំ​ទិញ​តែ​សម្បក​គ្រាប់ ​ខ្ញុំ​មិន​ទិញ​គ្រាប់​កាំភ្លើង​ទេ​ខ្ញុំ​ពន្យល់​ពី​គោល​បំណង​ទើប​គាត់​លក់​ឱ្យ​ខ្ញុំ»។

​សម្បក​គ្រាប់​កាំភ្លើង ដែល​លោក​ប្រមូល​មក​បាន​​ត្រូវ​​​កាត់​ផ្នែកគូថមាន​ផ្ទុក​​ជាតិ​ដែក​​​ចេញ​ ទើប​អាច​ស្ល​រំលាយយក​ទៅ​​​​កែច្នៃ​​​តាម​ទំហំ​នៃ​គ្រឿង​អលង្ការ​មួយៗ​ឬ​តាម​ការ​កុម្ម៉ង់​​ទិញ​​របស់​អតិថិជន។

​​ក្នុង​មួយ​ខែៗ​លោក​ត្រូវការ​គ្រាប់​កាំភ្លើង​ដែល​ដុត​រំលាយ​រួច​​ក្នុងបរិមាណ​ចន្លោះ​ពី​ ៣០គីឡូក្រាម ​រហូត​ដល់​ ១០០ គីឡូក្រាម ​ដើម្បី​យកមក​កែច្នៃ​គ្រឿង​អលង្ការ។

ស្នាដៃ​គ្រឿង​អលង្ការ​កែច្នៃ​ពីសម្បក​​គ្រាប់​កាំភ្លើង​នេះ​ក៏​មាន​ដាក់​លក់​នៅតំបន់​​ផាប់ស្ទ្រីត​ ​ផ្សារ​ទំនើប ​តាម​ហាង ​បណ្ដា​ខេត្តមួយចំនួនតាម​ប្រព័ន្ធ​អនឡាញ​ ​និងទីផ្សារក្រៅ​ប្រទេស​​ដូចជា ​អាមេរិក ​និង​ ​អង់គ្លេស​ផង​ដែរ។​

លោក​ ឡេង បន្ថែម​ថា ​លោកក៏​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាបផងដែរ។

ខណៈដែលអាជីវកម្ម​ទទួល​​បាន​ផ្លែ​ផ្កា​សិប្បករ​ដែលមាន​សាវតា​ពី​គ្រួសារ​ទីទ័ល ក៏​​ប្រកាន់នូវ​ឆន្ទៈ​​ចង់​បណ្ដុះបណ្ដាល​​យុវជននិង​ក្មេង​ស្រករ​ក្រោយ​ឱ្យដើរ​តាម​គន្លង​​របស់លោក​ផងដែរ​ទើប​លោក​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត។

លោក ឡេង គ្រោង​នឹង​​ផ្ទេរចំណេះ​ជំនាញ​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ​តាមរយៈ​ការ​ស្វែងរក​​ដៃគូ​សហការ​ជា​អង្គការ​ក្មេង​កំព្រា​​ ឬ​សប្បុរសជន ដែល​អាច​ផ្តល់​ជាឧបករណ៍​កែច្នៃ​ហើយរូប​​លោក​នឹង​ខិតខំ​បង្រៀន​ជំនាញ​កែច្នៃ​អលង្ការ​ពី​សម្បក​គ្រាប់កាំភ្លើង​នេះ​​។

​សិប្បកម្មកែច្នៃគ្រាប់កាំភ្លើង «ជីវិតថ្មី» មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់គ្រួស ខេត្តសៀមរាប។ ព័ត៌មានបន្ថែមពីសិប្បកម្មកែច្នៃគ្រាប់កាំភ្លើង«ជីវិតថ្មី» អាច​ទំនាក់ទំនងតាម​ទូរសព្ទលេខ០៩៦ ៥៣៩ ២២៨៣៕

អត្ថបទពេញនិយម

វិធីធ្វើម៉ាសបិទមុខ ផ្សំពីត្រសក់តាមបែបធម្មជាតិ

ទាំងស្អាត ទាំងក្លាហាន នារីខ្មែរវ័យក្មេង បម្រើការជាអ្នកជ្រមុជទឹកដោះមីនការពារជីវិតប្រជាជន

វិធីសាស្រ្តចំនួន ៥ ទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមនៅរដូវវស្សា

តើតារាចម្រៀងរូបណា ដែលពេញនិយមជាងគេសម្រាប់ក្រុមអាយុ Gen-Z

តើការត្រាំទឹកក្តៅនៅទេទឹកពុះ អាចព្យាបាលជំងឺពិតមែនឬទេ?