
ភ្នំពេញៈ ផ្តើមចេញពីការចងចាំរឿងរ៉ាវពីកុមារភាព និងយកមកផលិតជាវីដេអូ យុវជន ចៅធាន ទិញ បានត្រួសត្រាយផ្លូវជីវិតរបស់ខ្លួន ក្លាយជាអ្នកផលិតមាតិកាដ៏ល្បីមួយរូបតាមបណ្តាញសង្គម ដែលមានអ្នកទស្សនាច្រើនលានដង និងមានអ្នកគាំទ្រជិត 500K លើហ្វេសប៊ុក។
អ្នកផលិតមាតិកាប្រវត្តិសាស្ត្រ ចៅធាន ទិញ បានឱ្យដឹងពីមូលហេតុនៃការធ្វើវីដេអូនេះថា លោកបំណងចង់ឱ្យខ្លួនឯងមានសំឡេងនៅក្នុងសង្គម ព្រោះនៅពេលដែលមហាជនបានស្គាល់រូបលោកនោះហើយគឺជាឱកាសមួយ ដែលងាយស្រួលឱ្យលោកធ្វើការចែករំលែក ឬសាបព្រួសនូវរឿងដែលមានប្រយោជន៍ជាច្រើន ឱ្យប្រជាពលរដ្ឋបានដឹង ជាពិសេសការជម្រុញលើកទឹកចិត្ត និងការជួយឲ្យពួកគាត់ រឹតតែស្រឡាញ់ និងគាំទ្រលើកស្ទួយអ្នកបង្កើតមាតិកាល្អៗក្រោយទៀត។
យុវជនវ័យ ២៤ឆ្នាំរូបនេះ បានរៀបរាប់ថា រូបគេបានចាប់ផ្តើមផលិតវីដេអូដំបូងនៅអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលស្នាដៃដំបូងទាក់ទងនឹងរឿងចោរប្លន់ដ៏សាហាវឃោរឃៅ ស្ថិតនៅក្រុងប៉ោយប៉ែតដែលត្រឹមរយៈពេល ២ ថ្ងៃ វីដេអូសមិទ្ធិផលដំបូងនេះ មានអ្នកទស្សនារហូតដល់ ៣.៨លានដង។
អ្នកផលិតមាតិការូបនេះ ប្រាប់សារព័ត៌មាន SR News ពីអារម្មណ៍យ៉ាងដូច្នេះថា៖ «ពេលនោះខ្ញុំមិនសូវជារំភើបទេ ដោយសារខ្ញុំគិតថាវាជារឿងចៃដន្យ! តែនៅពេលវីដេអូទី២ បានប៉ុស្តិ៍ឡើងបន្ដលើហ្វេសប៊ុក មានអ្នកមើល ២.៥លានដងក្នុងមួយថ្ងៃ ពេលនោះហើយ ខ្ញុំរំភើបខ្លាំងណាស់ ហើយជាក៏ជាពេលដែលខ្ញុំទទួលស្គាល់ថា ខ្ញុំនឹងមានសំឡេងនៅក្នុងបណ្ដាញសង្គម»។
បន្ទាប់ពីនោះមក ធាន ទិញបានផលិតវីដេអូជាច្រើន ដែលនិយាយទាក់ទងនឹងការចងចាំរបស់ខ្លួនជាមួយនឹងក្រុមគ្រួសារ ស្រុកកំណើត និងការចងចាំពីកុមារភាព រហូតដល់វេលាមួយបុរសដែលមានដើមកំណើតនៅក្រុងបោយប៉ែតនេះ បានងាកមកផលិតវីដេអូផ្សេងៗដូចជាចំណេះដឹង ប្រវត្តិសាស្ត្រពិភពលោក ជាពិសេសប្រវត្តិសាស្ត្រខ្មែរ។
«ការដែលខ្ញុំងាកមកផលិតវីដេអូប្រវត្តិសាស្ត្រខ្មែរ ខ្ញុំជឿថានៅពេលសង្គមជាតិមួយបានស្គាល់ បានដឹងបានយល់ពីប្រវត្តិសាស្ដ្ររបស់ខ្លួន វាគឺជារឿងល្អខ្លាំង។ ការសិក្សាប្រវត្តិសាស្ត្រ គឺបីដូចជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវកំហុសពីអតីតកាល ដើម្បីឲ្យយើងអាចគេចផុតពីការជាន់ដាននៃកង់ប្រវត្តិសាស្ត្រដែលបម្រុងនឹងកើតឡើង ហើយទាញយករាល់ចំណុចវិជ្ជមាននៃប្រវត្តិសាស្ត្រមកនោះអនុវត្តន៍នាពេលបច្ចុប្បន្នភាព នៃជីវិតមនុស្សផងដែរ»។ នេះបើតាមការលើកឡើងរបស់យុវជន ធាន ទិញ
គិតមកដល់ពេលនេះ អ្នកផលិតមាតិការូបនេះ បានផលិតវីដរអូសរុបបានចំនួន ៨៥ វីដេអូ នៅលើផេកហ្វេសប៊ុកឈ្មោះ Thean Tinh និងមានអ្នកតាមដានរហូត ៤៨៦K ហើយអ្នកតាមដានទាំងនោះ តែងតែលើកសរសើរពីការនិយាយ ការកាត់តរូបភាព និងការគាស់កកាយនូវរឿងរ៉ាវប្រវត្តិសាស្ត្ររបស់យុវជនមួយរូបនេះ។
ធាន ទិញ បញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្តដែលរាល់ការចែករំលែករបស់ខ្ញុំគឺមានប្រយោជន៍កាន់អ្នកស្ដាប់ មិនថាជាប្រវត្តិសាស្ដ្រ ចំណេះដឹងសកល ឬអតីតកាល ហើយគ្មានអ្វីក្រៅពីសប្បាយចិត្តនិងរំភើបទេ ព្រោះមើលឃើញខ្លួនឯងរឹតតែមានតម្លៃសម្រាប់សង្គមជាតិ ដែលកំពុងត្រូវការយុវជនបែបនោះ»។
បន្ថែមពីការផលិតវីដេអូចែករំលែកលើកញ្ចក់ទូរស័ព្ទនិងកុំព្យូទ័រ យុវជនរូបនេះ ក៏មានឱកាសបាន ធ្វើការចែករំលែកពីចំណេះដឹង និងបទពិសោធន៍ល្អៗទៅដល់យុវជនជំនាន់ក្រោយ តាមកម្មវិធីនានាដែលនេះអាចចាត់ទុកជាលទ្ធផលថ្មីមួយទៀតក្នុងការបង្កើនសំឡេងរបស់ខ្លួនក្នុងសង្គម។
សម្រាប់ពេលខាងមុខនេះ យុវជន ចៅធាន ទិញ នឹងបន្តការសិក្សាផ្នែក Creative Media រយៈពេល ៦ ខែ នៅសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍខ្លួនបន្ថែមក្នុងការផលិតមាតិកានេះឱ្យគុណភាព ទាំងបច្ចេកទេស ក៏ដូចជាគំនិតក្នុងការទាក់ទាញអ្នកទស្សនា៕