លោក Pavel Durov ស្ថាបនិកក្រុមហ៊ុន Telegram ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Le Bourget ក្នុងប្រទេសបារាំង កាលពីថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៤ ដែលដំណឺងនេះ បានធ្វើឱ្យមានការ ភ្ញាក់ផ្អើល ជាខ្លាំងនិងធ្វើឱ្យមានការព្រួយបារម្ភ ចំពោះអ្នកប្រើប្រាស់នៃកម្មវិធី Telegram និងសហគមន៍ បច្ចេកវិទ្យាជាច្រើនផ្សេងទៀត។
ការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុន Telegram នេះវាបានបង្ហាញពីសញ្ញានៃអនាគតរបស់ Telegram ស្ថិតនៅក្នុងភាពមិនប្រាកដប្រជាប៉ុន្តែក្រុមហ៊ុនបានធានាចំពោះអ្នកប្រើប្រាស់ថា វានឹងបន្តដំណើរ ការដូចធម្មតា។
យោងតាម Sky News បានចេញផ្សាយថាការចាប់ខ្លួននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram អាចនាំឱ្យមានការបង្កើននូវការត្រួតពិនិត្យនិងការផ្លាស់ប្តូរបទប្បញ្ញត្តិខ្លះៗនៅក្នុងក្រុមហ៊ុនមួយនេះ។ ចំណែក Edward Snowden ដែលជាអ្នកតស៊ូមតិផ្នែកឯកជនដ៏លេចធ្លោមួយរូបបានសម្តែងការព្រួយបារម្ភរបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយហៅការចាប់ខ្លួន Durov ថាជាការរំលោភលើសិទ្ធិមនុស្សក្នុងការបញ្ចេញមិតិ។
ងាកមកមើលការបញ្ចេញមតិរបស់លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla នៅលើបណ្តាញសង្គមX បានសសេរថា៖ «វាជាឆ្នាំ 2030 នៅអឺរ៉ុប ហើយអ្នកកំពុងត្រូវបានប្រហារជីវិត ដោយសារការចូលចិត្ត meme»។
តើអ្នកប្រើប្រាស់Telegram គួរធ្វើការBackup ទិន្នន័យរបស់ពួកគេដែរឬទេ?
ក្នុងកំឡុងពេលនៃការចាប់ខ្លួនស្ថាបនិករបស់Telegram នេះផងដែរអ្នកប្រើប្រាស់ទាំងអស់នៅតែអាច បន្តប្រើប្រាស់កម្មវិធី Telegram ដោយមិនមានការផ្លាស់ប្តូរ ឬប៉ះបាល់អ្វីឡើយ។ តែទោះជាយ៉ាងណាក៏ដោយវាជារឿងសំខាន់ក្នុងការតាមដាននៃការជូនដំណឹងអំពីការអាប់ដេតឬការផ្លាស់ប្តូរគោលការណ៍របស់ក្រុមហ៊ុន។
តាមស្ថានភាពបច្ចុប្បន្នអ្នកជំនាញបានណែនាំថា អ្នកប្រើប្រាស់ Telegramគួរតែធ្វើការ Backup ទិន្នន័យរបស់ពួកគេ។
លោកPranesh Prakash អ្នកស្រាវជ្រាវគោលនយោបាយបច្ចេកវិទ្យាព័ត៌មាន ដែលមានទំនាក់ទំនងជាមួយគម្រោងសង្គមរបស់សាលាច្បាប់ Yale បាននិយាយនៅក្នុងវីដេអូព័ត៌មានរបស់NDTV ថា "វាជាការល្អបំផុតក្នុងការ Backup ទុកនៅទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់ ជាពិសេសនៅពេលដែលមានភាពមិនច្បាស់លាស់ណាមួយបានកើតឡើងនៅលើកម្មវិធី"។
យោងតាមគេហទំព័រtelegram.org របស់ក្រុមហ៊ុន Telegram បានផ្តល់នូវវិធីសាស្ត្រជាច្រើនក្នុងការBackup ទិន្នន័យ រួមទាំងការ Backup ទុកនៅchat history និងឯកសារផ្សេងៗទៅកាន់កន្លែងផ្ទុកទិន្នន័យផ្សេងទៀត ឬអាចរក្សាទុកនៅលើ cloud ក៏បាន ។
ការBackup ទុកទិន្នន័យទាំងនោះត្រូវបានធានាថាអ្នកប្រើប្រាស់អាចរក្សាសិទ្ធិចូលមើលការសន្ទនានិងឯកសារផ្សេងៗទៀតរបស់ពួកគេបានទោះបីជាកម្មវិធីដែលគេប្រើប្រាប់មានបញ្ហាក៏ដោយ។
លោកPrakash បន្ថែមថា៖«ទោះបីជា Telegram រក្សាទុកទិន្នន័យនៅលើcloud ដែលមានសុវត្ថិភាព ក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់គួរតែ Backup ទិន្នន័យផ្ទាល់ខ្លួននៅកន្លែងណាដែលសុវត្ថិភាពបន្ថែមទៀត ពីលើ Cloud របស់តេលេក្រាម»៕