កំពង់ចាម:ដើម្បីផលិតចង្កឹះឫស្សីដែលជារបស់ប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃស្ដ្រីខ្មែរម្នាក់បានចំណាយប្រាក់កាស និងពេលវេលាដំណើរការសិប្បកម្មមួយដែលផ្ដល់ចំណូលដល់ប្រជាពលរដ្ឋក៏ដូចជាលើកស្ទួយការដាំដើមឫស្សី។
ផ្ដើមចេញពីគោលបំណងចូលរួមចំណែកក្នុងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាងនិងគោលដៅផ្ដល់ការងារឲ្យប្រជាជនស្ថាបនិកសិប្បកម្មផលិតចង្កឹះឫស្សីខ្មែរ អ្នកស្រីហ័រ ដាណា បានចាប់ផ្ដើមផលិតចង្កឹះនេះឡើង ក្រោយពីសម្គាល់ឃើញថា កម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមស្រាប់ជាពិសេស ដើមឫស្សីដែលមានដាំនៅទឹកដីប្រទេសមួយនេះស្ទើរតែគ្រប់ទីកន្លែង។
អ្នកស្រី ដាណាបានបញ្ជាក់ប្រាប់សារព័ត៌មាន SR News យ៉ាងដូច្នេះថា៖«សិប្បកម្មនេះបង្កើតឡើងនៅឆ្នាំ២០២២ដើម្បីជួយទិញដើមឫស្សីពីប្រជាកសិករនិងកែច្នៃដើមឫស្សីទៅជារបស់ប្រើប្រាស់កាត់បន្ថយការនាំចូលចង្កឹះពីប្រទេសជិតខាង»។
ស្ថាបនិកសិប្បកម្មសម្លឹងឃើញតម្រូវការទីផ្សារចង្កឹះឫស្សីដើម្បីផ្គត់ផ្គង់ឧស្សាហកម្មភោជនីយដ្ឋានម្ហូបអាហារនិងការដឹកជញ្ជូនដែលកើនឡើងជារៀងរាល់ថ្ងៃ។
អ្នកស្រីបាននិយាយថា៖«នាពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគតចង្កឹះនឹងពេញនិយមប្រើប្រាស់ច្រើន ជាពិសេសប្រើសម្រាប់ការវេចខ្ចប់អាហារ»។
សិប្បកម្មរបស់អ្នកស្រីមិនត្រឹមតែរួមចំណែកកាត់បន្ថយការនាំចូលប៉ុណ្ណោះទេក្នុងដំណាក់កាលផលិតថែមទាំងគិតគូរដល់សុខភាពអ្នកប្រើប្រាស់ថែមទៀត។
អ្នកស្រី ដាណា បានរៀបរាប់ថា៖«យើងត្រូវប្រមូលដើមឫស្សីយកមកពុះជាចម្រៀកៗដោយគ្រឿងម៉ាស៊ីន និងកាត់ជាកង់ៗទៅតាមខ្នាតដែលចង់បាន រួចរំលីងឲ្យស្អាត ទើបយកទៅស្ងួតក្នុងឡដើម្បីកុំឲ្យមេស៊ី និង ទុកបាន យូរ ដោយមិនប្រើ សារធាតុរក្សាទុកនោះទេដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់»។
ទន្ទឹមនឹងទទួលបានជោគជ័យក្នុងការផលិតចង្កឹះអនាម័យស្ត្រីវ័យ៤២ឆ្នាំរូបនេះក៏ត្រូវជម្នះនឹងការប្រឈមកង្វះបច្ចេកទេសដោយទីមួយ អ្នកស្រីត្រូវរៀនពីការផលិតនៅប្រទេសជិតខាង។ ទីពីរ ការប្រើប្រាស់ម៉ាស៊ីននាំចូលមានតម្លៃថ្លៃនិងទី៣ សិប្បកម្មត្រូវប្រកួតប្រជែងជាមួយចង្កឹះនាំចូលពីប្រទេសជិតខាងដែលមានតម្លៃធូរថ្លៃជាងផលិតផលក្នុងស្រុក។
ទោះយ៉ាងណាក្ដី អ្វីដែលជាមោទនភាពនោះគឺសិប្បកម្មចង្កឹះឫស្សីខ្មែរបានរួមចំណែកជួយង្កើតចំណូលដល់ប្រជាកសិករ តាមរយៈការជួលអ្នកដឹក អ្នកកាប់ឫស្សី និងការប្រមូលទិញដើមឫស្សីពីក្នុងសហគមន៍ដែលមានស្រាប់។តម្លៃឫស្សីទាំងការកាប់ និងការដឹកទៅតាមដើមតូច និង ធំ ចន្លោះពី ៣000 ទៅ៤៥00៛។
ទន្ទឹមនឹងនេះ អ្នកស្រីដាណា ក៏អំពាវនាវរកដៃគូក្នុងការផ្គត់ផ្គង់កម្ទេចឫស្សីផងដែរ។
សព្វថ្ងៃនេះសិប្បកម្មចង្កឹះឫស្សីខ្មែរមានចង្កឹះចំនួន ២ខ្នាត។ សម្រាប់លក់រាយ ខ្នាតវែង ២១ សង់ទីម៉ែត្រ ១បេ មាន ៤០ដុំ មួយដុំមាន ៤០ គូ តម្លៃ ៥៥000រៀលនិងខ្នាតខ្លីប្រវែង១៩ សង់ទីម៉ែត្រ មួយបេ មាន ៤០ដុំ មួយដុំ មាន ២៣គូ ក្នុងតម្លៃ២៧០០០រៀល។
ក្រៅពីតម្លៃលក់រាយអ្នកស្រី ដាណា ក៏មានជាតម្លៃបោះដុំផងដែរដោយតម្លៃខ្នាតខ្លី ៣០បេ ឡើង តម្លៃ២១០០០រៀលក្នុងមួយបេនិង ខ្នាតវែង ២0 បេ ឡើង មានតម្លៃ ៤៤០០០ រៀល ក្នុងមួយបេ។
ចង្កឹះឫស្សីខ្មែរមានដាក់លក់នៅតាមបណ្ដាផ្សារទំនើបដូចជា ឡាក់គី ជីបម៉ុង អ៊ីអន សែនសុខ និងមាននៅ តាមតូបលក់គ្រឿងជ័រ។ អ្នកស្រីដាណា ក៏មានសេវាផ្ញើទៅគ្រប់ខេត្តក្រុងផងដែរ។
អតិថិជនដែលបានជាវយកទៅប្រើប្រាស់រួចហើយពួកគាត់មានការគាំទ្រខ្លាំងដោយសារចង្កឹះមានគុណភាពល្អ ទុកបានយូរនិងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ព័ត៌មានបន្ថែមពីចង្កឹះឫស្សីខ្មែរ នេះ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុក Khmer Chopstick (ចង្កឹះឫស្សីខ្មែរ)ទំនាក់ទំនងទូរសព្ទលេខ០៩៦ ៣២៣ ៣៩៥២៕