ភ្នំពេញៈ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺស្ថិតក្នុងបញ្ជីជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតនៅអាស៊ី (Top Attractions – Asia) ក្នុងឆ្នាំ២០២៤ លើគេហទំព័រ ទេសចរណ៍ដ៏ល្បី Tripadvisor ដោយបានទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោកមកស្វែងយល់ពីរឿងរ៉ាវអតីតកាលដ៏ខ្មៅងងឹតក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងសិក្សាស្វែងយល់ពីសំណង់អគារនៃសារមន្ទីដែលនៅតែរក្សាទ្រង់ទ្រាយដ៏យូរអង្វែង។
មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានរក្សាទុកនូវភស្តុតាងសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងគោលបំណងលើកទឹកចិត្តភ្ញៀវ ទេសចរណ៍ឱ្យក្លាយជាអ្នកនាំសារសន្តិភាព។
ដើមឡើយទីតាំងប្រវត្តិសាស្ត្រមួយនេះជាវិទ្យាល័យទួលស្លែង (ហៅម្យ៉ាងទៀតថា ស-២១)ត្រូវបានខ្មែរក្រហមប្តូរទៅជាគុក និងមជ្ឈមណ្ឌលសួរចម្លើយដោយខ្មែរក្រហមក្នុងឆ្នាំ1975។ ក្នុងអំឡុងពេលនោះ មនុស្សប្រហែល ១៥.០០០ ទៅ២០.០០០នាក់ ត្រូវបានចាប់ដាក់គុក ធ្វើទារុណកម្ម និងសម្លាប់នៅទីនោះ។ លុះឆ្នាំ១៩៧៩ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ទីតាំងនេះត្រូវបានប្រែក្លាយទៅជាសារមន្ទីរ។
នៅឆ្នាំ ២០០៩បណ្ណសារសារមន្ទីរទួលស្លែងត្រូវបានដាក់ក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូគឺជាជំហានដ៏សំខាន់មួយ ក្នុងការទទួលស្គាល់ជាសាកល នៃប្រវត្តិសាស្ត្រសោកនាដកម្មរបស់កម្ពុជា។ ការទទួលស្គាល់នេះបានជួយធានាបាននូវមូលនិធិសម្រាប់ការរក្សា ទុកឯកសារ រូបថត និងសក្ខីកម្ម ដោយធានាថាការចងចាំរបស់ជនរងគ្រោះ ដែលមិនត្រូវបាន បំភ្លេចចោលឡើយ។
មូលហេតុខាងលើនេះហើយបានធ្វើឱ្យសារមន្ទីទួលស្លែង ក្លាយជាទីទាក់ទាញ ទាំងអ្នកប្រាជ្ញ ប្រវត្តិវិទូនិងអ្នកទេសចរនានាជុំវិញពិភពលោក ដែលចាប់អារម្មណ៍ក្នុងការស្វែងយល់ពីជំពូកដ៏ងងឹតអន្ធកាលនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ។
អ្នកទេសចរបរទេសដែលមានគណនីឈ្មោះ CycleTime បានសរសេរសំណេរដ៏សោកសៅ លើហទំព័រ Tripadvisorថា ៖ «ការទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងគឺជាកត្តាចាំបាច់នៅពេល ដែលអ្នកធ្វើដំនើរកម្សាន្តនៅទីក្រុងភ្នំពេញ។វាជាបទពិសោធន៍ដ៏សោកសៅមួយយ៉ាងពិតប្រាកដនិងធ្វឱ្យអ្នកចង់យំក្នុងពេលតំណាលគ្នានោះ។ វាពិតជាមិននឹកស្មានដល់នូវអ្វីដែលមនុស្ស បានស៊ូទ្រាំនៅក្នុងគុក។ ការដើរលេងក្នុងពន្ធនាគារគឺជាបទពិសោធន៍សិក្សាមួយ ដែលសង្ឃឹមថានឹងជួយទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឱ្យកើតមានឡើងម្តងទៀត»។
ចំណែកគណនីមួយទៀតឈ្មោះ Drccruns បានរៀបរាប់ពីអារម្មណ៍ពេលទស្សនានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងថា៖ « សារមន្ទីរប្រល័យពូជសាសន៍កម្ពុជាក្នុងទីក្រុងភ្នំពេញបានធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ ខុសពីសារមន្ទីរផ្សេងៗជាខ្លាំងព្រោះសារមន្ទីរនេះមានទីតាំងនៅក្នុងអតីតសាលារៀន ដែលប្រែក្លាយទៅជាគុក។សារមន្ទីរនេះគឺជាការរំឮកយ៉ាងច្បាស់អំពីអំពើឃោរឃៅដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។អគារទាំងនោះត្រូវបានសម្គាល់យ៉ាងល្អិតល្អន់ ជាមួយនឹងវត្ថុបុរាណសំខាន់ៗដែលបង្ហាញពីភាព ភ័យរន្ធត់នៃសម័យងងឹតនោះ។
គណនីនេះសរសេររៀបរាប់បន្តថា៖«សារមន្ទីរក៏ផ្តល់ជាកាសស្តាប់សម្រាប់អ្នកទេសចរមាន ជាច្រើន ភាសាដើម្បីបង្កើនបទពិសោធន៍ជាមួយនឹងការពន្យល់លម្អិត និងរឿងផ្ទាល់ខ្លួន។មកទស្សនាពេល ព្រឹកព្រលឹម ដល់ពេលថ្ងៃរសៀល អ្នកមិនបារម្ភពីកំដៅថ្ងៃឡើយព្រោះមានដើមឈើដែលតម្រង់ ជួរក្នុងទីធ្លាបានផ្តល់ជាម្លប់ពីកំដៅថ្ងៃយ៉ាងត្រជាក់ល្ហឹម។ សារមន្ទីរនេះគឺជាសារមន្ទីរដែលទេសចរ ត្រូវតែទស្សនា ជាពិសេសអ្នកចាប់អារម្មណ៍ចង់ស្វែងយល់ពីអតីតកាលរបស់ប្រទេសកម្ពុជា។វាឈរជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដ៏មានឥទ្ធិពលនិងជាសក្ខីភាពមួយចំពោះការតស៊ូនៃអ្នកដែលបាន រួចរស់មានជីវិត»។
ទីតាំងសារមន្ទីរជាប្រវត្តិសាស្ត្រនិងជាការចងចាំនេះ នៅតែជាកន្លែងដ៏ពេញនិយមបំផុត នៅអាស៊ីដោយផ្តល់នូវការទស្សនា ការអប់រំ ការចងចាំនូវអំពើដ៏ឃោឃៅដែលមនុស្សជាតិស្អប់ខ្ពើម ដោយនាំមកវិញនូវក្តីស្រឡាញ់និងការរក្សាបាននូវសន្តិភាព៕