ពោធិ៍សាត់ៈ ភ្នំព្រះ ឬខ្នងព្រះអង្គគឺជាទីតាំងធម្មជាតិមួយដ៏ស្រស់ស្អាត កំពុងសង្ងំលាក់ខ្លួនកណ្តាលជ្រលងគិរីបុព្វតា ដែលទេសចរអាចបោះតង់សម្រាកលម្ហែកាយស្រូបខ្យល់ធម្មជាតិ គយគន់ទេសភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងស្អាតក្រៃលែងនិងបានមើលហ្វូងតារារយពាន់បង្អួតខ្លួនលើមេឃាពីវាលដ៏ធំល្វឹងល្វើយនេះ។
ភ្នំព្រះ មានកម្ពស់ប្រមាណ ១៥០០ម៉ែត្របើធៀបនឹងនីវ៉ូទឹកសមុទ្រ ហើយភ្ញៀវទេសចរដែលមានបំណងចង់ទៅកម្សាន្តអាចទៅកាន់សហគមន៍ម៉ុងរី ឬទៅកាន់ចំណុចឡើងភ្នំបានដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៥៥ ឆ្លងកាត់ផ្លូវបុប្ផាលាក់ខ្លួនឬផ្លូវអន្ទង់អាំង ដល់ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៥២-១៥៣។សម្រាប់ការធ្វើដំណើរថ្មើជើងទៅកាន់គោលដៅទេសចរមួយនេះ គឺអាស្រ័យទៅលើអ្នកដំណើរ និងតាមរដូវកាល តួយ៉ាងបើក្នុងរដូវប្រាំងអ្នកដំណើរអាចទៅដល់គោលដៅឆាប់ តែបើនៅក្នុងរដូវវស្សាអាចចំណាយរយៈពេលយូរដោយត្រូវសម្រាកតាមផ្លូវ១យប់ ទើបដល់គោលដៅ ហើយបើគិតជាចម្ងាយប្រមាណ៧ទៅ៨គីឡូម៉ែត្រ ពីជើងភ្នំដល់កំពូលភ្នំ។
លោក យេន គឹមហូយ អ្នកនាំភ្ញៀវទៅភ្នំព្រះឬខ្នងព្រះអង្គ បានឱ្យដឹងថា ទីតាំងទេសចរណ៍លាក់ខ្លួននេះចាប់ផ្តើមល្បីសុះសាយប្រមាណ២ ទៅ ៣ឆ្នាំចុងក្រោយនេះដោយសារតែតំបន់ធម្មជាតិនេះ មានទេសភាពស្រស់ស្អាតឥតឧបមដូចជាវាលធំល្វឹងល្វើយក្រាលក្របដោយស្មៅ មានរុក្ខជាតិតូចធំពណ៌ខៀវខ្ចីជួរភ្នំជាច្រើនតម្រៀបគ្នាច្រើនជាន់ថ្នាក់ ជ្រោះជ្រលងដងអូរ ផ្ទាំងថ្មបរិយាកាសល្អបរិសុទ្ធ សម្បូរបក្សាបក្សី និងមានជីវៈចម្រុះជាច្រើនអនេកជាពិសេសអាចមើលឃើញ ទេសភាពជុំវិញតែម្តង ទាំងផ្នែកនៃខេត្តពោធិ៍សាត់និងខេត្តសមុទ្ររបស់ប្រទេសថៃផងដែរ។
លោក គឹមហូយ បន្តថាសម្រស់ធម្មជាតិដ៏ល្អឯកនៅខ្នងព្រះអង្គ គឺស្រស់ស្អាតគ្រប់រដូវកាលតួយ៉ាងរដូវ ប្រាំង ទីកម្សាន្តនេះ កា្លយទៅជាវាលមាសដ៏ស្រស់ប្លែកភ្នែកមានអាកាសធាតុល្អ ចំណែករដូវវស្សាសន្សើមទឹកភ្លៀងនឹងប្រស់ឱ្យធម្មជាតិប្រែរូបក្លាយជាពណ៌បៃតងខ្ចីជាពិសេសផ្សែងអ័ព្ទ អណ្តែត មកប៉ះកាយ ចុះប្រឡែងលេងជាមួយធម្មជាតិនៅទីនេះចំណែករដូវរងា ស្បៃពពករសាត់ជុំវិញ ខ្លួនយើងយ៉ាងត្រជាក់ស្រួលខ្លួនសីតុណ្ហភាពអាចស្ថិតនៅក្នុងរង្វង់១០អង្សាសេ អមជាមួយជំនោរធ្លាក់ខ្យល់កក្តិក ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងបាត់អស់នូវទុក្ខកង្វល់។
ក្រៅពីមានធម្មជាតិដ៏ស្រស់បំព្រងភ្នំខ្នងព្រះអង្គ ក៏មានប្រវិត្តទាក់ទងនឹងប្រវិត្តសាស្ត្រផងដែរព្រោះទីនេះជាកន្លែងទីសក្ការៈពីសម័យបុរាណ ដែលមានរូបគំនូរព្រះពុទ្ធសាសនានិងរូបគំនូរពាក់ព័ន្ធ
នឹងព្រះពុទ្ធសាសនាលើកកំរាលថ្មនិងអាចជាកន្លែងដែលមើលតារាសាស្ត្រជាដើម។នេះបើតាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់តាមរយៈហ្វេសប៊ុកផេកផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំភ្ញៀវ គឹមហូយ បានឱ្យដឹងទៀតថាសម្រាប់អ្នកដែលមានបំណងទៅកម្សាន្តនៅតំបន់នេះ គួរតែទៅលេងរយៈពេល ៣ ទៅ៤ថ្ងៃ ព្រោះអាចទៅលេងនៅកន្លែងផ្សេងៗទៀត ដូចជា វាលចាប់អណ្តើកជាដើមដែលមានទេសភាពស្អាតប្លែកមួយបែប។ ទីតាំងទេសចរបែបផ្សងព្រេងដ៏ ស្រស់ស្អាតនេះមានភ្ញៀវមកកម្សាន្តលេងជាហូរហែរ ហើយមកលេង កាន់តែច្រើននៅចន្លោះពីខែកក្កដាដល់ខែតុលា។
អ្នកនាំភ្ញៀវខាងលើនេះបានរៀបរាប់ពីដើមហេតុនៃការស្គាល់ភ្នំខ្នងព្រះអង្គនេះថា៖«ដំបូងកាលហ្នឹង ខ្ញុំជាអ្នកដើររកផ្កាថ្មធម្មជាតិលក់ពេលនោះទៅរកៗ ក៏ធ្លាក់ដល់ហ្នឹងទៅ មកតាមគេតាមឯង ក៏ស្គាល់តំបន់ហ្នឹងហើយពេលសួរគេចាស់ៗ គាត់ថា ពីមុនក៏មានមនុស្សរស់នៅទីហ្នឹងដែរហើយបើនិយាយពីអារម្មណ៍វិញ គឺសប្បាយខ្លាំងណាស់ ដោយសារយើងអត់ដែលស្គាល់ អត់ដែលឃើញទោះនឿយហត់ ទៅដល់កន្លែងណុង មានកម្លាំងមកវិញភ្លាមព្រោះថាទេសភាពស្អាតល្អណាស់»។
គួរបញ្ជាក់ថា ភ្នំខ្នងព្រះអង្គគឺជាផ្នែកមួយនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងមានទីតាំងស្ថិតនៅសហគមន៍ម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ឬទំនាក់ទំនងលេខទូរសព្ទអ្នកនាំភ្ញៀវ លោក យេន គឹមហូយ៖ ០៩៧ ៣៤៦ ១៥៩៩៕