ក្រឡេកមួយភ្លែតដូចកន្លែងលាក់ជនឧក្រិដ្ឋក្នុងរឿងជេមស៍ ប៊ន តែនៅខាងក្រោមទ្វារពាសដែកនៅក្រោមដីនៃសារមន្ទីរ Louvre ទីក្រុងប៉ារីសគឺជាមន្ទីរពិសោធន៍វត្ថុសិល្បៈបច្ចេកវិទ្យាខ្ពស់បំផុតមួយនៅក្នុងពិភពលោក។
នៅទីនោះអ្នកជំនាញកំពុងសិក្សាវិភាគចម្លាក់ព្រះវិស្ណុធ្វើពីលង្ហិននៃសតវត្សទី ១១ ដែលទើបតែបញ្ជូនពីប្រទេសកម្ពុជាមកទីក្រុងប៉ារីស មុនការតាំងពិព័រណ៍នៅប្រទេសបារាំងនិងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។
ស្នាដៃសិល្បៈខ្មែរ«ព្រះវិស្ណុនៃមេបុណ្យខាងលិច» ត្រូវបានរកឃើញនៅប្រាសាទអង្គរវត្តក្នុងឆ្នាំ១៩៣៦។ ស្នាដៃបុរាណនេះជារូបចម្លាក់ដ៏កម្ររបស់ព្រះហិណ្ឌូ ដែលមានទំហំប្រមាណ៦ម៉ែត្រនៅពេលដែលត្រូវបានធ្វើរួចកាលពីជំនាន់នោះ។
នៅពីក្រោយទ្វារដ៏ក្រាស់ក្រុមអ្នកឯកទេសចំនួន ១០ នាក់កំពុងធ្វើការថតកាំរស្មីអ៊ិច និងស្កែន 3D នៅលើរូបចម្លាក់។
បន្ទាប់មកផ្នែកមួយចំនួននឹងត្រូវបានសាកល្បងជាមួយនឹងបច្ចេកទេសដូចជាកាំរស្មីអ៊ិច ហ្វ្លុយអូរីស (fluorescence) និង spectrometry ដែលជះពន្លឺកាំរស្មី និងអេឡិចត្រុង ដើម្បីរកមើលសមាសធាតុគីមីនិងម៉ូលេគុលលម្អិតរបស់វា។
លោក David Bourgarit អ្នកដឹកនាំក្រុមវិស្វករស្រាវជ្រាវផ្នែកលោហៈធាតុបុរាណបាននិយាយថា៖«យើងដូចជា NASA បន្តិចដែរ ដែលម្នាក់ៗមានជំនាញផ្ទាល់ខ្លួន ឬក៏ដូចជាស៊ីអាយអេ"CSI: Miami" ដែលជាប៉ូលីសវិទ្យាសាស្ត្រ»។
ខុសពីប៉ូលិសដែលស៊ើបអង្កេតជនល្មើសលោកបានបន្ថែមថា៖ «ឈុតឆាកឧក្រិដ្ឋកម្មរបស់យើង គឺជារបកគំហើញខាងបុរាណវត្ថុ។យើងព្យាយាមស្វែងយល់ថា តើនរណាជាអ្នកបង្កើតវា ដោយរបៀបណា និងមូលហេតុអ្វីដូចជាការស៊ើបអង្កេតរបស់ប៉ូលីសដែរ»។
លោកបានចង្អុលទៅចំណុចពណ៌សតូចៗជុំវិញចិញ្ចើមនៃរូបសំណាកដែលគាត់និយាយថាជាលោហៈមួយទៀត «ក្រាស់ជាងទង់ដែង»ដែលនឹងទាមទារការវិភាគបន្ថែមទៀតដើម្បីកំណត់អត្តសញ្ញាណ។
មន្ទីរពិសោធន៍មានបីជាន់និងទំហំជិត ៦ពាន់ម៉ែត្រការ៉េ ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងការស្ដារឡើងជាផ្នែកមួយនៃសារមន្ទីរប្រទេសបារាំង (C2RMF)។ មន្ទីរពិសោធន៍មានឧបករណ៍ថតវិភាគភាគល្អិតដែលមានឈ្មោះថា AGLAE និងវត្តមានអ្នកជំនាញផ្នែកវិទ្យុសកម្មគីមីវិទូ ភូគព្ភវិទូ លោហធាតុ អ្នកបុរាណវិទ្យា និងវិស្វករធ្វើការវិភាគវត្ថុសិល្បៈបុរាណមកពីគ្រប់ទិសទី។
នៅទីនោះអ្នកជំនាញ១៥០ នាក់ មានតួនាទីពិនិត្យមើលស្នាដៃសិល្បៈចំនួន ១០០០ស្នាដៃក្នុងមួយឆ្នាំ ដោយពួកគេត្រូវវិភាគរកឃើញយ៉ាងជាក់លាក់ថាតើវត្ថុទាំងនោះត្រូវបានកសាងកែច្នៃដោយប្រើវិធីសាស្ត្រណាខ្លះវត្ថុធាតុផលិតពីអ្វី ប្រភពដើមបានមកពីណាអាយុកាល និងដំណាក់កាលផ្លាស់ប្តូរនៃវត្ថុទាំងនោះផងដែរ។
លទ្ធផលពីការវិភាគរបស់ពួកគេនឹងជាទិន្នន័យដល់ក្រុមជួសជុលឡើងវិញនៅក្នុងមជ្ឈមណ្ឌលនៅសារមន្ទីរល្បីៗក្នុងប្រទេសបារាំង។
ស្នាដៃសិល្បៈដ៏អស្ចារ្យជាច្រើនបានឆ្លងកាត់មន្ទីរពិសោធន៍ចាប់តាំងពីការបង្កើតនៅឆ្នាំ១៩៩៩ រួមទាំងរូបគំនូរ ម៉ូណាលីហ្សា ( Mona Lisa) បង្អួចកញ្ចក់ប្រឡាក់នៃវិហារ Notre-Dame ឬ sabre របស់ណាប៉ូឡេអុង៕