ជីវិត និង សង្គម

ទិវានំប្រពៃណីចាម្ប៍ឆ្នាំ ២០២៤ ផ្ដល់បទពិសោធន៍ដល់អ្នកចូលរួមបានភ្លក្ស និងទស្សនាការធ្វើនំដ៏កម្រតាមស្រុកភូមិ

December 10, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ភ្នំពេញ៖ ក្រុមយុវជនចាម្ប៍សហការជាមួយមជ្ឈមណ្ឌលសោតទស្សន៍​ បុប្ផាណា បានរៀបចំទិវានំប្រពៃណីចាម្ប៍នាថ្ងៃ​សៅរ៍ ​ទី​៧ខែធ្នូ​ ក្នុងគោលបំណងផ្សព្វផ្សាយ និងថែរក្សាប្រពៃណី​ទំនៀមទម្លាប់​សហគមន៍ចាម្ប៍ ក៏ដូចជា​ឆ្លុះ​បញ្ចាំង​​ពីវប្បធម៌​ចម្រុះ​សម្បូរ​បែប​នៅ​ប្រទេសកម្ពុជា។

តំណាងក្រុមយុវជនវប្បធម៌ចាម្ប៍កម្ពុជា​លោក ពៀត ផល្លា ហៅ ហ្វីឡា បានប្រាប់សារព័ត៌មាន SR News ឱ្យដឹងថា៖ «ការធ្វើ​ពិធីទិវានំប្រពៃណីចាម្ប៍ឆ្នាំ ២០២៤ នេះដែរ គឺការ​ជួបជុំយុវជនចាម្ប៍នៅរាជធានីភ្នំពេញ​ក៏ដូចជាបង្ហាញឱ្យសាធារណៈជនទាំងជនជាតិចាម្ប៍ផ្ទាល់ ​និងជនជាតិ​ផ្សេង​នៅប្រទេសកម្ពុជា​បានស្គាល់ពីនំប្រពៃណីចាម្ប៍មួយចំនួន ​ដែលមកពីតំបន់ផ្សេងៗគ្នា​ដូចជា កំពង់ឆ្នាំងពោធិ៍សាត់ ក្រចេះ កំពង់ចាម​ ត្បូងឃ្មុំ និងគ្រប់ទិសទី​ដែលជាសហគមន៍ចាម្ប៍​ ដើម្បី​ឱ្យគេដឹងពីនំប្រពៃណីចាម្ប៍និងបង្ហាញពីសាមគ្គីភាព​ ក៏ដូចជាការរៀនស្គាល់​គ្នា​ទៅវិញទៅមក​រវាង​យុវជន​​ចាម្ប៍និងចាម្ប៍ ក៏ដូចជាយុវជនចាម្ប៍ ​និងយុវជន​ដទៃទៀត ដែលមកពីសហគមន៍ផ្សេងៗនៅប្រទេសកម្ពុជា​​រៀនស្វែងយល់ពីគ្នាទៅវិញទៅមក»។

នំដែល​យកមកបង្ហាញក្នុងកម្មវិធីនេះ​ចំនួន ៥មុខ ក្នុងរួមមាន៖ ហៅប៉ាក់, តប៉ៃជាល, លទ្រាំ, តប៉ៃក្រាស់ និង ហៅក្រាម  ដែលនំបីប្រភេទយកពីខេត្តកំពង់ឆ្នាំង និងពីរប្រភេទទៀត​យកពីខេត្តក្រចេះ។ ហើយនំ​ហៅប៉ាក់ បង្ហាញពីសិស្បៈក្បូរក្បាច់​ភាពសម្បូរ​បែប គំនិតច្នៃប្រឌិត និង​​តំណាងឱ្យ​ស្ថាបត្យកម្មបុរាណចាម្ប៍។

នំទាំងនេះ​​មិនសូវមានលក់នៅលើទីផ្សារប៉ុន្មាននោះទេ​ ដោយ​ភាគច្រើន​គេធ្វើលក់តែនៅតាមភូមិស្រុកហើយ​​សម្រាប់តែ​​ពីធីបុណ្យ​ប្រពៃណីតាមតំបន់ដូចជា​​ថ្ងៃមង្គល​ការ​ពីធីបង្កក់កូន ឡើងផ្ទះ និងកម្មវិធីសាសនា​ផ្សេងៗទៀត។

ទិវានំប្រពៃណីចាម្ប៍ត្រូវបាន​ប្រារព្វឡើងជាលើកទី៣​ដោយ​ឆ្នាំទី១ ត្រូវបាន​​ធ្វើឡើងនៅសារមន្ទីរខ្លែង​ នៅទល់មុខរដ្ឋសភា។  រីឯ​លើកទី២​ និងលើកទី៣​នេះ​ត្រូវបាន​ធ្វើឡើងនៅ​មជ្ឈមណ្ឌល​បុប្ផាណា​។

អ្វីដែលខុសប្លែក​ពីឆ្នាំ​មុនៗ គឺឆ្នាំនេះ​​​ក្រុមយុវជនចាម្បន៍​បានរៀបចំ​ឱ្យ​អ្នក​ចូលរួម​ទទួល​បាន​ការបង្ហាញ និងបង្ហាត់បង្រៀន​ពីអ្នកជំនាញធ្វើនំ​​ ក៏ដូចជា​ភ្លក្ស​នំ​នៅទីនោះផ្ទាល់ផងដែរ។

ការចែករំលែករបៀបធ្វើនំ(លទ្រាំ) ជានំប្រពៃណីចាម្ប៍ ត្រូវបាន​​អមដោយ​​​ការប្រគំ​ភ្លេងស្គរ​ប្រពៃណីចាម្ប៍ពីបុរាណការសំណេះសំណាលចែករំលែក​ចំណេះដឹងផ្សេងពីគ្នាទៅវិញទៅមក​ និង​នាទី​សំណួរចម្លើយពី​សំណាក់ភ្ញៀវកិត្តិយស។

អ្នកនាង ម៉ៃសំ ជាពិធីការនី និងជា​តំណាង​យុវជនចាន្ប៍​ បានប្រាប់ SR News ថា៖ «នំ លទ្រាំ ជានំមួយប្រភេទក្នុងចំណោមនំចាម្ប៍ដទៃទៀតដែលយើងយកមកបង្ហាញក្នុងកម្មវិធីនេះហើយ​គ្រឿងផ្សំនំនេះមាន ម្សៅខ្សាយ និងស្ករត្នោត ហើយយើងត្រូវត្រៀម ស្លឹកចេកឈើតូច ប្រេងឆា ខ្ទះ ចង្រ្កានផងដែរ»។

អ្នកនាងបាន​រៀបរាប់ទៀត​ថា៖ «​របៀបធ្វើ ដោយ​លាយម្សៅខ្សាយ និងស្ករត្នោត ឱ្យក្លាយជាល្បាយតែមួយ​បន្ទាប់មកយកម្សៅតូចៗដាក់លើស្លឹកចេកសង្កត់ឱ្យសំប៉ែត រួចយកឈើតូចៗមកខៃឱ្យមានប្រហោង៤​ ក្រោយមកយើងយកទៅ​ចៀន​ជាការស្រេច​»។

តំណាងក្រុមយុវជនវប្បធម៌ចាម្ប៍កម្ពុជា សូម​លើកទឹកចិត្ត​យុវជនទាំងអស់ឱ្យស្វែងយល់អំពីនំដែលជា​អត្ដសញ្ញាណ​​របស់សហគមន៍នីមួយៗហើយ​ទិវានំនេះទៀត​សោត​​មិនសំដៅទៅលើនិន្នាការនយោបាយឬសាសនាណាមួយនោះឡើយ។

ខណៈ​ដែល​ទិវា​នេះ​​គ្រាន់តែជាការផ្សព្វផ្សាយ​បង្ហាញ​​ពី​ប្រពៃណីតាមតំបន់​​ ដែលជាផ្នែកមួយនៃវប្បធម៌​ចម្រុះនៅកម្ពុជា​នោះ​លោក ហ្វីឡា បាន​បញ្ជាក់​បន្ថែមថា​​៖«​នេះជាកម្មវិធីសាធារណៈដែលមិនប៉ះពាល់ទៅនឹងសាសនា​អ្វីនោះទេ។​ វាគ្រាន់តែជាការបង្ហាញ​អំពីនំមុខម្ហូបរបស់ជនជាតិចាម្ប៍​តាមតំបន់ផ្សេងៗគ្នា ព្រោះតំបន់មួយៗមានប្រពៃណីខុសៗគ្នាមុខម្ហូបក៏មានអត្តសញ្ញាណ​ផ្សេងគ្នារៀងៗខ្លួន​​​ វាមិនមែនជាកម្មវិធីសាសនា ឬឥទ្ធិពលពីសាសនាណាមួយនោះទេ»៕

អត្ថបទពេញនិយម

ញ៉ាំ​ហ្វេ​ស​តាវិល​មក​ជា​ថ្មី បំផុស​គំនិត​ដោយ​ម្ហូប​សកល និង​បរិយាកាស​​​​​​​​​ពិកនិក​​សប្បាយៗនៅ​ពីរ​ទីតាំង​ផ្សេងគ្នា​​‍

ផ្កាព្រៃ ឬថាមពលបៃតង? ការជីករ៉ែលីចូម អាចគម្រាមកំហែងរុក្ខជាតិដ៏កម្រ

ប្រទេសចិនបង្កើតបណ្តាញសាកល្បង ៦G ដំបូងបង្អស់លើពិភពលោក

ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ