នៅពេលដែលអ្នកដឹកនាំរឿងខ្មែរអាមេរិកលោកប្រាជ្ញ លី (Prach Ly) និងអ្នកនាង ខេលី សូ (Caylee So) បានផ្ដួចផ្ដើមបង្កើតមហោស្រពភាពយន្ត ខេមបូឌា ថោន (Cambodia Town Film Festival) ក្នុងឆ្នាំ ២០១៤ អ្នកទាំងពីរមានក្តីសុបិនដ៏សាមញ្ញមួយគឺដើម្បីបង្កើតវេទិកាសម្រាប់អ្នកផលិតភាពយន្តខ្មែរចែករំលែករឿងរ៉ាវរបស់ពួកគេ និងអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរវាងខ្មែរអាមេរិក។
ដប់ឆ្នាំក្រោយមកក្តីស្រមៃរបស់ពួកគេបានក្លាយជាការពិត នឹងកាន់តែអស្ចារ្យ។ មហោស្រពភាពយន្តខេមបូឌា ថោន គ្រោងនឹងត្រឡប់មកវិញជាលើកទី១០ ដោយបង្ហាញពីភាពរស់រវើក និងចម្រុះនៃពិភពភាពយន្តកម្ពុជា។
ចាប់ពីថ្ងៃទី ១៤ ដល់ ១៥ ខែកញ្ញាឆ្នាំ ២០២៤ ទស្សនិកជននៅក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ានឹងមានឱកាសទស្សនាខ្សែភាពយន្តចំនួន ៣០ ដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងភាពយន្តឯកសារ កុនខ្លីៗ នៅសាលមហោស្រព Art Theatre Long Beach, CA.និងស្វែងយល់ពីខ្សែភាពយន្ដដ៏សម្បូរបែបនៃវប្បធម៌និង បទពិសោធន៍ របស់ កម្ពុជា។
សហស្ថាបនិកនៃមហោស្រពភាពយន្តខេមបូឌា ថោន លោក ប្រាជ្ញ លីត្រូវបានគេស្គាល់ដោយសារតន្ត្រីដ៏មានឥទ្ធិពលរបស់គាត់ដែលនិយាយអំពីអំពើប្រល័យពូជសាសន៍និងបញ្ហាសង្គមកម្ពុជា។
លោកគឺជាអ្នកត្រួសត្រាយផ្លូវហ៊ីបហបនិងត្រូវបានគេចាត់ទុកថាជាសិល្បករហ៊ីបហបកម្ពុជា-អាមេរិកដំបូងគេដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិសម្រាប់តន្ត្រីរបស់គាត់។
លោកទំនងជាកើតក្នុងឆ្នាំ ១៩៧៩ ដោយពុំចាំទាំងថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ក្រៅអំពីកាលដំណាលប្រាប់ថា លោកកើតនៅរដូវវស្សាកំឡុងពេលខ្មែរក្រហមត្រឡប់ចូលព្រៃវិញ។ លោក ប្រាជ្ញ លី និងសហស្ថាបនិក ខេលី សូសុទ្ធតែជាក្មេងពុំទាន់ដឹងក្ដីនៅជំរំជនភៀសខ្លួន មុននឹងភៀសខ្លួនទៅសហរដ្ឋអាមេរិកកាលពីកុមារភាព។
សហស្ថាបនិកនៃមហោស្រពភាពយន្តកម្ពុជាថោនអ្នកនាង ខេលី គឺជាឥស្សរជនដ៏លេចធ្លោមួយរូបនៅក្នុងសហគមន៍ខ្មែរ-អាមេរិក។ បន្ទាប់ពីបម្រើការនៅប្រទេសអ៊ីរ៉ាក់ក្នុងនាមជាសមាជិកនៃយោធាសហរដ្ឋអាមេរិកនាងបានរកឃើញចំណង់ចំណូលចិត្តរបស់នាងក្នុងការផលិតភាពយន្តនិងបានបន្តបរិញ្ញាបត្រផ្នែកផលិតភាពយន្ត។
ទស្សនវិស័យតែមួយគត់របស់ ខេលី ក្នុងនាមជាអ្នកផលិតភាពយន្តខ្មែរអាមេរិកាំងនាងតែងតែផ្សព្វផ្សាយអត្តសញ្ញាណជនភៀសខ្លួន និងបទពិសោធន៍កម្ពុជា។ នាងបានដឹកនាំរឿងល្បីៗ ដូចជា "In the Life of Music" ត្រូវបានជ្រើសរើសជាភាពយន្តតំណាងកម្ពុជាទៅប្រកួតដណ្ដើមពានរង្វាន់អូស្ការ ក្នុងឆ្នាំ២០២០។
បន្ថែមពីលើការខិតខំប្រឹងប្រែងផលិតភាពយន្តខេលី ក៏ជាអ្នកតស៊ូមតិយ៉ាងយកចិត្តទុកដាក់សម្រាប់សហគមន៍ខ្មែរក្នុងការអភិរក្សវប្បធម៌ផងដែរ។
អ្នកនាងបានទទួលស្គាល់ពីតម្រូវការទីកន្លែងដែលអាចដាក់បញ្ចាំងភាពយន្តខ្មែរដោយទទួលបានការសាទរពីគ្រប់ជាតិសាសន៍ ជាពិសេសប្រជាជនខ្មែរអាមេរិក។
មហោស្រព ខេមបូឌា ថោន នៅក្រុងឡុងប៊ិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានបម្រើជាមជ្ឈមណ្ឌលរស់រវើកសម្រាប់វប្បធម៌ខ្មែរពួកគេបានមើលឃើញឱកាសដ៏ល្អឥតខ្ចោះដើម្បីនាំយកទស្សនៈវិស័យរបស់ពួកគេមកជីវិត។
សហស្ថាបនិកមហោស្រពរូបនេះបានឱ្យដឹងថា៖«ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះមហោស្រពភាពយន្តកម្ពុជាថោនបានរីកចម្រើនយ៉ាងខ្លាំងដោយបានពង្រីកក្រុមរបស់ខ្លួនដើម្បីរួមបញ្ចូលនូវមាតិកាចម្រុះពីអ្នកផលិតភាពយន្តកម្ពុជានិងរឿងរ៉ាវពីសហគមន៍អាស៊ីអាគ្នេយ៍ដ៏ទូលំទូលាយ។ វាបានពង្រឹងកម្មវិធីរបស់មហោស្រពនិងទាក់ទាញទស្សនិកជនកាន់តែទូលំទូលាយដោយខ្សែភាពយន្តជាច្រើនទទួលបានការអបអរសាទរ និងការទទួលស្គាល់ជាអន្តរជាតិ»។
លក្ខណៈពិសេសមួយនៃមហោស្រព ខេមបូឌាថោន គឺបរិយាកាសប្រមូលផ្តុំសមាជិកចម្រុះជាតិសាសន៍ និងអត្តសញ្ញាណ ជាមួយសហគមន៍ក្នុងស្រុកអ្នកផលិតភាពយន្តអន្តរជាតិ និងអ្នកជំនាញក្នុងឧស្សាហកម្ម ជំរុញការសន្ទនាបណ្តាញ និងកិច្ចសហការ។
អ្នកនាងបាននិយាយថា៖ «ជំនួបនេះបានអនុញ្ញាតឱ្យអ្នកចូលរួមចូលរួមយ៉ាងស៊ីជម្រៅជាមួយខ្សែភាពយន្តនិងអ្នកផលិតភាពយន្ត បង្កើតបទពិសោធន៍ដ៏មានអត្ថន័យ»។
យ៉ាងណាមិញការនាំឱ្យមហោស្រពភាពយន្តឈានដល់ឆ្នាំទី ១០ បានឆ្លងកាត់នូវការប្រឈមជាច្រើន ជាពិសេសបញ្ហាថវិកា។សំណាងល្អ ក្នុងឆ្នាំនេះការរៀបចំទទួលបានមូលនិធិ និងការឧបត្ថម្ភពី មូលនិធិ RuMBa នៃទីក្រុងឡុងប៊ិច បានអនុញ្ញាតឱ្យមហោស្រពអាចផ្តល់ការការបញ្ចាំងដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សនិងមនុស្សចាស់ទាំងអស់គ្នា។
មហោស្រពនេះផ្តល់អាទិភាពដល់ភាពយន្តដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់កម្ពុជាដែលគ្របដណ្តប់លើប្រធានបទដូចជា អត្តសញ្ញាណ បេតិកភណ្ឌ ប្រវត្តិសាស្ត្រនិងបញ្ហាសហសម័យ។
ក្នុងចំណោម ៣០ ខ្សែភាពយន្តឆ្នាំនេះមានរឿងល្បីៗជាច្រើនដូចជា "Happy Ending" របស់តារាហូលីវូដខ្មែរបារាំង អេឡូឌី យ៉ុង រឿង "The Night Curse of Reatrei" ពីផលិតកម្មអ៊ិលឌី "Satook" ជាស្នាដៃដឹកនាំរបស់លោក ប្រាជ្ញ លី ផ្ទាល់ រឿង "Elvisof Cambodia" និយាយពីអធិរាជសម្លេងមាសស៊ីន ស៊ីសាមុត និងរឿង "Work Life" ដឹកនាំដោយកូនខ្មែរអាមេរិក ខេវិន អ៊ុង។
លើសពីការបញ្ចាំងភាពយន្តមហោស្រពភាពយន្តកម្ពុជាថោន ក៏គាំទ្រផលិតករភាពយន្តដែលកំពុងលេចធ្លោ ជាពិសេសផលិតករមកពីប្រទេសកម្ពុជាតាមរយៈការផ្តល់ការណែនាំ សិក្ខាសាលា និងការតភ្ជាប់ឧស្សាហកម្ម។
សហស្ថានិកមានទស្សនវិស័យចំពោះមហោស្រពនេះនឹងអាចបង្កើតភាពជាដៃគូកាន់តែរឹងមាំជាមួយអង្គការវប្បធម៌ស្ថាប័នអប់រំ និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មភាពយន្តដើម្បីបង្កើតព្រឹត្តិការណ៍សហការ និងពង្រីកធនធានកាន់តែច្រើនសម្រាប់អ្នកផលិតភាពយន្ត។
អ្នកនាង ខេលី បានលើកឡើងថា៖ «តាមរយៈការបង្ហាញខ្សែភាពយន្តគុណភាពខ្ពស់និងការចូលរួមជាមួយទស្សនិកជនទូទាំងពិភពលោក មហោស្រពនេះជួយបង្កើតប្រទេសកម្ពុជាជាតួអង្គសំខាន់មួយនៅក្នុងវិស័យភាពយន្តអន្តរជាតិ»។
ខណៈដែលមហោស្រពភាពយន្ត ខេមបូឌា ថោន ប្រារព្ធខួបលើកទី ១០ របស់ខ្លួន វាច្បាស់ណាស់ថាក្តីសុបិនរបស់ ប្រាជ្ញលី និង ខេលីសូ មិនត្រឹមតែក្លាយជាការពិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញវប្បធម៌ខ្មែរនិងគាំទ្រផលិតករភាពយន្តដែលកំពុងរីកចម្រើនផងដែរ៕