ជីវិត និង សង្គម

យុទ្ធនាការ ៥០០០ ជំហាន ដើម្បីកំពតស្អាត ទាក់ទាញអ្នកចូលរួមប្រមាណជា ៣០០នាក់ មកចូលរួមបំផុសគំនិតគិតគូរបរិស្ថាន

October 22, 2024
August Stella
Heading
Option 1

យុវជន​ប្រមាណជា៣០០នាក់​បានចូលរួម យុទ្ធនាការ ៥០០០​​ ជំហានដើម្បីកំពតស្អាត ដែល​បាន​ប្រព្រឹត្តិទៅនៅខេត្តកំពត នៅថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ ​២០២៤ ដើម្បី​​ជំរុញ​ការយល់ដឹងនិង​ពញ្ញាក់​ស្មារតី​ប្រជាជន​កម្ពុជា​ឱ្យ​​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​បញ្ហា​បរិស្ថាននិង​ការរស់នៅ​ស្អាត​។

ផ្ដើមចេញ​ដំណើរចេញពីពហុកីឡាដ្ឋានខេត្តកំពតយុវជន-យុវតី​​​ពាក់អាវយឺត​ស ​ខ្លះ​ដើរ ខ្លះ​រត់​ទាំងស្នាម​ញញឹម ឆ្ពោះសំដៅ​​ទៅដល់ឆ្នេរកោះស្មៅ ជាទី​ដែល​ពួកគេ​​នាំគ្នា​រើសសំរាម​សម្អាត​ឆ្នេរ​​ទេសចរណ៍​​និង​ថត​រូប​អនុស្សាវរីយ៍។

ស្ថិត​នៅក្នុង​ចំណោមយុវជន​​​ចូលរួមកម្មវិធី​នា​ថ្ងៃនោះ​លោក នរិន្ទ ដែលជាអ្នកស្ម័គ្រចិត្តនិងជាអ្នក​ចូលរួមយុទ្ធនាការ ៥០០០​​ជំហានដើម្បីកំពតស្អាត ជា​លើក​​ដំបូង នឹងយល់ថា​​យុទ្ធនាការ​នេះ​បាន​នាំឱ្យ​លោក នរិន្ទផ្សារភ្ជាប់ទំនាក់ទំនង​ជាមួយ​យុវជនដទៃ​ដែល​មាន​ស្មារតី​ស្រឡាញ់គិតគូរបរិស្ថានដូចគ្នា។

លោក នរិន្ទ បាន​និយាយ​ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនដោយសាយើងឃើញនូវថ្លុងមួយរបស់យុវជនក៏ដូចជាបងប្អូនដែលបានចូលរួមសហការគ្នាដើម្បីឲ្យកំពតកាន់តែមានភាពស្រសស្អាតផងដែរ»។

កម្មវិធីកំពតស្អាត ២០២៤ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងនិងក្រៅតំបន់ដោយមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករប្រមាណ ៣០០នាក់ហួសពីការរំពឹងទុក។

នេះបង្ហាញឲ្យឃើញពីសក្តានុពលនៃការផ្សព្វផ្សាយអំពីបរិស្ថានរបស់កំពតស្អាតបានទាក់ទាញប្រជាជនឲ្យចូលរួមក្រោមគោលបំណងនៃការបំផុសស្មារតីខ្វល់ខ្វាយនិងយកចិត្តទុកដាក់ទៅលើបរិស្ថានរបស់យើងឲ្យបានកាន់តែប្រសើរ។

យុទ្ធនាការ កំពត​ស្អាតនេះ​ត្រូវបាន​ផ្ដួចផ្ដើមក្នុងឆ្នាំ ២០១៩ ​ដោយ សភាយុវពាណិជ្ជករអន្តរជាតិសាខាមេគង្គដោយ​យក​ចេញពី​គម្រោង​ភ្នំពេញ​ស្អាត​។យុទ្ធនាការ​នេះ​ធ្វើ​ទ្បើង​គឺ​ដើម្បី​ការផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នូវ​ការយល់ដឹង​អំពី​បរិស្ថាន​ទៅកាន់​ប្រជាជន​កម្ពុជា​ក្នុងការ​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​បញ្ហា​បរិស្ថាននិងការរស់នៅ​ស្អាត ។

យោងតាមប្រសាសន៍របស់លោក​ លី ដេវីត អនុប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឲ្យដឹងថា គម្រោងកំពតស្អាតជាគម្រោងដែលស្ថិតនៅក្នុងសរសរស្តម្ភទី៣ របស់សភាយុវពាណិជ្ជករដែលទាក់ទងនឹងការជះឥទ្ធិពលផ្នែកបរិស្ថាន។

លោកបានបន្តថា៖ «គម្រោងកំពតស្អាតបានផ្តល់ផលជាវិជ្ជមានជូនដល់ប្រជាជនក្នុងខេត្តកំពតដោយគម្រោងនេះទទួលបានភាពជោគជ័យហួសពីការរំពឹងទុក ដែលមានលោក ស ឬទ្ធី ជាប្រធានគម្រោង»។​

សព្វ​ថ្ងៃ​សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាដែល​ត្រូវបានបង្កើត​ឡើង​កាលពី​ឆ្នាំ ២០១០ បានពង្រី​ក​ចំនួន ៦សាខា ហើយ ដោយមានគោលដៅនិង​​ធ្វើសកម្មភាពលើការចូលរួមកិច្ចសហការការងារសហគមន៍ដោយផ្តោតទៅលើការរីកចម្រើនរបស់សហគមន៍ការអភិវឌ្ឍផ្នែកធុរៈកិច្ចនិងសហគ្រិនភាព រួមទាំងការអភិវឌ្ឍបុគ្គលផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ប្រធានថ្នាក់តំបន់នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​ក៏បានបង្ហើបថា៖ «ខេត្តកំពតគឺជាខេត្តដែលមានសក្តានុពលមួយដែលនឹងអាចបង្កើតឲ្យមានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាខេត្តកំពត នាពេលឆាប់ៗខាងមុខនេះផងដែរ»។

ក្រៅពី​សកម្មភាព​ដើរ​រត់ និង​រើសសំរាម​ក្រុមយុវជន​ក៏​បាន​ផ្ដល់​​ការ​បណ្តុះបណ្តាលក្រោមពាក្យស្លោក «បន្តទម្លាប់ស្អាតសម្រាប់ប្រទេសយើង»ដល់​សិស្សនុសិស្សនៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ដើម្បី​ឱ្យ​ពួកគេ​បានយល់​ច្បាស់​ពិចារណានូវផលិតផលដែលមិនចាំបាច់ ការកែច្នៃនូវផលិតផលដែលមិនចាំបាច់និងការជួសជុលនូវផលិតផលដែលអាចប៉ះពាល់ដល់បរិស្ថាន។

យុវជន ស៊ឹម ជំនិត នៅវិទ្យាល័យកំពតក្រុងផ្ទាល់បានបង្ហាញពីការព្រួយបារម្មចំពោះការយល់ដឹងផ្នែកបរិស្ថានរបស់ប្រជាជនកម្ពុជាទាក់ទងជាមួយនឹងការយល់ដឹងអំពីការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។

យុវជន ស៊ឹម ជំនិត បាន​និយាយ​ថា៖ «ខ្ញុំគិតថាយុវជនរបស់យើងមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការខ្វាយខ្វល់ពីបរិស្ថាននៅឡើយទេ។ភាគច្រើនគឺមនុស្សពេញវ័យគឺគាត់មានការខ្វាយខ្វល់ច្រើនទាក់ទងនឹងបរិស្ថានតែមនុស្សដែលមានវ័យនៅជាសិស្សវិទ្យាល័យគឺគាត់មិនទាន់មានការគិតគូរដល់ចំណុចមួយដែលនាំគ្នាចូលរួមការពារនិងថែរក្សាបរិស្ថានរបស់ប្រទេសយើងនោះទេ»។

ប៉ុន្តែបន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាលរបស់កម្មវិធីកំពតស្អាតយុវជន ស៊ឹម ជំនិត ក៏ដូចជា​មិត្តភក្ដិ​​របស់ខ្លួន​មានទស្សនៈ​វិជ្ជមាន​ថា ប្រជាជនក្នុងខេត្តកំពតជាពិសេសសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលមួយនេះយល់កាន់តែច្បាស់អំពីសារៈ​សំខាន់នៃបរិស្ថានស្អាតនិងបន្តទម្លាប់ស្អាតសម្រាប់ប្រទេសយើង៕​

អត្ថបទពេញនិយម

តស់! ទៅលេងផ្សារសួនម្លប់ «កសិកម្ម» បានទាំងគាំទ្រដំណាំក្នុងស្រុក និងរូបថតស្អាតៗ បរិយាកាសបរទេស

វិធីសាស្ត្រសម្រកទម្ងន់ ដែលមានសុវត្ថិភាព

អ្នកនិពន្ធល្បី ម៉ីសន សុធារី បើកទំព័រប្រវត្តិសាស្ត្រថ្មី ប្រើបច្ចេកវិទ្យា AI ផ្សារភ្ជាប់ការនិទានរឿង

សិស្សកម្ពុជាឈ្នះមេដាយពីការប្រកួតគណិតវិទ្យា SIMOC សរុប ១២០គ្រឿង លើសពីការរំពឹងទុក

កុមារានីហ្សេរីយ៉ាកើតនៅកម្ពុជា ប្រាថ្នាសញ្ជាតិខ្មែរ តំណាងកម្ពុជាដណ្ដើមពាន បាល់ទាត់ធំៗនៅបរទេស