ភ្នំពេញ:ធ្លាប់តែឃើញកាបូបដៃដាក់លុយបុរសធ្វើអំពី ជ័រ ស្បែកសត្វ ត្រណាត់ជាដើមតែសិប្បកម្មឈ្លាសវៃមួយនេះ បានច្នៃពោះវៀនកង់ឡានធ្វើជាកាបូបលុយបុរស ដែលមានរូបរាងពណ៌ស្រស់ស្អាតធន់នឹងការប្រើប្រាស់បានយូរតម្លៃសមរម្យហើយក៏កំពុងបោះជំហានទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបផងដែរ។
គោលបំណងធំបំផុតនៃការបង្កើតសិប្បកម្មឈ្លាសវៃនេះឡើងគឺដើម្បីជួយផ្តល់ឱកាសការងារដល់ជនពិការក៏ដូចជាអ្នកមិនមានការងារធ្វើ នៅតាមសហគមន៍ឲ្យពួកគាត់មានប្រាក់ចំណូលសមរម្យផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ការផលិតកាបូបពីពោះវៀនកង់ឡានក៏រួមចំណែកលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងផលិតផលកែច្នៃដោយដៃ របស់សិប្បករខ្មែរផងដែរ។
ស្ថាបនិកសិប្បកម្ម លោក ឡាវ ចំរើនបានរៀបរាប់ឱ្យដឹងថា៖ «យើងយកវត្ថុធាតុដើមដែលគេបោះចោលយកមកកែច្នៃធ្វើជារបស់ប្រើប្រាស់ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថានក៏ដូចជាចង់ផ្សព្វផ្សាយអំពីផលិតផលធ្វើដោយដៃនៅក្នុងប្រទេសកម្ពុជាយើង»។
ដំណើរការផលិតកាបូបពីពោះវៀនកង់ឡានមានរយៈពេលប្រមាណ១០ឆ្នាំមកនេះ លោកត្រូវការវត្ថុធាតុដើមពីរសំខាន់ៗគឺទី១ពោះវៀនកង់ឡានចាស់ៗ និងទី២ ក្រណាត់សម្រាប់ការដេរធ្វើជាហោប៉ៅ។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «យើងត្រូវយកពោះវៀនកង់ឡានលាងសម្អាតទឹកឲ្យស្អាតរួចយកវាមកកាត់ទៅតាមខ្នាត និងពុម្ពដែលយើងត្រូវការ។ សម្រាប់ផ្នែកខាងមុខនៃកាបូបយើងក៏កាត់ច្នៃម៉ូតនិងអ៊ុតវាបន្ថែមទៀតដើម្បីឱ្យវាមានគុណភាពល្អបន្ទាប់ពីរចនាម៉ូតផ្នែកខាងមុខកាបូបហើយ យើងត្រូវផ្គុំកម្ដៅឲ្យវាទន់ ដើម្បីងាយស្រួលដេរភ្ជាប់គ្នាជាការស្រេច»។
បុរសវ័យ៤៣ឆ្នាំរូបនេះបានបន្ថែមទៀតថាទន្ទឹមនឹងការផលិតបានកាបូបដ៏ស្រស់ស្អាតនេះ លោកក៏ត្រូវជម្នះកត្តាប្រឈមក្នុងការផលិតផងដែរដូចជាពិបាកក្នុងការដេរ (ស្វិត)និងត្រូវការលាងសម្អាតជាច្រើនដង។
ចំពោះវត្ថុធាតុដើមពោះវៀនកង់ឡាន លោកត្រូវដើរទិញពីអ្នកប៉ះកង់ឡានធំៗនៅតាមជាយក្រុងដោយតម្រូវតាមលក្ខខណ្ឌ និងបរិមាណផលិតជាក់ស្ដែងរបស់លោក។
សិប្បកម្ម ឈ្លាសវៃ ផលិតកាបូបដៃប្រុសមួយនេះក្នុងមួយថ្ងៃៗសិប្បករម្នាក់ៗអាចផលិតបានពី២ ទៅ ៥ កាបូប ទៅតាមម៉ូតស្រួល ឬម៉ូដស្មុគស្មាញពិបាកផលិត។ កាបូបដៃបុរសធ្វើពីពោះវៀនកង់ឡានមានតម្លៃចាប់ពី៣០,០០០រៀល រហូតដល់ ៦០,០០០រៀល។
ក្រៅពីផលិតកាបូបដៃដាក់លុយបុរសសិប្បកម្មនេះក៏មានផលិតកាបូបស្រី កាបូបស្ពាយ កាបូបយួរដៃ គម្របសៀវភៅ ប្រដាប់ដាក់កាតនិងរបស់របរជាច្រើនមុខទៀត។
សព្វថ្ងៃនេះសិប្បកម្មឈ្លាសវៃមានជាងដេរ១០នាក់ដែលកំពុងបំពេញការងារនៅតាមសហគមន៍។
លោក ឡាវ ចំរើន បានឱ្យដឹងទៀតថា៖ «សម្រាប់កាបូបនេះមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវក្រៅស្រុក ហើយយើងក៏មានការនាំចេញទៅលក់នៅស្រុកក្រៅផងដែរដូចជាប្រទេស អង់គ្លេសនិង អូស្ត្រាលី»។
សម្រាប់គម្រោងទៅថ្ងៃអនាគតខាងសិប្បកម្មនឹងខិតខំស្វែងរកអតិថិជនឱ្យបានច្រើន ដើម្បីបង្កើនការផលិតផ្ដល់ការងារដល់ប្រជាជននៅសហគមន៍ និងបន្តផ្សព្វផ្សាយផលិតផលសិប្បកម្មជនពិការកម្ពុជាយើងផងដែរ។
សិប្បកម្មឈ្លាសវៃ ស្ថិតនៅផ្ទះលេខ១១៥ ផ្លូវ ៣០សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ព័ត៌មានបន្ថែមពីកាបូបលុយបុរសអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក Smart Craft Cambodiaឬទំនាក់ទំនងទូរសព្ទលេខ ០១២ ៦៣៣ ៩៣៨៕