ចំណេះដឹង

ហេតុអ្វីបានជាមូសចូលចិត្តខាំអ្នកនេះជាងអ្នកនោះ?

October 22, 2024
August Stella
Heading
Option 1

វាមិនមែនជា​សំណួរ​ថ្មី​ទេហើយ​នរណាៗ​ក៏​ឆ្ងល់​រឿង​នេះ​ដែរ។​ ហេតុអ្វី​បានជា​មូស​ហាក់ដូចជាចូលចិត្ត​បឺត​ឈាម​មនុស្ស​ខ្លះខណៈដែល​វា​មិនសូវ​ខ្វល់​នឹង​មនុស្ស​មួយចំនួន​ទៀត?

នោះ​មិនមែន​មក​ពី​មូលហេតុ«ឈាម​ផ្អែម​» ទេ។ វា​គឺ​ជា​ការរួមបញ្ចូល​គ្នា​នៃ​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​អ្នកខ្លះ​​ក្លាយជា​ចំណី​​ដ៏​គួរឱ្យ​ទាក់ទាញ​សម្រាប់មូសរីឯ​អ្នក​ខ្លះ​ទៀត​រួច​ខ្លួន​ពី​​មាត់​បំពង់​ដ៏​ស្រួចរបស់វា។

​​វេជ្ជបណ្ឌិត Amelia Ng អ្នកជំនាញ​ផ្នែក​បាណកវិទ្យា​​នៅ​សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី​ពន្យល់ថា៖«​មូស​ត្រូវបាន​ទាញ​ដោយលក្ខខណ្ឌ​ជីវសាស្ត្រ​​របស់​មនុស្ស​ផ្សេងៗ​គ្នា»​។

អ្នកជំនាញ​រូប​នេះ​បាន​ពន្យល់​ហេតុ​ផល​ថា៖«​ការ​​ដកដង្ហើម​បញ្ចេញ​កាបូនឌីអុកស៊ីត សីតុណ្ហភាព​រាងកាយនិង​សូម្បីតែ​អាស៊ីត​ឡាក់​ទិ​ក​ដែល​យើង​ផលិត​នៅពេល​យើង​ហត់​ជាដើម​ សុទ្ធសឹង​ជា​កត្តា​នាំ​ឱ្យ​មនុស្ស​ម្នាក់​ទាក់ទាញ​សត្វ​មូស​ខាំជាង​អ្នកដទៃ​ទៀត»​។​

​សត្វ​មូស​ប្រើ​អង់​តែ​ន​របស់​ពួកវា​​ដើម្បី​ចាប់​សញ្ញា​គីមី​ទាំងនេះដែល​នាំ​ពួកវា​ហោះ​ទៅរក​អាហារ​ឈាមជា​បន្តបន្ទាប់។មនុស្ស​ដែល​បញ្ចេញ​កាបូនឌីអុកស៊ីត​ច្រើន​តាម​ធម្មជាតិ ជារឿយៗ​ដោយសារតែ​អត្រា​មេតាបូលីស​ខ្ពស់ឬ​ទំហំ​រាងកាយ​ធំ​ជាង ក្លាយជា​គោលដៅ​ចម្បង​​របស់​ពពួកមូស។

​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ស្ថិត​នៅ​ក្នុងក្រុម​មនុស្ស​​ងាយ​រងគ្រោះ​ជាពិសេស​​ដោយសារ​មូសខាំផង​ដែរ។

វេជ្ជបណ្ឌិត Ng បាន​និយាយថា​៖«​ការកើនឡើង​នៃ​សីតុណ្ហភាព​រាងកាយនិង​ការផលិត​កាបូនឌីអុកស៊ីត​ធ្វើឱ្យ​ពួកគេ​កាន់តែ​ទាក់ទាញ​ដល់​មូស​»។​

​​លើសពី​សញ្ញា​គីមីការស្រាវជ្រាវ​មួយចំនួន ក៏​បាន​កំណត់ជាបឋមថា ប្រភេទឈាមមួយចំនួនក៏អាចជាកត្តាទាក់ទាញមូសបានផងដែរ។ទោះជា​យ៉ាងណាក៏ដោយ ​វេជ្ជបណ្ឌិត Ng បាន​អះអាង​ថា៖ «​ពុំទាន់មានសេក្តីសន្និដ្ឋានច្បាស់លាស់នោះទេដែលបង្ហាញពីភស្តុតាងថា ​​​ប្រភេទ​ឈាមណាមួយ​ដែល​ទាក់ទាញ​មូស​ជាងគេ​នោះ ​ប៉ុន្តែការទាក់ទាញមូសវា​ទំនងជា​ការរួមបញ្ចូល​គ្នា​នៃ​កត្តា​ជាច្រើន​ក្នុងរាងកាយជាជាង​ប្រភេទឈាមតែម៉្យាង»។

​នេះ​គឺជា​ហេតុផល​បន្ថែម​មួយចំនួន​ដែលមនុស្ស​អាចប្រឈម​នឹង​មូសខាំ​ច្រើន៖

អតិសុខុមប្រាណ​លើ​ស្បែក​៖បណ្ដុំ​បាក់តេរីតូចៗដែល​នៅលើ​ស្បែក​របស់​អ្នក​អាចមាន​ឥទ្ធិពលក្នុងការទាក់ទាញមូសមកខាំ​។បាក់តេរី​ខ្លះ​អាចបង្កើត​សារធាតុ​ការពារមូស និង​ខណៈ​ខ្លះទៀត​បែរ​ជា​បង្កើត​​សារធាតុ​​​ទាក់ទាញ​មូសទៅវិញ។​

ពណ៌​សម្លៀកបំពាក់​៖មូស​ទំនងជា​ពេញចិត្ត​នឹង​សម្លៀក​បំពាក់​ពណ៌​​ងងឹត ជាពិសេស​ពណ៌​ខ្មៅ និង​ក្រហម​។​

កត្តា​ហ្សែ​ន​៖មនុស្ស​មួយចំនួន​អាចមាន​ទំនោរ​ហ្សែ​ន​ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ខាំ​មូស​។​

ដូច្នេះ​តើ​អ្នក​អាចធ្វើ​យ៉ាងណា​ដើម្បី​កុំឱ្យ​ក្លាយជាអាហារ​ប៊ូហ្វេស​របស់មូស?

​វេជ្ជបណ្ឌិត Ng បានផ្តល់​អនុសាសន៍​ឱ្យប្រើ​ថ្នាំ​បាញ់​សត្វល្អិត​ដែលមានDEET ឬ picaridin។

អ្នក​ជំនាញ​រូប​នេះ​លើកឡើង​ថា៖«​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​មូស​។លើសពីនេះ ការ​ស្លៀកពាក់​ពណ៌​​ស្រាល សម្លៀកបំពាក់​រលុង និង​ជៀសវាង​តំបន់​ដែលមានដក់ទឹកអាចកាត់បន្ថយ​អត្រា​​​​មូស​ខាំបាន»។

​​ចំពោះ​កត្តា​មួយចំនួន​ដូចជាហ្សែន អតិសុខុមប្រាណ​លើ​ស្បែក ការ​បញ្ចេញ​កាបូនឌីអុកស៊ីត សីតុណ្ហភាព​រាងកាយនិង​​អាស៊ីត​ឡាក់​ទិ​ក ​ជាកត្តា​​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បានទេ។ ដូច្នេះ​ការយល់ដឹង​អំពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ងាយ​រង​បញ្ហា​មូស​ខាំអាច​ជួយ​ឱ្យ​រូប​អ្នក​ត្រៀម​ខ្លួន​ ជាមួយ​វិធានការ​​កាត់បន្ថយ​ឱកាសក្លាយជា​អាហារ​របស់ពួកវា៕​​

អត្ថបទពេញនិយម

ចាំអង្កាល់! មកលេង «ជ្រលងបៃតងវាលពួច» ងូតទឹកជ្រោះ ជិះខ្សែរ៉ក និងគេងស្នាក់តាមជ្រលង

ចំណាយលុយជិត៣លានដុល្លារ បង្កើតសួនផ្កាខ្នាតយក្សរូបផ្ការំដួលដ៏ស្រស់ស្អាត បង្អួត ខ្លួនលើទឹកដីសៀមរាប

លោក អ៊ុំ ប៊ុនរ៉េត សម្រេចបេសកកម្មជិះម៉ូតូម្នាក់ឯងជាង ២៩០០០ គីឡូម៉ែត រៃអង្គាសថវិកា ៦៤០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផា

ក្រុមអ្នកស្រាវជ្រាវរកឃើញ ពស់ពិសមាន ១៦ ប្រភេទ ក្នុងចំណោមពស់ដីគោក ៩៩ ប្រភេទ

សង្គមស៊ីវិល និងយុវជន ស្នើឱ្យគ្រប់ភាគីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ