មណ្ឌលគិរី:ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ទឹកធ្លាក់ «លែងអង លែងឃិន» កំពុងឈរបង្អួតខ្លួនដ៏យ៉ាងស្រស់សង្ហារកណ្តាលធម្មជាតិព្រៃភ្នំដែលមានទឹកហូរសម្រូតខ្លួនយ៉ាងខ្ពស់ ហូរកាត់ផ្ទៃថ្មធំៗ ប្រៀបបានជ្រលងអាថ៍កំបាំងដែលមានអាកាសធាតុត្រជាក់ រងាកាយ។
ដើម្បីទៅដល់គោលដៅទេសចរណ៍ទឹកធ្លាក់ «លែងអង លែងឃិន» អ្នកទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៧៦A រហូតទៅដល់ផ្លូវបំបែក រួចបត់ចូលតាមផ្លូវលំក្រហមនៅផ្នែកខាងឆ្វេងដៃ ហើយនៅផ្លូវចូលក៏មានដាក់ស្លាកសញ្ញាផងដែរ ឬអាចស្វែងរកទីតាំងតាម Googlemap បានដូចគ្នា។ បន្តដំណើរនៅផ្លូវចូល យើងនឹងបានឃើញសម្រស់ធម្មជាតិវាលខ្មៅពណ៌បៃតងខ្ចីដ៏ស្អាត លាតសន្ធឹងដាច់កន្ទុយភ្នែកដែលនេះនឹងធ្វើឱ្យអារម្មណ៍របស់អ្នក ហាក់ចង់ទៅដល់ទីតាំងទឹកធ្លាក់ឆាប់ៗ។
សម្រាប់ផ្លូវចុះទៅកាន់ទឹកធ្លាក់រាងចោទបន្តិចអ៊ីចឹងភ្ញៀវទេសចរ អាចទុកឡាននៅខាងលើបាន ដោយធ្វើដំណើរថ្មើរជើងចុះទៅខាងក្រោមប៉ុន្តែសម្រាប់ប្រភេទឡាន Pickup ឬ off road ក៏ដូចជាម៉ូតូមិនមានអ្វីចោទជាបញ្ហាឡើយ អាចជិះចុះទៅដល់ខាងក្រោមបាន។
ឈ្មោះលែងអងលែងឃិននេះគឺជាភាសារបស់បងប្អូនជនជាតិដើមភាគតិចព្នង ដែលពាក្យថា «លែងអង» មានន័យថាទី១ ចំណែកលែងឃិន មានន័យថាទី២ ហើយទឹកធ្លាក់ដ៏ស្រស់ស្អាតនេះគឺមានតែចំនួន២ដំណាក់នេះប៉ុណ្ណោះ ដោយដំណាក់ទី១ ឈ្មោះថា ទឹកធ្លាក់លែងអងដែលមានទឹកធ្លាក់រឹមៗ និងមានកម្ពស់ទាប ចំណែកទឹកធ្លាក់ដំណាក់ទី២ មានឈ្មោះថា លែងឃិនជាទឹកធ្លាក់ដែលមានកម្ពស់ខ្ពស់ និងកម្លាំងទឹកហូរខ្លាំង។
ពេលចុះទៅដល់ផ្នែកខាងក្រោមដែលជាកន្លែងលេងកម្សាន្តអ្នកទេសចរ ច្បាស់ជាបានរំសាយអារម្មណ៍ជាមួយនឹងសម្រស់ «ទឹកធ្លាក់លែងអង» ដែលមានព្រៃធម្មជាតិដុះជុំជិតមានដើមឫស្សីដុះខ្វាត់ខ្វែង ស្អាតម៉្យាង និងមានបរិយាកាសត្រជាក់ស្រួលខ្លួន។
ទឹកធ្លាក់លេងអងស័ក្តសមសម្រាប់អ្នកចូលចិត្តទឹកហូរលើផ្ទាំងថ្ម និងមានជម្រៅរាក់ ដែលទឹកមានសភាពត្រជាក់ស្រេងបំពេរដោយសំឡេងបក្សាបក្សីប្រគុំកំដរអ្នកងូតទឹកកម្សាន្ត ហើយផ្នែកខាងលើនេះក៏មានក្យូសសម្រាប់អង្គុយលេងផងដែរ តែយ៉ាងណាអ្នកដែលមកកម្សាន្ត គួរយកអាហារទៅតាមដោយសារនៅទីតាំងនេះ ហាក់ពុំសូវមានអ្នកលក់ម្ហូបអាហារឡើយ។
ងូតទឹកនៅដំណាក់ខាងលើមិនទាន់ឆ្អែតអ្នកទាំងអស់គ្នា ក៏អាចបន្តទៅលេងទឹកធ្លាក់ដំណាក់ទី២ គឺលែងឃិនដោយធ្វើដំណើរតែមួយភ្លែតដល់ហើយប្រមាណ៥នាទី។ មកទៅដល់ទឹកធ្លាក់អ្នកនឹងបានឮសន្ធឹកទឹកហូរយ៉ាងខ្លាំង ដែលនៅកៀកៗខ្លួនយើង ដើម្បីទៅដល់កន្លែងងូតទឹកយើងត្រូវដើរចុះសសៀរៗតាមជម្រាលភ្នំ ដែលមានទិដ្ឋភាពស្អាតប្លែកភ្នែក។
អ្វីដែលពិសេសនោះទឹកធ្លាក់លែងឃិន មានកម្ពស់ខ្ពស់សង្ងំលាក់កាយនៅកណ្តាលព្រៃភ្នំដ៏ក្រាស់ ដែលមានទឹកហូរបែកផ្សែងអ័ព្ទហូរពីលើផ្ទាំថ្មដែលក្រាលលើធរណី អមដោយជម្រាលភ្នំសងខាងប្រៀបដូចជាទីឋានមួយដ៏អស្ចារ្យ។
នៅក្រោមទឹកធ្លាក់ដ៏ខ្លាំងនេះមានដុំថ្មរដិបរដុបបណ្តុបគ្នា ងាយស្រួយឱ្យភ្ញៀវទេសចរងូតទឹកដ៏សែនត្រជាក់នៅទីនេះពិសេសមានដើមឈើធំមួយដើមបាក់ធ្លាក់កាត់ពីលើទឹកហូរ ដែលយើងអាចឈើពីលើវាហើយក៏ជាប្លង់ថតរូបស្អាតប្លែកសម្រាប់អ្នកដែលចូលចិត្តថតរូបបែបទេសភាពពិតៗនិងលក្ខណៈផ្សងព្រេង។
សូមជម្រាបថាខេត្តមណ្ឌលគិរី ដែនដីភូមិភាគឦសាននេះ នៅក្នុងរដូវវស្សា ទឹកធ្លាក់ ឬទឹកហូរគឺមានពណ៌ក្រហម ដោយសារទឹកភ្លៀងហូរច្រោះដីក្រហម ប៉ុន្តែបើនៅក្នុងខែ១០ ឬ១១ទីតាំងនេះគឺមានសភាពស្អាតខ្លាំង ព្រោះទឹកហូរល្មម ថ្លាយង់។
គួរបញ្ជាក់ថាទឹកធ្លាក់ធម្មជាតិលែងអងលែងឃិន មានទីតាំងស្ថិតនៅ ភូមិពូហ្សាម ឃុំសែនមនោរម្យស្រុកអូររាំង ខេត្តមណ្ឌលគិរី និងចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីផ្លូជាតិលេខ៧៦ឬមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ៕