ជីវិត និង សង្គម

កម្ពុជារំពឹងព្រឹត្តិការណ៍ GUMBALL 3000 លើកស្ទួយទេសចរណ៍ ការវិនិយោគ សប្បុរសធម៌ និងបង្កើតកំណត់ត្រាហ្គីនណេសមុខប្រាសាទអង្គរ

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ព្រឹ​ត្ដិ​ការណ៍ប្រជុំ​រថយន្ត​ប្រណីតលំដាប់​​ពិភពលោក​ Gumball 3000 នឹង​មក​ដល់​ប្រទេស​កម្ពុជា​​ជា​លើក​ដំបូង​នៅ​ពាក់កណ្ដាល​ខែ​កញ្ញាខាងមុខ ជាមួយវត្តមានរថយន្ត​ប្រមាណ ១៣០​គ្រឿង​​របស់​​មហាសេដ្ឋី តារា និង​កីឡាករ​ល្បីៗ ដែលរាជ​រដ្ឋាភិបាលរំពឹង​ថា​​នឹង​រួម​ចំណែក​​​​លើក​ស្ទួយ​ទេសចរណ៍​​ព្រះរាជាណាចក្រកម្ពុជា។

រដ្ឋលេខាធិការ​​ក្រសួងទេសចរណ៍ លោក គុជ បញ្ញា​សា បាន​ឱ្យដឹង​ថា ​គោលបំណង​ចំនួន​៤​សំខាន់ៗ​នៃ​ ការ​នាំយក​នូវ​ព្រឹត្តិការណ៍ GUMBALL 3000 រួមមាន ការជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ការចូលរួម​ចំណែក​ក្នុង​សប្បុរស​ធ​ម៌​​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ការបើកឱកាស​រវាង​អ្នកវិនិយោគទុន​ឯកជន​បរទេស និង​នៅក្នុង​ស្រុក​បាន​​ជួបគ្នា និង​ការបង្កើត​កំណត់ត្រាហ្គីនណេសពិភពលោក​នៅ​មុខប្រាសាទ​អង្គរ​​។​

​ថ្លែង​នៅក្នុង​​សន្និសីទ​សារព័ត៌មាន​នា​​​​ថ្ងៃទី​២១ ខែកក្កដា នៅផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល លោករដ្ឋលេខាធិការ​​ បាន​លើកឡើងថា​៖ «​ព្រឹត្តិការណ៍ GUMBALL 3000 គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដូច្នេះ​​យើង​នឹង​ប្រើប្រាស់​សក្ដានុពល​ដែល​យើង​មាន ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ទៅ​ពិភពលោក។ ក្នុងន័យនេះ​មិនមែន​ត្រឹមតែ Super Car កម្ពុជា​នោះទេ វា​ជា​ឱកាស​ដ៏​កម្រ​មួយ​ដែល​អ្នកល្បីៗ​បើក​ឡាន​​ទៅកាន់​ទឹកដី​អង្គរ ធ្វើឱ្យ​អង្គរ​កាន់តែ​ល្បី​បន្ថែមទៀត»​។​

ការ​ផ្សា​ភ្ជាប់វប្បធម៌​​​រថយន្ត​ សិល្បៈ ​ហ្វេសសិន និងសកម្មភាព​សង្គម

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ព្រឹត្តិការណ៍​ប្រជុំ​រថយន្ត​ប្រណីត​មួយ​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ ស្របពេល​ខួប​លើក​ទី ២៥​ឆ្នាំ នៃ​ការបង្កើត ​Gumball 3000 ដោយ​សហគ្រិន​អង់គ្លេស លោក MaximillionCooper ជាមួយ​​ចក្ខុវិស័យ​ផ្សារភ្ជាប់​ការ​ស្រឡាញ់​រថយន្ត​ជាមួយ​តន្ត្រី ហ្វេសសិន និង​វប្បធម៌។

រថយន្ដ​ប្រណីតៗ​ប្រមាណ​ ១៣០​គ្រឿង នឹង​ចំណាយពេល​ ២​យប់ ៣​ថ្ងៃ នៃ​​ព្រឹ​ត្ដិ​ការណ៍ Gumball 3000 នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១៤​ខែកញ្ញា។ នៅ​​​រាជធានី​ភ្នំពេញ អ្នក​ចូលរួម​​អាចមក​ជួបជុំ​គ្នា​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ រហូតដល់​រង្វង់​មូល​សម្ដេចសង្ឃរាជ ​​ជួន ណាត នៅ​ថ្ងៃទី ១៥ ខែកញ្ញា ២០២៤ ដើម្បីរីករាយទស្សនា​ការ​ប្រគំតន្ត្រី​ខ្នាត​ធំ នៅ​សួរ​ច្បារ​វត្តបទុមវតី​ ដោយ​ក្រុមរថយន្ត​ Gumball នឹង​មក​ដល់​នៅ​​​ចន្លោះ​ម៉ោង ៥ ​ដល់​ម៉ោង​៧យប់​។​

លោក គុជ បញ្ញា​សា បាន​លើកឡើងថា៖ «​នៅក្នុង​ព្រឹត្តិការណ៍ Gumball 300 ខាងមុខនេះ នឹងមាន​អតីត​កីឡាករ​បាល់​ទាន់​នៅ​អឺរ៉ុប​ចំនួន ៤​នាក់ ហើយ​នៅមាន​អ្នកចម្រៀងហ៊ីបហប់ តារារ៉េប​ល្បីៗ កីឡាករ សេដ្ឋី​ដែលមាន​លុយកាក់​ហូរ​ហៀរ មក​ចូលរួម​កម្មវិធី​នេះ​ផងដែរ​»​។​

ក្រៅពីជា​កម្មវិធី​ប្រជុំ​រថយន្ត​ប្រណីត​ Gumball300០ ក៏​មាន​មូលនិធិ​​​ជួយសហគមន៍ និង​​គាំទ្រការ​អភិវឌ្ឍន៍​ធនធាន​យុវជន​​ទូទាំងពិភពលោក ហើយ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ក៏​មិនខុស​គ្នាដែរ។

លោក​រដ្ឋលេខាធិការ​ក្រសួង​ទេ​សចណ៍ បាន​ឱ្យដឹងទៀត​​ថា៖ «ក្នុងចំណោម​សកម្មភាព​ធំៗ​ចំនួន ៤ ក្នុង​ដំណើរ​ទេសចរណ៍​ និង​ស្នាក់នៅ​របស់​ប្រតិភូ Gumball 3000 គឺ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចែករំលែក​ភាព​អស្ចារ្យ​ដែល​ខ្មែរ​មាន ហើយ​ប្រតិភូ​ទាំងនោះ​ក៏មាន​សកម្មភាព និង​ជំនួយ​សម្បុ​រសធម៌​ប្រកបដោយ​ស្នាមញញឹម​មិនអាច​បំភ្លេចបាន​ដល់​កម្ពុជា​ដែរ​»​។​

​​នៅ​ថ្ងៃទី​១៦ ក្បួន​រថយន្តប្រណីត​នឹង​​ចេញដំណើរ​ពី​ភ្នំពេញ ទៅកាន់​សៀមរាប ដោយ​​ឈប់​នៅ​ឃុំ​កំពង់​ឃ្លាំង​​ខេត្ត​សៀមរាប ដើម្បី​ធ្វើការ​បរិច្ចាគ​ដល់​​សហគមន៍រង​​ហានិភ័យ​ដោយ​គ្រោះ​ទឹកជំនន់ និង​ប្រកាស​គម្រោងបង្កើត​តារាងបាល់ទាត់នៅទីនោះ​។ ចុងភៅល្បី​ៗក៏​​នឹង​​ត្រូវបានអញ្ជើញ​ឱ្យ​ចម្អិន​ម្ហូប​​ជូន​ប្រជាជន​​​​សហគមន៍​កំពង់​ឃ្លាំង​ប្រហែលជា ៥០ ទៅ​១០០​គ្រួសារ មុន​នឹង​​​បន្តដំណើរ​ទៅ​ទី​រួម​ខេត្តសៀមរាប​។

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា រថយន្ត​ Gumball មាន​ចំនួន​១៣០​គ្រឿង រួមទាំង​រថយន្ត​កម្ពុជា ៥-៦​រយឡាន នឹង​​​ទៅជួបជុំ​គ្នា​​​ថតរូប​​នៅមុខប្រាសាទ​​​អង្គរ ដើម្បី​ផ្សព្វផ្សាយ​តំបន់បេតិកភ័ណ​អច្ឆរិយពិភពលោក ក៏ដូចជា​​បង្កើត​​កំណត់ត្រាឯតទគ្គកម្ម​ហ្គីនណេសពិភពលោក​ មុននឹង​ក្រុម​រថយន្ត Gumball 300 បន្តដំណើរ​ទៅ​​ប្រទេស​ថៃ​។​

លោក​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា៖ «​ការចត​ឡាន​ប្រណីតៗ​របស់​មហាសេដ្ឋី តារា​ល្បីៗ​របស់​ពិភពលោក ព្រមទាំង​ឡាន​ល្អៗ​ត្រូវ​នឹង​លក្ខ​ណ្ឌ នៃ​កម្មវិធី​នេះ​របស់​អ្នកចូលរួម​ខ្មែរ​យើង អាច​ចូល​ខ្ទង់ពាន់​គ្រឿង ដើម្បី​ឲ្យ​ក្រុមការងារ Guinness WorldRecord ធ្វើការ​វាយតម្លៃ និង​ផ្ដល់​កំណត់ត្រា ចំពោះ​ការដាក់​បង្ហាញ​ឡាន​ប្រណីតៗ និង​ច្រើនជាងគេ​របស់​មហាសេដ្ឋី និង​តារា​ល្បីៗ​នៅមុខ​ប្រាសាទ​អង្គរវត្ដ ដល់​កម្ពុជា​»។

​ជាច្រើន​ឆ្នាំ​មកហើយ ប្រាសាទ​អង្គរវត្ដ ដែលជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដាក់​ឡាន ឬ​យាន្ដ​ជំនិះ​ផ្សេងៗ​នៅមុខ​ប្រាសាទ ដើម្បី​ថត​នោះទេ​។

ជាមួយ​វត្តមាន​​មហាសេដ្ឋី​មាន​ប្រាក់​វាល់​លាន តារា​ល្បីៗ​ជុំវិញ​ពិភពលោក​ថតរូប​ជាមួយ​ឡាន​របស់ខ្លួន ដើម្បី​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ លោក ​គុជ បញ្ញា​សា បានលើកឡើង​ថា​​​៖ «​ការថតរូប​ហើយ​បង្ហោះ​នៅលើ social media គឺ​មហា​ជោគជ័យ​របស់​កម្ពុ​ជាមួយ​ដែរ ព្រោះ​យើង​គិត​មើល​ពួកគាត់​រាប់រយ​នាក់ ហើយ​ហ្វេ​នៗ និង​អ្នក​ស្គាល់​គាត់​រាប់លាន​នាក់ នឹង​បានឃើញ​រូប​ពួកគាត់​ជាមួយ​ប្រាសាទ​អង្គរវត្ដ​ខ្មែរ​យើង​។ ចំពោះ​ការ​បំបែក​កំណត់ត្រា យើង​ក៏​សង្ឃឹមលើ​ការចូលរួម​ពី​ឡាន​របស់​ខ្មែរ​យើង​មួយចំនួនធំ​ដែរ ដើម្បី​អាចធ្វើ​វា​បាន​»។​

​​ចាប់ផ្ដើមពីថ្ងៃទី ១៤ ខែ​កញ្ញា ព្រឹត្តិការណ៍​ Gumball 3000 នឹង​​ចេញដំណើរ​ពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ឆ្លងកាត់​កម្ពុជា តាម​ច្រកព្រំដែន​អន្ដរជាតិ​បាវិត ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៥ និង​ចេញទៅ​ខេត្ដ​សៀមរាប នៅ​ថ្ងៃទី​១៦ ហើយ​បន្ដ​ស្នាក់នៅ​១​យប់​នៅលើ​ទឹកដី​អង្គរ​ ​មុន​នឹង​បន្ដដំណើរ​ទៅកាន់​ប្រទេស​ថៃ ម៉ាឡេស៊ី ហើយ​បញ្ចប់​គោលដៅ​នៅ​សិង្ហ​បុរី​ នៅថ្ងៃទី ២២ ខែកញ្ញា ដោយធ្វើដំណើរ​លើ​ចម្ងាយផ្លូវ ៣០០០ ម៉ាយ (ប្រមាណ ៤៨២៨គីឡូម៉ែត្រ)៕

អត្ថបទពេញនិយម

ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក

ទីក្រុងភ្នំពេញទទួលបានពានរង្វាន់ ទិសដៅពេញនិយមបំផុត (Best of the Best Destinations) ក្នុងឆ្នាំ ២០២៤ លើគេហទំព័រ tripadvisor

រដូវភ្លៀងពិបាកថែរក្សាសក់ មកដឹងវិធីមួយចំនួននេះ ធានាថាសក់ស្អាត រឹងមាំ

អត្ថប្រយោជន៍សុខភាពនៃការទទួលទានពងក្រួចកូន

អតីតកូនអ្នកក្រគ្មានដីធ្វើស្រែ ប្រែជាអ្នកច្នៃអលង្ការពីគ្រាប់កាំភ្លើង មានការគាំទ្រទាំងក្នុង និងក្រៅស្រុក