សេដ្ឋកិច្ច

អ្នកស្រី អ៊ុន សុ​ផា​រី តស៊ូច្នៃរុក្ខជាតិជាភេសជ្ជៈ និងប្រេងរឹត

October 22, 2024
សួស យ៉ាមី
Heading
Option 1

សៀមរាបៈ អ្នកស្រី អ៊ុន សុ​ផា​រី គឺជាសហគ្រិនស្ត្រីមួយរូប ដែលបានខិតខំសិក្សាស្រាវជ្រាវដោយខ្លួនឯងរហូតអាចបំប្លែង​រុក្ខជាតិ​ទៅជា​ផលិតផលជាច្រើន​ប្រភេទ ដូចជា ​ប្រេង​រឹត តែ​ស្លឹកគ្រៃ ប្រេង​ស្លឹកគ្រៃ និង​ស្រា​ជីន​រុក្ខជាតិជាដើម។

អ្នកស្រី​បានឱ្យដឹងថា តែ​ស្លឹកគ្រៃផលិតឡើង​ពី​ស្លឹកគ្រៃ ខ្ញី រមៀត ផ្កា ដែលមាន៣​ រសជាតិ ដោយប្រភេទទីមួយ​ ​សម្រាប់​ជួយ​ប្រព័ន្ធ​រំលាយ​អា​ហារ និង​ប្រភេទ​ទី២​ សម្រាប់​ជួយ​ដល់​សរសៃប្រសាទ ​(​ជំនួយ​ដំណេក​)​ និងទី៣ ​លាយ​ផ្កា​ឡា​វេន​ឌ័​រ​ពី​បារាំង ​សម្រាប់​ជួយ​ដល់​សរសៃ​​ឈាម​។

ក្រៅពី​តែស្លឹកគ្រៃ ក៏មានផលិតផល​ប្រេង​លាប​រឹតប្រេង​ម៉ាស្សា និង​ថ្នាំ​បាញ់​មូស ហើយអ្នកស្រីក៏កំពុងតែ​ផលិត​ប្រេងកូឡា​ស្លឹកគ្រៃ សម្រាប់​លាប​កុំឱ្យ​មូស​ខាំ និង​សត្វ​ទិច​ផងដែរ​។ 

ជាមួយគ្នានេះ ​ផលិតផល​ថ្មី​គឺ​ស្រា​ជីន ក៏កំពុងដាក់លក់នៅលើទីផ្សារដែរ ដែល១​ដប​មាន​ចំណុះ​កន្លះ​លីត្រ​ ​ផលិតឡើង​ពីម្រះព្រៅ រមៀត ខ្ញី ខ្ញី​ព្រៃ ក្រវាញ ម្រេចជាដើម និង​គ្រឿងផ្សំ​តិចតួច ដែលការផលិតស្រដៀង​ទៅនឹង​ការ​បិតស្រា​អង្ករ ដោយ​ត្រូវ​ត្រាំ​គ្រឿងផ្សំ​ចំនួន២​ សប្ដាហ៍ និង​បិត​ទៅតាម​មុខ​នីមួយៗ ទើប​លាយ​ចូលគ្នា និង​បិត​ម្ដងទៀត​។

មានដីចម្ការ​ក្បែរ​ជើងភ្នំ​គូលែន​ អ្នកស្រី សុផារីបញ្ជាក់ថា ដំណាំនៅក្នុងចម្ការរបស់អ្នកស្រី សុទ្ធសឹងជាដំណាំមិនប្រើសារធាតុ​ជាតិគីមី ដូចជា ដើម​ស្លឹកគ្រៃ រមៀត ខ្ញីក្រូច និង​ម្រះព្រៅជាដើម។  មិនតែប៉ុណ្ណោះទាក់ទងនឹងដំណើរការផលិត រាប់ចាប់តាំងពី​ការដាំដុះ ប្រមូល​ផល ហាន់ រហូតដល់​បិតជាផលិតផល គឺ​សិប្បកម្ម​អ្នកស្រី ធ្វើ​ដោយ​ដៃទាំងអស់ និងមាន​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ត្រឹម​​ត្រូវ។

លើសពីនេះ សហគ្រិន​ស្ដ្រីរូបនេះ មិនត្រឹមតែជាអ្នកបង្កើត​របរ​អា​ជីវ​កម្ម​ប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី ក៏ជាអ្នករក​ទីផ្សារ​ និង​លក់ផលិតផលដោយខ្លួនឯងផងដែរ។ ​

​ប្រេង​ស្លឹកគ្រៃ​សម្រាប់​លាប​រឹតមាន​តម្លៃ ១ ​លីត្រ​ជាង ១០០ ​ដុល្លារ​ គឺមានការ​ពេញនិយមណាស់ ​ជាពិសេស​អតិថិជន​វ័យ​ចំណាស់ ​សម្រាប់​បំបាត់​អាការ​ឈឺដៃ​ឈឺ​ជើង​។ ចំពោះ​ស្រា​ជីន អ្នកស្រី​បោះ​ដុំ​នៅ​ក្រុង​សៀម​រាប និង​រាជធានី​ភ្នំពេញដូចជា ម៉ា​ត ហាង​ស្រា និង​ផ្សារ​ទំនើប​អ៊ី​អន​។ ដូចគ្នា​ដែរ ផលិតផល​តែវិញ ក៏ត្រូវ​បាន​អ្នក​​ស្រី​បោះ​ដុំ​ទៅតាម​ហាង ដែល​ពួកគេនឹង​លក់រាយ​បន្ដ​សម្រាប់​អ្នក​និយម​ផលិត​ផល​ក្នុងស្រុក​។

អ្នកស្រី​ឱ្យដឹងថា ស្រា​ជីន ១ ​ដប​កន្លះ​លីត្រ មានតម្លៃ​លក់រាយ ២២,៥០ ​ដុល្លារ ចំណែកតែ ៣​ប្រភេទ​មានតម្លៃ ២​ ម៉ឺន​រៀល ដោយ ១​កញ្ចប់មាន​ទម្ងន់​ ៥០ ​ក្រាម​។ ទន្ទឹមនឹងនេះ អ្នកស្រី​ ក៏មាន​គម្រោង​ស្វាគមន៍​ភ្ញៀវ​មក​ទស្សនា​ក​សិ​ដ្ឋា​នរបស់អ្នកស្រី ក៏ដូចជា​សម្រាប់​ដំណើរ​ទេសចរណ៍ភ្លក្ស​ភេសជ្ជៈ និង​ការ​ស្នាក់នៅ​កសិដ្ឋាន​ រួមជាមួយ​នឹង​សកម្មភាព​ដើរលេង​នៅ​ភ្នំ​គូលែន​ផងដែរ​៕

អត្ថបទពេញនិយម

«កាហ្វេសំរាម» ហាងកាហ្វេដ៏ពេញនិយមលើភ្នំគិរីរម្យ ដែលអ្នកទេសចរមិនដែលរំលង

ឈីស និងយ៉ាអួរស្រស់ផលិតនៅខ្មែរ កែច្នៃពីទឹកដោះគោស្រស់មួយខែអស់ ៤-៥ តោន

ការងារចំនួន៥ ដែលមានទីផ្សារ សម្រាប់យុវជននៅសម័យឌីជីថល

ប្រទេសចិនបង្កើតបណ្តាញសាកល្បង ៦G ដំបូងបង្អស់លើពិភពលោក

ទីងមោងមុខយក្សផលិតពីស្មាច់ដំបូងគេ យកគំរូតាមចម្លាក់យក្សនៅប្រាសាទអង្គរធំ