ជីវិត និង សង្គម

ជាង១៧ឆ្នាំ អង្គការទន្លេគ្លីនិកផ្ដល់ការព្យាបាលឥតគិតថ្លៃ ៣៦ម៉ឺនករណី ដល់សហគមន៍ក្រីក្រនៅបឹងទន្លេសាប

October 24, 2024
August Stella
Heading
Option 1

សៀមរាប​៖ ចាប់តាំងពី​ឆ្នាំ ២០០៧ មក អង្គការ​ទន្លេ​គ្លីនិក​-​កម្ពុជា (TLC) បានផ្តល់​សេវា​សុខភាព​ទូទៅ​ដោយ​ឥតគិតថ្លៃ​ជាង ៣៦០០០០ ករណី​ ដោយផ្ទាល់​ដល់​កុមារនិង​មនុស្សពេញវ័យ នៅតាម​​​សហគមន៍ក្រីក្រ​ដាច់ស្រយាលក្នុង​​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប។

​លោកស្រី ឃឹម ចាន់ថា ប្រធានការិយាល័យ​អង្គការ​ទន្លេ​គ្លីនិក​-​កម្ពុជាបាន​ឱ្យដឹងថា អង្គការ​ប្រតិបត្តិការដោយ​មិនគិតកម្រៃ​អ្វីទាំងអស់​​នៅ​​​​ខេត្តសៀមរាបនិង​ខេត្តកំពង់ធំ ក្នុង​បរិវេណ​ភូមិ​បណ្ដែត​ទឹក។

លោក​ស្រី​បាន​ប្រាប់​សារព័ត៌មាន SR ឱ្យដឹងថា​៖ «និយាយ​ទៅ​យើង​ជួយ​ដោយ​សប្បុរសធម៌​តែម្ដងមិន​ថា​ការពន្យារ​កំណើត មិន​ថា​ថ្នាំលេប ឬ​ពិនិត្យ​សុខភាពពិនិត្យ​ផ្ទៃពោះ​អ្វី​ទេ​»​។

​អង្គការ​ទន្លេ​គ្លីនិក​-​កម្ពុជា​ទទួល​ព្យាបាលជំងឺទូទៅនិង​ទៅ​តាម​​​កម្រិតជំងឺ​។ ​ក្នុងករណី​​​​​ធ្ងន់ធ្ងរ អង្គការ​នឹងបញ្ជូន​អ្នកជំងឺ​​​​ទៅ​ពេទ្យ​ដែល​នៅ​ជិតតាមរយៈការ​​សហការ​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ខេត្ត​។​

​លោកស្រី​ប្រធានការិយាល័យ​អង្គការ​ទន្លេ​គ្លីនិក​-​កម្ពុជាបាន​បញ្ចាក់​បន្ថែមថា​៖ «បើ​ករណី​ទាក់ទង​នឹង​អ្នកជំងឺ​កុមារនិង​បញ្ចូល​ទៅ​មន្ទីរពេទ្យ​ខេត្ត ឬ​មន្ទីរពេទ្យ​គ​ន្ធបុប្ផា ដោយមាន​លិខិត​បញ្ជូន​អ្នកជំងឺ​ត្រឹមត្រូវនិង​ដឹង​ជញ្ជូន​គាត់​តាមរយៈ​ទូក និង​ឡាន​របស់​អង្គការ»។​​

​សព្វថ្ងៃ អង្គការ​​មាន​គ្រូពេទ្យ​ប្រចាំ​ការ​ចំនួន៩​នាក់ ដែល​នៅចាំ​ផ្ដល់​សេវា​ព្យ​បាល​​តាម​គោលដៅ ព្រមទាំង​​​ពេទ្យ​ចុះ​​កម្មសិក្សានិង​ពេទ្យ​ស្ម័គ្រចិត្តផង​ដែរ​​។​

​ស្ទើរតែ​គ្រប់គ្រួសារ​​នៅ​​ក្នុង​​​តំបន់ដែល​អង្គ​ការចុះទៅ​ព្យាបាលពួកគាត់​បានរក្សាទុក​​​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​ជាមួយ​ក្រុមគ្រូពេទ្យប្រចាំការ​ ដើម្បី​ងាយស្រួល​ក្នុងករណី​​មាន​បញ្ហា​សុខភាព​ណាមួយ​។

លោកស្រី ចាន់ថា បាន​ឱ្យដឹង​ថា​៖ «​អ្នក​ដែល​រស់​តាម​តំបន់​នោះ​គាត់​មាន​លេខ​ទូរ​សព្ទ​អង្គការ ឬ​វេជ្ជ​បណ្ឌិត​របស់​យើង​នៅក្នុង​ភូមិ​គាត់​ហើយ​ហើយ​យើង​មាន​ក្រុម​មួយទៀត គឺ​ក្រុម​សហគមន៍គាត់​តែងតែ​ដើរ​តាម​ផ្ទះ​មើល​អ្នកជំងឺ​មួយចំនួន ដែល​ដេក​ឈឺ​នៅលើផ្ទះនិង​មានការ​រាយការណ៍​មកកាន់​អង្គការ ឬ​ទៅកាន់​វេ​ជ្ជ​បណ្ឌិត​ផ្ទាល់​ឱ្យ​ចុះទៅពិនិត្យ​ព្យា​ល​បាល​នៅនឹងកន្លែង​តែម្ដង​»​។​

​​អង្គការ​ទន្លេ​គ្លីនិក​កម្ពុជាធ្វើការ​ព្យាបាល​នៅលើ​ផែបណ្តែត​ទឹក​នៅតាម​គោលដៅ​នៃ​ខេត្តសៀមរាប​ចំនួន ២ ទីតាំង និង​ខេត្តកំពង់ធំ​ចំនួន៣ ទីតាំង ។​

​លោកស្រី ចាន់ថា បាន​បន្តថា​៖ «​អង្គការ​ទន្លេ​គ្លីនិក​កម្ពុជាមាន​ចំណត​ផែបណ្តែត​ទឹកតូចៗ​សម្រាប់​ទទួល​ព្យាបាល​​អ្នកជំងឺ​នៅ​ខេត្តសៀមរាប​ចំនួន ២ចំណត​ផែ នៅក្នុង​ភូមិ​មាត់​ខ្លា និង​ភូមិ​ស្ទឹង​ជ្រៅ ចំណែក​ខេត្តកំពង់ធំមាន​ចំណត​ផែ ចំនួន​៣ គឺ​ភូមិ​ពេជ្រ​ចក្រី ភូមិ​ពាម​បាង និង​ភូមិ​ខ្សាច់​ជីរ​ស់​»​។​

នៅ​​​ខេត្តកំពង់ធំ អង្គការ​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ព្យាបាលជំងឺ​ចំនួន៦ ភូមិ គឺ​ភូមិ​ពៅ​វើ​យ ភូមិ​ពេជ្រ​ចក្រី ភូមិ​ពាម​បាង ភូមិ​បាឡតនិង​ភូមិ​ដូន​ស្តើង ឃុំ​ពាម​បាង ស្រុង​ស្ទោង (​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្ទោងមណ្ឌល​សុខភាព​ម្សាក្រង​) ព្រមទាំង​ ភូមិ​ខ្សាច់​ជីរ​ស់ ឃុំ​កំពង់​គោស្រុក​កំពង់ស្វាយ (​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ កំពង់ធំមណ្ឌល​សុខភាព​កំពង់​គោ​)​។​

​​​ដោយ​អង្គការ​ទន្លេ​គ្លីនិក​កម្ពុជាមើលឃើញថា នៅ​តំបន់​​ស្ទឹងសែន ខេត្តកំពង់ធំ មាន​អ្នកជំងឺ​ច្រើន និង​មិនមាន​ការផ្លាស់ប្ដូរ​ទីតាំង​រស់នៅខុស​ពី​​អ្នកភូមិ​បណ្ដែត​ទឹក​មួយចំនួន​ដែល​រស់នៅក្នុង​ខេត្តសៀមរាបនោះ​ទើប​អង្គការ​សម្រេច​​​ដាក់ទីតាំង​​គ្លីនិកប្រចាំការ​​ ដើម្បី​ចុះ​ធ្វើ​សកម្មភាព​ជួយសង្គ្រោះនិង​ព្យាបាល​ជំងឺ​។​

​ចំណែក​​គ្លីនិក​​​ដែល​ស្ថិត​នៅ​ចំណត​ផែ​ផ្សេងៗ​ទៀតជារៀងរាល់សប្ដាហ៍ ក្រុមគ្រូពេទ្យបាន​​​ចុះ​ចល័ត​ទៅតាម​ភូមិ​គោលដៅ​ ដោយ​មិន​មានការ​ប្រចាំការ​នៅ​ទីតាំង​ផ្ទាល់​​ដូច​ទៅ​នៅ​ភូមិ​ខ្សាច់​ជីរ​ស់ តាម​​ដងស្ទឹង​សែន ខេត្តកំពង់ធំ​នោះទេ​។​

​លោកស្រី ចាន់​ថា ​បាន​បញ្ជាក់ថា​៖ «​យើង​ដាក់​គ្លីនិក​ប្រចាំ​មួយកន្លែង​នៅ​ភូមិ​ខ្សាច់​ជីរ​ស់ ខេត្តកំពង់ធំដោយសារ​ខាង​ហ្នឹង​សម្បូរ​អ្នកជំងឺ ហើយ​នៅ​រៀងរាល់ថ្ងៃ ច័ន្ទ​ដល់​ថ្ងៃ​ពុធយើង​មាន​ពេទ្យ​យើង​មួយក្រុម មាន​ឈ្មោះថា​ក្រុម​ទន្លេ ចុះទៅ​ទាំង​ ២​ខេត្ត។ នៅ​ខេត្តសៀមរាប​យើង​ចុះទៅ​ភូមិ​មាត់​ខ្លាភូមិ​ស្ទឹង​ជ្រៅ ឯ​នៅ​កំពង់ធំ ភូមិ​ពៅ​វើ​យ ភូមិ​ពេជ្រ​ចក្រី ភូមិ​ពាម​បាងភូមិ​បាឡត ភូមិ​ដូន​ស្ដើង ចំណែក​មួយក្រុម​ទៀត​ដែលមាន​ឈ្មោះថា ក្រុម​ស្ទឹងសែនចុះ​នៅ​ភូមិ​ខ្សាច់​ពីរ​ស់ នៅ​រៀងរាល់ថ្ងៃ​អង្ការ ដល់​ថ្ងៃ​ព្រហស្បតិ៍​»​។​

​រៀងរាល់​ពេល​ចុះ​ទៅតាម​ភូមិ​នីមួយៗ​អង្គការ​ទន្លេ​គ្លីនិក​តែងតែ​ផ្ដល់ដំណឹង​ទៅឱ្យ​មេភូមិមេឃុំ​នៅ​ទីនោះ​ដឹង​មុន​មួយ​សប្តាហ៍ដើម្បីឱ្យ​មេភូមិ​ប្រកាស​ដំណឹង​នេះ​ទៅកាន់​ដែលមាន​ជំងឺ​នៅក្នុង​ភូមិ​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​ដោយ​ពុំ​បង់ប្រាក់​។

​លោកស្រី ឃឹម ចាន់ថា បាន​ប្រាប់​បន្តថា​៖«​នៅ​ក្រៅពី​ការពិនិត្យនិង​ព្យាបាល​អ្នកជំងឺ​នៅក្នុង​តំបន់​មួយចំនួន​នៃ​បឹង​ទន្លេសាប​ហើយអង្គការ​ទន្លេ​គ្លីនិក​ក៏មាន​សកម្មភាព​ជាច្រើន​ដូចជាចុះ​អប់រំ​អ្នករស់នៅ​តំបន់​ភូមិ​បណ្ដែត​ទឹក ការថែទាំ​សុខភាព​តាម​ផ្ទះមានការ​ចែកជូន​ធុង​ចម្រុះ​ទឹកស្អាត ផ្ដល់​គ្រាប់ពូជ និង​បច្ចេកទេស​ដាំ​ដំណាំ​លើ​សួន​បណ្ដែត​ទឹក​ផងដែរ​»​។​

​នាពេល​អនាគត  ​អង្គការ​មាន​គម្រោង​​​ទៅកាន់​ភូមិ​ដទៃទៀត​ ដែល​នៅ​ខ្វះខាត​សេវា​ថែទាំ​ទាំងនេះដើម្បី​ពង្រីក​សេវាកម្ម​ថែទាំ​សុខភាព​​ឱ្យបាន​កាន់តែ​ធំ​ទូលាយ​ជាង​មុន​។

បច្ចុប្បន្ន​អង្គការ​ទន្លេ​គ្លីនិក​-​កម្ពុជាមាន​ផល​លំបាក​ទៅលើ​ថវិការ​ទ្រទ្រង់​អង្គការដោយមាន​ការចំណាយ​ច្រើន​ទៅលើ​ថ្នាំសង្កូវ សម្ភារៈ​ និង​ការធ្វើដំណើរ​ជាដើម​។ ​ការ​រ៉ាប់រង​ការ​​ចំណាយ​នាពេលនេះគឺ​បានមកពី​ថវិកា​សប្បុរសធម៌​ ​ដែលត្រូវ​​បាន​បរិច្ចាគ​ទៅកាន់​មូលនិធិ​របស់​អង្គការ​ប៉ុណ្ណោះ​។នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ឃឹម ចាន់ថានៃ​អង្គការ​ទន្លេ​គ្លីនិក​-​កម្ពុជា​។​

ព័ត៌មាន​បន្ថែម ឬសម្រាប់​ការ​​បរិច្ចាគ​ទ្រទ្រង់​អង្គការ​ទន្លេ​គ្លីនិក​-​កម្ពុជាសូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១២៣៩០១១៨ ទំព័រហ្វេសប៊ុក The Lake Clinic Cambodia ឬវិបសាយ www.lakeclinic.org

អត្ថបទពេញនិយម

ទិវាបង្ការការលង់ទឹកពិភពលោក អង្គការនៅកម្ពុជានៅតែពុះពារដោះស្រាយបញ្ហានេះ

ភ្លេង«ពិណពាទ្យ» វង់ភ្លេងខ្មែរដ៏ចំណាស់ មិនមែន ភ្លេង«សៀម»

ចំណាយលុយជិត៣លានដុល្លារ បង្កើតសួនផ្កាខ្នាតយក្សរូបផ្ការំដួលដ៏ស្រស់ស្អាត បង្អួត ខ្លួនលើទឹកដីសៀមរាប

សិតទៀនវស្សា ជាព្រះរាជពិធី និងជាទំនៀមរបស់ពុទ្ធបរិស័ទ មានសារៈសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា

អ្នកស្រាវជ្រាវអះអាងថា ពស់ត្បាល់ គ្មានទេក្នុងពិភពលោក