សេដ្ឋកិច្ច

ស្ត្រីជាកសិករនៅកំពង់ធំកាក់កបនឹងអាជីវកម្មចិញ្ចឹមក្រួចស្រួលថែ និងឆាប់បានផល

October 22, 2024
Heading
Option 1

កំពង់ធំ : ស្ត្រី​កសិករ​​នៅកំពង់ធំម្នាក់​បាន​កែប្រែជីវភាព​ឱ្យ​ប្រសើរឡើង​ក្រោយ​ពីសិក្សា​ដឹង​ថាសត្វ​ក្រួច​ងាយស្រួលចិញ្ចឹម ហើយថែមទាំងមានទីផ្សារល្អ។​

ធ្លាប់ជាអ្នក​ចិញ្ចឹម​មាន់ អ្នកស្រី ឡុងស្រី​រ៉ា មានបទពិសោធន៍​និង​បច្ចេកទេសចិញ្ចឹម​មាន់​​ជាច្រើន​ឆ្នាំ មក​ហើយ។ ​​កាលណោះ​អ្នកស្រី​ត្រូវ​​ការចំណាយ​ថវិកា​ច្រើន​លើ​ការ​ផ្តល់​ចំណី​​ឲ្យសត្វ​មាន់​ ​បាន​​គ្រប់គ្រាន់ការ​ចាក់​វ៉ាក់សាំង​ការពារ និងការ​​មើលថែទាំ​វា​ឱ្យបាន​ដិតដល់​។ ដោយ​ពុំសូវទទួល​បាន​ប្រាក់​ចំណេញ ទើប​​​នៅក្នុង​ឆ្នាំ​ ២០១៨អ្នកស្រី​បានងាក​មក​ចិញ្ចឹមសត្វ ក្រួច​សាក​ល្បង​វិញ។

កសិករ​ស្រី​រ៉ាបានប្រាប់ SR News ថា៖ «​ក្រួ​​ចងាយ​ស្រួល​ចិញ្ចឹម​ជាងមាន់ព្រោះវាទាមទារ​រយៈពេល​ខ្លី​ក្នុង​ការ​ចិញ្ចឹម និង​​ប្រមូល​ផល​សាច់​លក់បានលឿន»​។​

​ដំណាក់​ការ​ដំបូង អ្នកស្រីបាន​​ចំណាយ​ដើមទុន​ប្រមាណ ១៥​ម៉ឺន​រៀល​លើ​ការ​ភ្ញាស់ ពង​ក្រួច​​ ២០០​គ្រាប់ និង​ចំណី។ ពងក្រួច​ដែលភ្ញាស់​បានកូន​ប្រមាណ ១០០​ក្បាល ហើយ​​អ្នកស្រីបានប្រើ​ទ្រុងមាន់​ដែលមាន​​​ស្រាប់​​​​សម្រាប់​​​ចិញ្ចឹម​​ក្រួច​បន្ត។

ចំណាយ​រយៈពេល​ប្រមាណ​ ២៥​ថ្ងៃ​ទៅ​ ៣៥​ថ្ងៃ​នៃ​ការចិញ្ចឹម​ក្រួចអ្នកស្រីអាច​ប្រមូល​ផលសាច់ និងពង​​ក្រួច​បានជាច្រើន​សម្រាប់លក់ និង​ភ្ញាស់បន្តពូជ​​។

ដោយ​សត្វ​ស្លាប​មួយ​ប្រភេទ​នេះ​មាន​រសជាតិ​ឆ្ងាញ់ចិញ្ចឹម​ឆាប់​ទទួលបាន​ផល និង​មាន​ទីផ្សារ​ល្អ​កសិករ ស្រី​រ៉ា បាន​បន្ត​​​ចិញ្ចឹម​ក្រួចអស់​​រយៈពេល ៦​ឆ្នាំ ​​​ជាមួយការ​​​​​​ទទួលបាន​ទិន្នផល​ខ្ពស់ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​។

ទោះជាយ៉ាងណាក៏ដោយ ក៏​អ្នកស្រីបាន​បញ្ជាក់ថាក្រៅពី​ចំណាយ​លើ​ចំណី​ក្រួច អ្នកស្រី​ក៏ត្រូវ​​ចាក់​វ៉ាក់សាំង​​ឱ្យ​ពួកវា​​ដូច​មាន់​ដែរ។

​អ្នកស្រី ស្រីរ៉ា បាន​រៀបរាប់ថា៖ «ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អាសន្នរោគ​ចំពោះ​ក្រួច​ដែល​យើង​ទុក​សម្រាប់​ធ្វើជា​មេបា​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​រាល់​៦​ខែម្ដងហើយ​សម្រាប់​កូន​ក្រួច​សាច់​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​រាល់​ ១៥​ថ្ងៃ​ម្ដងនិង​ចំពោះ​រដូវភ្លៀង​គឺ​យើង​ត្រូវ​ប្រើ​ថ្នាំ​ការពារ​ជំងឺ រាកស រាក​ខៀវ និង​ផ្ដាសសាយហើយ​សម្រាប់​ខែ​ក្ដៅ​វិញ​យើង​ប្រើ​ថ្នាំ​ប៉ា​រ៉ា​លាយ​ជាមួយនិង​វីតាមីន​ស៊ី​ ដាក់​លាយ​ជាមួយ​ចំណីឲ្យ​វា​ស៊ី ដើម្បី​កាត់​បន្ថយស្ត្រេ​ស ហើយ​ការ​លាយ​ចំណី​វិញ ចំណី ១​តោន  ត្រូវ​លាយ​ជាមួយ វីតាមីន ​១​គីឡូក្រាម»​។

ក្រៅពី​ចិញ្ចឹម​ក្រួចយក​​​សាច់ អ្នកស្រីស្រី​រ៉ា ក៏​ចិញ្ចឹម​ក្រួច​ធ្វើជា​មេបា សម្រាប់​យក​ពង និងភ្ញាស់​កូនដើម្បី​ផ្គត់​ផ្គង​ទីផ្សារ​ផងដែរ​។​

ចំពោះ​ទីផ្សារ​លក់​កូន​ក្រួច​វិញ អ្នក​ស្រី​លក់​ចាប់ពី​អាយុ​ ៣​ថ្ងៃក្នុង ​១​ក្បាល តម្លៃ ​៨០០​រៀល អាយុ​ ៥​ថ្ងៃ ១​ក្បាល ​តម្លៃ ១០០០​រៀលអាយុ​ ៧​ថ្ងៃ​ ១​ក្បាល​តម្លៃ​ ១២០០​រៀល និង​ ១០​ថ្ងៃ ​១​ក្បាល​តម្លៃ ​១៥០០​រៀល​។ ក្រួច​សាច់​ក្នុង​មួយ​ក្បាល​តម្លៃ​ចន្លោះ​ប្រមាណ​ពី ២៨០០​រៀល​ទៅ​ ៣៥០០​រៀល​។​

​អ្នកស្រី​ស្រី​រ៉ា​​បាន​បញ្ចា​ក់ថា​៖ «​ក្រួច​របស់ខ្ញុំ​មាន​ទីផ្សារ​ល្អហើយ​ខ្ញុំ​ក៏​មិនដឹងថា​អ្នកដទៃ គាត់​ចិញ្ចឹម​និង​រក​ទីផ្សារ យ៉ាងម៉េច​ទេទើប​មិនមាន​ទីផ្សារ ហើយ​ឈប់​ចិញ្ចឹម​នោះ ខ្ញុំ​លក់​ក្រួច​គិត​ជាវ​គ្គ រាល់​៥ថ្ងៃ​ម្ដង ចាប់ ពី ១០០០​ក្បាល ទៅ ១៥០០​ក្បាលចំពោះ​ការប្រមូល​ផល​ពង​វិញ​ក្នុង​មួយថ្ងៃ​ប្រមាណ ៤៥០ គ្រាប់ សម្រាប់​មេបា ៦០០​ក្បាល»។​

​ប៉ុន្តែ​ទន្ទឹមនឹង​ការប្រមូល​ផល​នេះ កសិករវ័យ​​​ ៣៣​ឆ្នាំ​រូបនេះ​បាន​ប្រាប់ថាចាប់ពី​​ខែធ្នូ រហូតដល់ ខែមីនា ក៏មាន​ការផ្ទុះ​ជំងឺ​អាសន្នរោគ​ដែល​ធ្វើ​ឲ្យ​ក្រួច​ងាប់​ក្នុង​រយៈពេល​ខ្លី​ផងដែរ។

​ផលវិបាក​មួយទៀត​គឺ​ឈ្មួញ​តែងតែ​បន្ទាប​តម្លៃ​ដោយ​ប្រៀបធៀប​ក្រួច​សាច់​ក្នុងស្រុកជាមួយនឹង​ក្រួច​នាំចូលក្នុង​​តម្លៃ​ប្រហែល ២៥០០​រៀល​ប៉ុណ្ណោះ​ក្នុង ​១​ក្បាល ដែល​ជា​តម្លៃ​មិន​ចំណេញ​ទេ​។

អ្នកស្រីបានបញ្ជាក់ថា៖ «តម្លៃ​ក្រួច​ដែល​អាច​ចំណេញ​បាន​គឺ​ចាប់ពី​តម្លៃ ២៨០០​រៀល​ឡើងទៅ ក្នុង ១​​ក្បាល​»។​​

ការចិញ្ចឹម​ក្រួ​ច​គឺជា​របប​គោល​មួយ​នៅក្នុង​គ្រួសារ​របស់​អ្នកស្រី​ក្រៅពី​ចិញ្ចឹមមាន់ ទា និង​ក្ងាន ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នកស្រីបាន​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃទាំង​ការចាយវាយ  ការ​បង់ថ្លៃ​សាលា​​កូន លទ្ធភាព​បង់​ផ្ដាច់​ធនាគារ​និងការ​សាងសង់​ផ្ទះ​បាន​មួយ​ខ្នង​យ៉ាង​សមរម្យ​សម្រាប់​ការ​រស់​នៅ​ប្រចាំថ្ងៃ​។​

​ជាមួយ​​ជោគជ័យ​ក្នុងការ​ចិញ្ចឹមសត្វ​ក្រួចកសិករ ស្រី​រ៉ា ក៏បាន​ផ្ដាំ​ទៅ​អ្នក​ចិញ្ចឹមសត្វ​ក្រួច​ទាំងឡាយថា៖ «​កុំ​ឲ្យ​ស៊ី​ចំណី​ផ្ដេសផ្ដាស​ក្រៅពី​ចំណី​ប្រចាំថ្ងៃនិង​​មិន​ត្រូវ​លាយ​ចំណី​ជាមួយ​ក​ន្ទួ​ក​ឬក៏​ប្តូរ​ចំណី​នោះទេ ព្រោះវា​បណ្ដាល​ឲ្យ​ក្រួច​អាក់​ពង»​​។

អ្នកស្រី​ក៏​រីករាយ​នឹង​ចែករំលែក​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម​ក្រួច​នេះទៅដល់​អ្នក​ដែល​ចង់​សាកល្បង​ចិញ្ចឹម​វាដែរ​ ព្រោះ​មុខរបរ​មួយ​នេះអាច​​ទទួលបាន​ប្រាក់កម្រៃ​ល្អ និង​ង​អាច​ដោះស្រាយ​ជីវភាព​គ្រួសារឱ្យប្រសើរឡើង​​។​

​​កសិករ​ចិញ្ចឹម​ក្រួច អ្នកស្រី ឡុង ស្រី​រ៉ាមាន​ទីលំនៅ​ក្នុង​ភូមិត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។ទំនាក់ទំនង​អ្នកស្រី​​តាម​ទំព័រ​​ហ្វេ​ស​ប៊ុ​កឈ្មោះ​ Veasna Oun Ra II និង​លេខ​ទូរ​ស័​ព្ទ​ ០៧៨ ៥០០ ៨០៧៕

អត្ថបទពេញនិយម

«ភ្នំទឹកធំ» ឈរកណ្តាលទឹក ស្អាតខ្លាំងក្នុងរដូវវស្សា ជាប់ព្រំដែនវៀតណាម

ចំណាយលុយជិត៣លានដុល្លារ បង្កើតសួនផ្កាខ្នាតយក្សរូបផ្ការំដួលដ៏ស្រស់ស្អាត បង្អួត ខ្លួនលើទឹកដីសៀមរាប

កីឡាការិនីចំបាប់ស្ត្រីទី១របស់សិង្ហបុរីប្តេជ្ញាមិនរាថយលើសង្វៀន

តិចនិក ៥យ៉ាងដើម្បីថែរក្សាស្បែកមុខក្នុងអំឡុងពេលវិស្សមកាល

ការញ៉ាំឈីសទាំងដុំៗច្រើនលើសកំណត់ នាំឱ្យអ្នកកើតជំងឺជាច្រើន