មុខឡើងមុនបណ្តាលមកពីរងនូវឥទ្ធិពលពីកត្តាផ្សេងៗ ជាពិសេសរបបអាហារ ថ្ងៃនេះសារព័ត៌មាន SR News នឹងលើកយកអាហារមួយចំនួនដែលជាទូទៅអាចបង្កឲ្យកើតមុនបាន៖
ប្រភេទអាហារ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់
អាហារនិងភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ នាំឱ្យបង្កើនការផលិតអាំងស៊ុយលីន ដែលបណ្តាលឱ្យ មានការកើនឡើងយ៉ាងឆាប់រហ័សនៃកម្រិតជាតិស្ករក្នុងឈាម។ កម្រិតអាំងស៊ុយលីនកើនឡើង អាចបង្កឱ្យមានការបញ្ចេញអរម៉ូនដែលបង្កើនការផលិតប្រេងនៅក្នុងស្បែកដែលអាចនាំឱ្យ កើតមុនបាន។ ឧទាហរណ៍មានដូចជា៖នំបុ័ងពណ៌ស បាយស អាហារសម្រន់ បង្អែម (សូកូឡា នំខេក ខូឃី) ភេសជ្ជៈផ្អែម (សូដាភេសជ្ជៈប៉ូវកម្លាំង និងទឹកផ្លែឈើមួយចំនួនជាដើម)។
ផលិតផលទឹកដោះគោ
ការសិក្សាមួយចំនួនបង្ហាញថាការទទួលទានទឹកដោះគោគឺបណ្តាលអោយកើតមុន ដោយសារ ទឹកដោះគោអាចមានឥទ្ធិពលលើកម្រិតអរម៉ូន (អរម៉ូនដែលត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងឈាម) ដែលជំរុញឱ្យកើតមុន។ ផលិតផលទឹកដោះគោដែលគួរជៀសវាងមានដូចជា៖ទឹកដោះគោជូរ ឈីស ការ៉េម និងទឹកដោះគោដែលមានជាតិស្ករបន្ថែម។
ប្រភេទអាហារចៀន និងបំពង
អាហារដែលសម្បូរទៅដោយជាតិខ្លាញ់និងប្រេងដែលមិនល្អសម្រាប់សុខភាពអ្នកគួរជៀសវាង ជាពិសេសអាហារដែលបំពង ឬកែច្នៃអាចជំរុញការរលាក និងអាចធ្វើឲ្យកើតមុនកាន់តែធ្ងន់ធ្ងរ។ ឧទាហរណ៍រួមមាន៖ ដំឡូងបារាំងបំពង មាន់បំពងជាដើម។
អាហារកែច្នៃ
ប្រភពអាហារកែច្នៃជាច្រើនសុទ្ធតែមានកាបូអ៊ីដ្រាតចម្រាញ់ជាតិស្ករបន្ថែម ខ្លាញ់មិនល្អ និងគ្រឿងផ្សំសិប្បនិម្មិតដែលអាចរួមចំណែកដល់ការកើតមុន ។ ឧទាហរណ៍រួមមាន៖ អាហារសម្រន់ខ្ចប់នំខូគី មីកញ្ចប់ ស៊ុបខ្ចប់ សាច់ក្រក់ និងសាច់ក្រហមជាដើម។
គ្រឿងស្រវឹង
អាល់កុលមិនបណ្តាលឱ្យកើតមុនដោយផ្ទាល់តែក្នុងជាតិអាល់កុលអាចនាំឱ្យខ្សោះជាតិទឹក និងរលាក ដែលធ្វើឱ្យស្បែកងាយនឹងបែកញើស វាក៏អាចប៉ះពាល់ដល់កម្រិតអរម៉ូននិងមុខងារថ្លើម ដែលអាចរួមចំណែកដល់បញ្ហាស្បែកឡើងមុនបានដែរ។
អាហារហឹរ
អាហារហឹរអាចបង្កើនលទ្ធភាពនៃការកើតមុនជាពិសេសវាធ្វើឱ្យបែកញើស ដែលអាចធ្វើឱ្យស្បែក យើងរលាក ហើយឡើងទៅជាមុនបាន។
ការតមប្រភេទអាហារដូចខាងលើបូករួមការពិសាអាហារ ដែលមានប្រយោជន៍ពិតជាអាចជួយឱ្យ ស្បែកមុខរបស់អ្នកជៀសឆ្ងាយពីការឡើងមុនយ៉ាងមានប្រសិទ្ធភាព៕