កំពង់ស្ពឺ៖ អ្នកថតរូបផ្សងព្រេងដ៏ល្បីល្បាញ លោក លី មិន ដែលមានឈ្មោះក្រៅថា ឡា ម៉ូបានប្តេជ្ញាចិត្តប្រើជីវិតចុងក្រោយរបស់លោកធ្វើយុទ្ធនាការ «បេះដូងបៃតង»ក្នុងគោលបំណងថែទាំនិងដាំដុះដើមឈើឡើងវិញនៅតំបន់តាំបំពង់ (រលាក់កងជើង)និងដើម្បីរួមចំណែកកាត់បន្ថយកំដៅរបស់ភពផែនដី។
សិល្បករថតរូបឯករាជ្យ លោក ឡា ម៉ូបានប្រាប់សារព័ត៌មាន SR Digital Media ឱ្យដឹងថា យុទ្ធនាការ «បេះដូងបៃតង»ធ្វើឡើងចំថ្ងៃ «រុក្ខទិវា៩ កក្កដា» នេះគឺយកតាមគំរូវីរៈភាពរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតា ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើមនិងដឹកនាំផ្ទាល់ក្នុងការប្រារព្វពិធីនេះឡើង។
សម្រាប់ការដាក់ឈ្មោះយុទ្ធនាការថា «បេះដូងបៃតង»លោក ឡា ម៉ូ បញ្ជាក់ថា៖ «កាលពីមុនខ្ញុំជាអ្នកថតរូបដោយមានHashtag ថាបេះដូងអ្នកថតរូប គឺយកបេះដូងមកធ្វើ មកថត មានន័យថាយើងពុះពារ យើងតស៊ូធ្វើអ្វីទាំងអស់ដើម្បីក្ដីស្រលាញ់អ៊ីចឹងឈ្មោះយុទ្ធនាការ បេះដូងបៃតង គឺយកបេះដូងខ្ញុំមកថែទាំដាំដុះព្រៃឈើឡើងវិញដែរ»។
នៅក្នុងយុទ្ធនាការនេះ កូនឈើចំនួន៣៦៥ដើម មានដូចជា បេង ក្រញូង ធ្នង់ នាងនួន ឈើទាល និងកូនឈើជាច្រើនប្រភេទ ត្រូវបានដាំលើលើផ្ទៃដីទំហំ៣ហិកតា ដែលមានការចូលរួមពីមន្ត្រីនៃក្រសួងស្ថាប័ននានា សិស្សានុសិស្សគ្រួបង្រៀន ប្រជាពលរដ្ឋ និងបុគ្គលល្បីៗក្នុងបណ្ដាញសង្គមប្រមាណជាង៣០០នាក់។
សិល្បកររូបនេះបញ្ជាក់ថា កូនឈើទាំងនេះបានមកពីជំនួយរបស់សប្បុរសជនតាមរយៈ ការបង្ហោះរបស់លោកលើបណ្តាញសង្គម និងមួយចំណែកទៀតបានមកពីការលក់រូបថតរបស់លោកដែលប្រាក់ទាំងនោះ ត្រូវយកទៅចំណាយលើការរៀបចំដី រៀបចំប្រព័ន្ធទឹកនិងទិញកូនឈើ។
លោក ប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំប្រើជីវិតចុងក្រោយនៅតំបន់តាំងបំពង់នេះហើយផ្ដោតសំខាន់ទៅលើការដាំដុះ ព្រោះការដាំដុះជារឿងមួយដែលងាយស្រួលអ្វីដែលលំបាកគឺការថែទាំ បើខ្ញុំដាំនៅកន្លែងផ្សេងក្រៅពីភ្នែកអត់បានមើលថែវា ខ្លាចដើមឈើដែលដាំមិនរស់អ៊ីចឹងហើយទើបសម្រេចចិត្តដាំនៅទីតាំងដែលខ្ញុំរស់នៅ»។
យុទ្ធនាការរបស់លោកឡា ម៉ូត្រូវបានអ្នកស្រឡាញ់ធម្មជាតិ និងបរិស្ថានចាត់ទុកថាគឺជាគំរូមួយដែលបំផុសឱ្យប្រជាពលរដ្ឋស្រលាញ់ដើមឈើរួមគ្នាដាំដើមឈើឡើងវិញនៅតំបន់ផ្សេងៗទៀត។ ក្រោយពីយុទ្ធនាការ «បេះដូងបៃតង»បុរសសក់ល្បាយអាចម៍ខ្លារូបនេះនឹងបន្តដាំកូនឈើនៅទីតាំងនេះថែមទៀត រហូតដល់យុទ្ធនាការឆ្នាំក្រោយៗទៀតដើម្បីដាំឱ្យពេញផ្ទៃដីចំនួន ៣ហិកតា ធ្វើយ៉ាងណាឱ្យដីនេះ ក្លាយជាព្រៃមួយតាមក្តីស្រម៉ៃរបស់លោក។
លោក លី មិន ហៅ ឡា ម៉ូ កើតនៅឆ្នាំ ១៩៧៧ស្ថិតនៅក្នុង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។លោកចាប់ផ្តើមអាជីពថតរូបដំបូងនៅឆ្នាំ ២០០៩ដើម្បីផលិតស្នាដៃរូបថតទេសចរណ៍។ លោក ឡា ម៉ូ ជាអ្នកថតរូបឯករាជ្យ ផ្នែកវប្បធម៌ទេសចរណ៍ និងជីវៈចម្រុះមួយរូបដែលជួយផ្សព្វផ្សាយតំបន់នានា រូបភាពស្អាតៗនៅតាមតំបន់ព្រៃភ្នំ។ក្នុងអាជីពជាអ្នកថតរូបទេសចរណ៍ដ៏ល្បីរបស់លោកកន្លងមកលោកធ្លាប់បានបញ្ចប់យ៉ាងជោគជ័យគម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា»កាលពីដើមឆ្នាំ ២០២១ ដើម្បីលើកស្ទួយវិស័យថតរូបនៅកម្ពុជាជំរុញវិស័យទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយវប្បធម៌ ប្រពៃណី សាសនាជួយជីវភាពសហគមន៍តាមតំបន់នីមួយៗ និងបំណងធំចង់រៀបចងក្រង សៀវភៅរូបភាព «UnseenCambodia»សម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា។