សិល្បករ ប៉ែន រ៉ូប៊ីត រំលេចស្នាដៃគំនូរថ្មី តាមរយៈពិព័រណ៍ «ក្រឡា»ជាមួយស្ទាយសិល្បៈសហសម័យផ្ទាល់ខ្លួនប្រើក្បាច់ក្រឡាក្រវេមក្រវ៉ាមពណ៌ស្រស់ឆើតបង្កប់នូវរូបភាពរឿងរ៉ាវក្ដីស្រមៃ សិល្បករកម្ពុជាដ៏ល្បីមួយរូបលោក ប៉ែន រ៉ូប៊ីតនឹងនាំយកស្នាដៃថ្មីបំផុតរបស់លោកឈ្មោះថា «ក្រឡា» ទៅដាក់តាំងបង្ហាញនៅវិចិត្រសាលនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាខែសីហានេះ។
ការតាំងពិព័រណ៌នេះ ជាការបង្ហាញសិល្បៈលើកទី ២៧ របស់សណ្ឋាគារដែលមានវិចិត្រសាលផ្ដល់ទីតាំងជូនសិល្បករជាតិនិងអន្តរជាតិបានដាក់តាំងស្នាដៃសិល្បៈដែលជាបេះដូងនៃវប្បធម៌កម្ពុជា។
ស្នាដៃរបស់លោក រ៉ូប៊ីត ភាគច្រើនត្រូវបានស្គាល់ថាជាការបង្ហាញពីអតីតកាល និងបច្ចុប្បន្នភាពរបស់ប្រទេសកម្ពុជាច្របាច់បញ្ចូលគ្នាជាគំនូរសហសម័យ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ពិព័រណ៍ឈ្មោះថា «ក្រឡា» ដែលសំដៅលើបែបផែនរចនាដូចគ្នាបេះបិទគឺជាសក្ខីភាពមួយចំពោះការវិវត្តន៍របស់ លោក រ៉ូប៊ីតក្នុងនាមជាសិល្បករជាមួយអត្តសញ្ញាណស្ទាយផ្ទាល់ខ្លួន។
ស្នាដៃរបស់លោកដោយបានទាក់ទាញការបំផុសគំនិតពីក្រមា វាលស្រែនិងសំណាញ់នេសាទ ដោយបានបង្កើតជាស៊េរីផ្ទាំងគំនូរ បង្កប់មនោសញ្ចេតនា ភាពស្និទ្ធស្នាលជាមួយជីវភាពប្រជាជនខ្មែរនិងអត្ថន័យស៊ីជម្រៅរបស់ខ្មែរ។
លោក រ៉ូប៊ីត បានពន្យល់ថា៖ «ខណៈពេលដែលស្នាដៃមុនរបស់ខ្ញុំតែងតែពណ៌នាអំពីផ្ទៃខាងក្រោយពណ៌ខ្មៅនិងពណ៌ក្រហម ឆ្លុះបញ្ចាំងពីស្រមោលនៃសង្គ្រាមនិងការរងទុក្ខវេទនាពីអតីតកាលរបស់ប្រទេសកម្ពុជា ពិព័រណ៍ ក្រឡាបានទទួលយកនូវពណ៌ចម្រុះ អបអរសាទរភាពស្រស់ស្អាតនៃកេរដំណែលរបស់កម្ពុជា»។
បច្ចេកទេសនៃការប្រើពណ៌របស់លោករួមផ្សំជាមួយនឹងភាពលម្អិតដ៏ស្មុគ្រស្មាញនៃសិល្បៈសម័យអង្គរនាំឱ្យកម្រងស្នាដៃមានភាពដិតដាម ភាពស៊ីសង្វាក់គ្នា និងចុះសម្រុងគ្នា។
លោក Charles-HenriChevet អ្នកគ្រប់គ្រងទូទៅសណ្ឋាគារសូហ្វីតែល បាននិយាយថា៖ «សណ្ឋាគារយើងមានការប្តេជ្ញាចិត្តបង្ហាញទេពកោសល្យក្នុងស្រុកលើសពីការគាំទ្រសិល្បករកម្ពុជា»។
លោកបានបន្តថា៖ «តាមរយៈការធ្វើជាម្ចាស់ផ្ទះការតាំងពិព័រណ៍ដូចជា ក្រឡាយើងកំពុងលើកកម្ពស់យ៉ាងសកម្មនូវមុខមាត់ទីក្រុងភ្នំពេញជាទិសដៅដ៏រស់រវើកនៃសិល្បៈវប្បធម៌»។
ការតាំងពិព័រណ៍ «ក្រឡា» នឹងបើកនៅថ្ងៃទី ៥ ខែសីហាហើយដំណើរការរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ហើយស្វាគមន៍ទស្សនិកជនចូលមើលនៅវិចិត្រសាលសណ្ឋាគារសូហ្វីតែលដោយមិនគិតថ្លៃទេ៕