ចំណេះដឹង

លោក ផាត សុផល បង្កើតសាលាគំនូរ 3D និងភាពយន្ត បង្រៀនក្មេងជនបទ មិនយកប្រាក់

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

បាត់ដំបង​: លោក ផាត សុផលនឹង​បើក​ដំណើការ​សាលា​សិល្បៈ​គំរូ​ជីវ​ច​ល និង​ភាពយន្ត នៅ​ដើមខែ​ កញ្ញា ឆ្នាំ​ ២០២៤ខាងមុខនេះ ដោយ​បង្រៀន​សិស្ស​ពី​ការ​គូររូប​នៅក្នុង​កុំព្យូទ័រ tablet ឬ ipad វិធី​ធ្វើឱ្យ​រូប​មាន​ចលនាការកាត់ត​ភាពយន្ត និង​ការសម្ដែង​រឿង​ជាដើម ។​

​លោក ផាត សុផលស្ថាបនិក និង​ជា​គណៈ​គ្រប់គ្រង​សាលា​សិល្បៈ​គំរូ​ជីវ​ច​ល និង​ភាពយន្ត បាន ឱ្យដឹងថាគំនូរជីវចល គឺជា​ប្រភេទ​គំនូរ​ដែល​អាច​កម្រើក​បាន ឬ​មាន​ចលនា ហើយ​ការផលិត​គំនូរជីវ​ច​ល​នេះ មាន​លក្ខណៈ​ខុសគ្នា​ខ្លះៗ​ទៅតាម​សម័យកាល ដោយ​ក្នុង​សម័យមុនគេ​គូររូប​ជាច្រើន សន្លឹក​ដោយ​ដៃ រួច​ថត​ចូលទៅក្នុង​ហ្វ៊ីល ប៉ុន្តែ​បច្ចុប្បន្ននេះគេ​អាច​គូរ​នៅ ក្នុង​កុំព្យូទ័រ tablet ឬ ipad រួច​ធ្វើឱ្យ​រូប​ទាំងនោះ​មាន​ចលនា​បាន​។​

​លោក សុផលបាន​ប្រាប់​សារព័ត៌មាន SR ពី​មូលហេតុ​នៃ​ការបង្កើត​សាលា​នេះ​ថា​៖«​ខ្ញុំ​បើក​សាលាសិល្បៈ​គំរូ​ជីវ​ច​ល​នេះដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សិល្បៈ​គំនូរជីវចល និង​ភាពយន្ត ឱ្យស្រប​ទៅតាម​សម័យកាល​បច្ចេកវិទ្យា ដោយ​ចាប់ផ្ដើម​ពី​ទីជនបទ​នេះ ព្រោះ​សិល្បៈ​គំនូរជីវចលនិង​ភាពយន្ត មាន​ទីផ្សារ​ទូលំទូលាយ​ណាស់ រាប់​ចាប់​តាំងពី​កម្មវិធីសិក្សា​របស់​កុមារ រហូតដល់​ភាពយន្ត​ខ្នាត​ធំ បំផុត​លំដាប់​ពិភពលោក​»​។

​ស្ថាបនិក​រូបនេះបានឱ្យដឹង​ទៀតថា ការបើក​សាលា​សិល្បៈ​គំនូរជីវចល និង​ភាពយន្ត​នេះ ក៏​ធ្វើឡើងក្នុង​គោលដៅ​សំខាន់ៗ​ចំនួន ​៧​ទៀត​ដូចជា​៖ ទី​ ១ បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​សិល្បៈបុរាណ​ខ្មែរគ្រប់​ជំនាញ​ដើម្បី​សហការគ្នា​, រួមគ្នា​សិក្សា​ស្រាវជ្រាវ​, ដាក់បញ្ចូល​សិល្បៈ​បុរាណ​ខ្មែរគ្រប់​ទម្រង់ ទៅក្នុង​កម្មវិធីសិក្សា​គំនូរ និង​បង្កើត​ក្បួនខ្នាត​សម្រាប់​សិក្សា​គំនូរ​ដែលមាន​លក្ខណៈ ជា​ខ្មែរ​។ ចំណុច​ទី​ ២ អភិវឌ្ឍន៍​គំនូរ​ខ្មែរ​ឲ្យ​ទៅជា​គំនូរជីវចល​ទាំង 2d និង 3d  និង​ទី​៣​បញ្ចូល​បច្ចេកវិទ្យា 3d ចូលទៅក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ឲ្យ​កាន់តែ​ទំនើបដើម្បី​ពង្រីក​ទីផ្សារ​ភាពយន្ត​ទៅកាន់​ឆាក អន្តរជាតិ​។​

​លោក ផាត សុផលបន្ថែមថា​ចំណុច​ទី​៤ គឺ​ការប្រមូល​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ​ជុំវិញ​ពិភពលោកយកមក​បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​នៅ​សាលា​សិល្បៈ​គំនូរជីវចល និង​ភាពយន្តហើយ​ទី ​៥ បំពាក់​សម្ភារៈ​ទំនើបៗ ដើម្បី​ជំនួយ​ក្នុង​ការផលិត​គំនូរជីវចលនិង​ភាពយន្ត​។ រីឯ​ទី​ ៦  បង្កើត​ស្ទូ​ឌី​យោ គំនូរជីវចល និង​ភាពយន្ត ឲ្យ​សិស្ស​អនុវត្ត​ផ្ទាល់ និងចំណុច​ទី ​៧ ផ្សព្វផ្សាយ​វប្បធម៌ ខ្មែរ​ឲ្យ​ទូលំទូលាយ​ជា​សកល​តាមរយៈ​គំនូរជីវចលនិង​ភាពយន្ត​។​

​ក្រៅពី​ការបង្រៀន​នូវ​ការ​គូរ​គំនូរជីវចលបុរស​វ័យ​ ៤៣​ឆ្នាំ​ខាងលើនេះ ក៏​នឹង​បង្ហាត់​សិស្ស​ពី ការសម្ដែង និង​កាត់ត​ភាពយន្តដែល​លាយ​បញ្ចូល​គ្នា​ជាមួយ​បច្ចេកវិទ្យា​ 3D និង​ថត​ជា​ភាពយន្ត​ខ្នាត​ខ្លីដែល​ផ្ដោតលើ​ការអប់រំ និង​ជីវិត​រស់នៅ​ទីជនបទ​ស្រុកស្រែ​ជាមួយ​ទេសភាព​ដ៏​ស្រស់ស្អាត​។​

​ទន្ទឹមនឹងនេះសាលា​មួយ​នេះ ក៏​ជា​កន្លែង​អប់រំ​ផ្លូវចិត្ត​ដែល​ជួយ​ពង្រឹង​ទាំង​ប្រាជ្ញា ស្មារតីដើម្បី​ក្លាយជា​ពលរដ្ឋ​ដ៏​រឹងមាំ សម្រាប់​សង្គមជាតិ​ទៅ​ថ្ងៃ​អនាគត​។​

បច្ចុប្បន្ន​លោក ផាតសុផល បាន​សង់សាលា​បាន​ចំនួន ១​ខ្នង ដែល​អាច​បង្រៀន​សិស្ស​បាន​ជាង ១០ នាក់ដែល​សិស្ស​ទាំងអស់​សិក្សា​ដោយ​មិន​យកប្រាក់ហើយ​លោក​ក៏​នឹង​បង្រៀន​នៅ​ទីតាំង​ផ្ទាល់ និង​តាមរយៈ​អន​ឡាញ ដែល​សាលា​នេះនឹង​ចាប់ផ្ដើម​ដំណើរការ​សិក្សា​នៅ​ខែកញ្ញា ឆ្នាំ​ ២០២៤ ខាងមុខនេះ​។​

​សាលា​សិល្បៈ​គំរូ​ជី​វច​លនិង​ភាពយន្ត មាន​ទីតាំងនៅ​ភូមិ​ទួល​ល្វៀង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែខេត្តបាត់ដំបង ឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ លោក ផាត សុផលគណៈ​គ្រប់គ្រង​សាលា​សិល្បៈ​គំរូ​ជី​វច​ល និង​ភាពយន្ត​៖ ០៩២ ៧៦៦ ៣០៦៕

អត្ថបទពេញនិយម

ពិព័រណ៍ឧត្តមសិក្សា វិលមកសារជាថ្មី លើកទឹកចិត្តឱ្យសិស្សចាប់យកក្ដីស្រមៃ ក្នុងវិស័យ ឧស្សាហកម្ម ៤.០

ក្មេងស្រីជាច្រើនដែលត្រូវគេបំបរបង់នៅចិន ធ្វើដំណើរមកមាតុភូមិស្វែងរកសាវតាកំណើត

អ្នកជំនាញ៖ ការហាត់យូហ្គា ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត

កម្ពុជារំពឹងព្រឹត្តិការណ៍ GUMBALL 3000 លើកស្ទួយទេសចរណ៍ ការវិនិយោគ សប្បុរសធម៌ និងបង្កើតកំណត់ត្រាហ្គីនណេសមុខប្រាសាទអង្គរ

អ្នកជំនាញណែនាំ ៣ ចំណុច ដោយសារមនុស្សច្រើនណាស់ផឹកកាហ្វេមិនបានត្រឹមត្រូវ