តាខ្មៅ: គ្រាន់តែឃើញធុងសំរាមច្នៃពីសម្បកកង់ឡានចាស់ៗ លោក ឡាយគឹមសុងដែលមានទេពកោសល្យខាងកែច្នៃស្រាប់ បានចាប់យកគំនិតនេះមកធ្វើអាជីវកម្មតាមរយៈសិប្បកម្មកូនខ្មែរ។ លោកអាចផលិតបានវត្ថុស្អាតៗជាច្រើនពីសម្បកកង់ឡានដែលគេបោះបង់ចោលដោយចំណាយដើមទុនទាប ហើយថែមទាំងជួយដល់បរិស្ថានទៀតផង។
សិប្បកររូបនេះបានរៀបរាប់ឱ្យSR News ដឹងថា៖ «បានជាខ្ញុំជ្រើសរើសយកមុខរបរច្នៃកង់ឡានធ្វើជា ធុងសំរាម ថូ ទោង តុ កៅអី និងរបស់ច្រើនទៀត ដោយពេលនោះខ្ញុំបានទៅលេងនៅប្រទេសថៃហើយខ្ញុំ ក៏សង្កេតឃើញធុងសំរាមដែលធ្វើមកពីសម្បកកង់ឡានដែលគេដាក់នៅតាមសួនច្បារ មណ្ឌលកម្សាន្តនានា»។
លោក គឹមសុង បានបន្តទៀតថា៖«ពេលឃើញដូច្នេះហើយខ្ញុំក៏មានចំណាប់អារម្មណ៍ជាខ្លាំង ក្នុងការកែច្នៃកង់ឡានធ្វើជារបស់ប្រើប្រាស់នេះ។ដូច្នេះពេលខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំក៏បានយកសម្បកកង់ឡាន មកសាកល្បងធ្វើ»។
ដំណាក់កាលដំបូងនេះលោកមិនបានទៅរៀនពីរបៀបផលិតធុងសំរាមនេះទេ ដោយលោកប្រើតែឧបករណ៍ដែលមានស្រាប់មកកែច្នៃប៉ុណ្ណោះ។
សិប្បករប្រែក្លាយសំរាមជាវត្ថុប្រើប្រាស់រូបនេះបានបន្តទៀតថា៖«ប៉ុន្តែមួយរយៈក្រោយមកក៏មាន មិត្តភក្តិខ្ញុំម្នាក់ដែលគាត់ជាជាងឡានមកឃើញខ្ញុំចៀរសម្បកកង់ឡានដោយកាំបិតគាត់ក៏ជួយខ្ញុំក្នុងការរៀបចំធ្វើជាដង្គុំដើម្បីងាយស្រួលក្នុងការចៀរបកនិងបូតសម្បកកង់ឡាន»។
បុរសវ័យ៦០ឆ្នាំរូបនេះបានបញ្ជាក់ថាមុខរបរមួយនេះបានចាប់ផ្ដើមនៅឆ្នាំ១៩៩៩-២០០០ នៅក្នុង ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក គឹមសុង រំឭកប្រាប់ថា៖ «ពេលនោះក៏មានអង្គការសេអា បានមកកុម្ម៉ង់ធុងសំរាមច្នៃពីសម្បកកង់ឡាននេះយកទៅប្រើប្រាស់ចាប់តាំងពីពេលនោះមកក៏ចេះតែមានភ្ងៀវមកជាហូរហែ»។
សូម្បីតែអង្គការទស្សនៈពិភពលោកក៏បានបញ្ជាទិញធុងសំរាមពីលោកដើម្បីចែកចាយទៅប្រើប្រាស់ តាមបណ្តាសាខានៅតាមតំបន់និងខេត្តរហូតមកដល់សព្វថ្ងៃនេះផងដែរ។
បច្ចុប្បន្ននៅក្នុងសិប្បកម្មកូនខ្មែររបស់លោកមានកូនជាង៦នាក់ ដែលអាចផលិតធុងសំរាមបានជាង ១០ធុងនៅក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។
ទន្ទឹមនឹងជោគជ័យមួយនេះលោកគឹមសុង ក៏បានប្រាប់ពីដំណាក់កាលក្នុងការធ្វើធុងសំរាមនេះផងដែរគឺ ទី១ត្រូវដើរទិញកង់ឡានពីគេទី២ ត្រូវយកកង់ឡានទាំងនោះយកមក ចៀរ វះមុខ បក ហើយទើបយកវាមកដំឡើងរហូតចេញជាផលិតផលសម្រេចដូចសព្វថ្ងៃនេះ។
ចំពោះសម្បកកង់រថយន្តដែលយកមកធ្វើធុងសំរាមគឺសម្បូរណាស់ដោយពេលខ្លះគឺមានឈ្មួញគាត់យកមកលក់ឲ្យតាមរយៈការដើរប្រមូលទិញពីខេត្តបន្ទាយមានជ័យឧត្តរមានជ័យ មណ្ឌលគិរី និងរតនគិរី។
លោក គឹមសុង ក៏បានបន្តទៀតថាប្រភេទកង់ឡានទាំងនោះចែកចេញជាពីរប្រភេទ ប្រភេទទី១សម្បកកង់ដែលមានសរសៃអំបោះ ដែលអាចយកមកវះធ្វើជាធុងសំរាម។ ប្រភេទទី២ សម្បកកង់ដែលមិនមានសរសៃអំបោះលោកមិនយកមកធ្វើធុងសំរាមទេ ដោយគេច្រើនយកទៅលក់ឲ្យក្រុមហ៊ុនផ្សេងដើម្បីចម្រាញ់ជាប្រេងខ្មៅឬលក់ទៅប្រទេសជិតខាង។
ធុងសំរាមដែលលោកផលិតលក់ចែកចាយទូទាំង២៥ខេត្តក្រុងនោះចែកចេញជាពីរខ្នាតគឺខ្នាតធំដែលមានទំហំមុខកាត់ខាងលើ៦តឹកកម្ពស់៧តឹកកន្លះមានតម្លៃលក់ ២៨ដុល្លារនិងខ្នាតតូចទំហំមុខកាត់ខាងលើ៤តឹកមានតម្លៃ២៣ដុល្លារ។
សព្វថ្ងៃនេះម៉ូយពិសេសប្រចាំរបស់លោកភាគច្រើនគឺនៅតាមមន្ទីរបរិស្ថានខេត្តដោយពួកគាត់តែងតែ កុម្ម៉ង់ធុងសំរាមរបស់លោកក្នុងបរិមាណច្រើនជារៀងរាល់ឆ្នាំដើម្បីយកទៅដាក់តាមទីសាធារណៈ។
លោកបានឱ្យដឹងទៀតថា៖ «នៅតាមបុរីក៏ពួកគាត់បញ្ជាទិញធុងសំរាមជាច្រើនដើម្បីដាក់ប្រើប្រាស់នៅក្នុងបុរីរបស់ពួកគាត់ផងដែរ»។
ក្រៅពីម៉ូយប្រចាំលោកក៏មានអាជីវករទទួលយកទៅលក់បន្ត ដោយពេលខ្លះតម្រូវការខ្ពស់លោកផលិតសឹងមិនទាន់ទៀតផង។នៅក្នុងមួយខែៗលោកអាចលក់បានពីចន្លោះ១០០ទៅ២០០ធុងឯណោះ។
ទៅថ្ងៃអនាគតលោកនឹងខិតខំប្រឹងប្រែងធ្វើធុងសំរាមនេះឲ្យកាន់តែរឹងមាំ និងមានសោភ័ភភាពស្រស់ ស្អាត ដើម្បីទាក់ទាញចិត្តភ្ញៀវឱ្យបន្តទិញយកទៅប្រើប្រាស់។
ព័ត៌មានបន្ថែមពីធុងសំរាមអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក សិប្បកម្មកូនខ្មែរឬទំនាក់ទំនងទូរសព្ទលេខ ០១៥ ៩២៩ ២៣៩/ ០៧៨ ៦១០ ៨១០/ ០៩៧ ៣៧៧ ៤៤៩៦៕