ការថែរក្សាសុខភាពភ្នែកឱ្យបានល្អ គឺជាកត្តាសំខាន់សម្រាប់សុខុមាលភាពទូទៅ ហើយវីតាមីននិងសារជាតិចិញ្ចឹមមួយចំនួន មានតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការមើលឃើញ និងការពារភ្នែកពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងអត្ថបទនេះសារព័ត៌មានអេសអ័រ (SR News) នឹងលើកយកវីតាមីនល្អៗ សម្រាប់ថែរក្សាសុខភាពភ្នែក ដោយផ្អែកលើការស្រាវជ្រាវ និងការណែនាំពីអ្នកជំនាញមកបង្ហាញដូចខាងក្រោមនេះ៖
១ វីតាមីន A (Vitamin A)
សារៈសំខាន់: វីតាមីន A ជាសារធាតុសំខាន់ជួយដល់មុខងារនៃកែវភ្នែកការពារភ្នែកស្ងួត និងធ្វើឱ្យការមើលឃើញនៅពេលយប់កាន់តែប្រសើរឡើង។ វីតាមីន A ជួយការពារពីជំងឺ night blindness និងជំងឺxerophthalmia ដែលអាចនាំឱ្យមនុស្សខ្វាក់ភ្នែក។
ប្រភពអាហារ: វីតាមីន A ជាទូទៅស្ថិតនៅក្នុងរបបអាហារដូចជា ត្រី ស៊ុត ខ្យង ស្លឹកបាស ការ៉ុត ដំឡូងជ្វា ស្ពៃខ្មៅ ខាត់ណា និង ផ្លែដូងជាដើម។
២ វីតាមីន C (Vitamin C)
សារៈសំខាន់: វីតាមីន C ជាវីតាមីនប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាភ្នែក ពីការខូចខាតដោយសារតែសម្ពាធតានតឹង និងភាពហត់នឿយនៃការប្រើប្រាស់កែវភ្នែក។ វាអាចជួយការពារបញ្ហាភ្នែកដែលទាក់ទងជំងឺភ្នែកឡើងបាយ ឬការមើលរូបភាពមិនច្បាស់។
ប្រភពអាហារ: វីតាមីន C ជាទូទៅស្ថិតនៅក្នុងរបបអាហារដូចជា ផ្លែក្រូច ផ្លែប៉ោម ក្រូចឆ្មា ផ្លែឈើក្រៀម និងអាហារផ្សេងៗទៀត។
៣ វីតាមីន E (Vitamin E)
សារៈសំខាន់: វីតាមីន E ជាវីតាមីនប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការខូចខាតកោសិកាភ្នែក។ វាអាចជួយការពារពីជំងឺភ្នែកឡើងបាយ ដែលទាក់ទងទៅនឹងអាយុច្រើនដែលជាហេតុធ្វើអោយភ្នែកយើងព្រិល ។
ប្រភពអាហារ: វីតាមីន E ជាទូទៅស្ថិតនៅក្នុងរបបអាហារដែលមានជាតិខ្លាញ់ដូចជា ស្លឹកជីនាងវងបារាំង ប្រេងដូង និងពោតកំប៉ុងជាដើម។
៤ វីតាមីន B2 (Riboflavin)
សារៈសំខាន់: វីតាមីន B2ជួយការពារជំងឺភ្នែក ដែលជាទូទៅការពារជំងឺភ្នែកឡើងបាយនិងមើលមិនសូវច្បាស់។
ប្រភពអាហារ: វីតាមីន B2ជាទូទៅស្ថិតនៅក្នុងរបបអាហារដូចជា ទឹកដោះគោ សាច់ ស៊ុត គ្រាប់ធញ្ញជាតិ ម្សៅនិងបន្លែបៃតង។
៥ វីតាមីន D (Vitamin D)
សារៈសំខាន់: វីតាមីន D ជាសារធាតុសំខាន់សម្រាប់ការថែរក្សាសុខភាពភ្នែកនិងជួយកាត់បន្ថយហានិភ័យដែលបង្ករឱ្យកើតជំងឺភ្នែកឡើងបាយចំពោះអ្នកដែលមានអាយុច្រើន។
ប្រភពអាហារ: វីតាមីន D ជាទូទៅស្ថិតនៅក្នុងរបបអាហារដូចជា ស្រា អាហារដែលមានជាតិម្សៅ ទឹកដោះគោ ត្រីដែលមានជាតិខ្លាញ់ខ្ពស់ជាដើម។
ដូចដែលបានរៀបរាប់ខាងលើវីតាមីន A, C, E, B2,និង D គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសុខភាពភ្នែកយើងជារៀងរាល់ថ្ងៃ ជាពិសេសវីតាមីនទាំងអស់នោះអាចរកបានយ៉ាងងាយស្រួល ដែលមាននៅក្នុងរបបអាហារប្រចាំថ្ងៃផងដែរ៕