កំពង់ឆ្នាំង:អន្ទង់ជាវារីសត្វមួយប្រភេទដែលងាយស្រួលចិញ្ចឹម និងមានទីផ្សារល្អ ធ្វើឱ្យការចិញ្ចឹមវាត្រូវបានចាត់ទុកជាមុខរបរបន្ថែមប្រាក់ចំណូលដល់ក្រុមគ្រួសារតាមស្រុកស្រែចម្ការ។
យោងតាមសៀវភៅបច្ចេកទេសចិញ្ចឹមអន្ទង់រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខប្រមាញ់ និងនេសាទសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីប្បកម្មនៃរដ្ឋបាលជលផល ចេញផ្សាយកាលពីឆ្នាំ ២០១៩ អន្ទង់ជាវារីសត្វមួយប្រភេទដែលត្រូវបានគេស្គាល់ជាទូទៅនៅក្នុងប្រទេសកម្ពុជាយើងហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់លើទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ដោយសម្លឹងឃើញទីផ្សារអន្ទង់ល្អ ហើយមិនសូវមានអ្នកចិញ្ចឹមលោក រីសារិត ក៏បានចាប់ផ្ដើមចាប់យកឱកាសនេះដើម្បីបន្ថែមចំណូលគ្រួសារ។
កសិកររូបនេះបានប្រាប់ SR News ថា៖ «ទើបខ្ញុំចាប់ផ្ដើមចិញ្ចឹមសាកល្បង ដោយទទួលបានផលល្អ ទើបខ្ញុំ ចាប់ផ្ដើមចិញ្ចឹមបន្ថែមទៀត»។
មុខរបរចិញ្ចឹមអន្ទង់ជាលក្ខណៈគ្រួសារត្រូវបាននិងកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់កសិករនិងប្រជាពលរដ្ឋទូទៅក្នុងប្រទេសកម្ពុជាយើងហើយស្របពេលជាមួយគ្នានេះក៏មានចំណុចខ្វះខាតជាច្រើនផងដែរចំពោះអ្នកចិញ្ចឹមអន្ទង់ភាគច្រើនដោយសារពួកគាត់មិនទាន់មានការយល់ដឹងច្បាស់នៅឡើយអំពីបច្ចេកទេសចិញ្ចឹម។
ប៉ុន្តែសម្រាប់កសិករ សារិតលោកបានស្វែងយល់ច្រើនអំពីការចិញ្ចឹមអន្ទង់នេះ ដោយលោកបានលើកឡើងថា៖ «យើងត្រូវផ្ដោតសំខាន់ទៅលើទឹកការថែទាំ ឲ្យចំណី បានទៀងទាត់ ប្រើថ្នាំដើម្បីការពារជំងឺ និងព្យាបាលទៅតាមពេលវេលា»។
លោកបានបញ្ចាក់ថាសម្រាប់ទឹកដែលយើងអាចយកមកចិញ្ចឹមអន្ទង់បានមានដូចជា ទឹកស្អាត ទឹកអណ្ដូងទឹកបឹង ទឹកស្ទឹង តែត្រូវមានអាងស្តុបទឹកមួយដើម្បីសម្លាប់មេរោគសិន។
លោកបានពន្យល់ថា៖ «ទឹកទាំងអស់នោះវាមានសារជាតិពុលផ្សេងៗទៅតាមប្រភពទឹកដោយទឹកស្អាតមានជាតិក្ល័រ ទឹកអណ្ដូង មានជាតិកំបោរ និង ច្រែស ទឹកបឹង និងស្ទឹង អាចមានបាក់តេរីតូចៗ ជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់អន្ទង់បើយើងមិនមានអាងស្តុកទឹកមួយនោះទេ»។
លោកបានបញ្ជាក់ថាប្រភពទឹកទាំងនោះចាំបាច់ត្រូវស្តុករយៈពេល ២៤ម៉ោងឡើងទៅទើបយើងយកមកប្រើសម្រាប់ចិញ្ចឹមអន្ទង់បាន។
បញ្ហាដែលកើតមានដោយសារតែការប្រើប្រាស់ទឹកមិនបានត្រឹមត្រូវជាញឹកញាប់អាចបង្កបញ្ហាប្រឈមនឹងជំងឺនៅក្នុងការចិញ្ចឹមអន្ទង់។
លោកនិយាយថា៖ «ពេលខ្លះជំងឺទាំងនោះដែលកើតលើអន្ទង់យើងក៏មិនអាចព្យាបាលបានដែរ បើសិនជាយើងបណ្ដោយឱ្យវាឆ្លងជំងឺទាំងនោះ»។
កត្តាដែលឆ្លងជំងឺទាំងនោះ គឺបណ្ដាលមកពីទឹកអត់មានអនាម័យការថែទាំលាងសម្អាតអាងមិនបានស្អាត មិនបានសម្លាប់មេរោគនៅក្នុងអាងចិញ្ចឹមក៏ដូចជាសម្លាប់មេរោគនៅក្នុងទឹក»។
បញ្ហាចំណីក៏ត្រូវតែមានការទុកដាក់ឱ្យបានសមស្រប។ចំណីដែលផ្ដល់ឲ្យអន្ទង់មានដូចជា សាច់ត្រី ខ្ចង និងក្ដាមដែលមានប្រូតេអ៊ីនខ្ពស់ ៤២% ហើយហើយលោកបានដាស់តឿនអ្នកចិញ្ចឹមអន្ទង់ថា ត្រូវរក្សាចំណីសត្វទុកឲ្យបានល្អនៅកន្លែងដែលត្រជាក់ហើយស្ងួត។
នៅពេលដែលការអនុវត្តបច្ចេកទេសចិញ្ចឹមអន្ទង់បានត្រឹមត្រូវកសិករអាចប្រមូលផលអន្ទង់សាច់អាយុចន្លោះពី៨ទៅ៩ខែ ដោយពួកវាមានទម្ងន់ចាប់ពី ៣ខាំទៅ ៤ខាំជាទម្ងន់ស្ដង់ដារ សម្រាប់លក់នៅទីផ្សារ។
ចំពោះតម្លៃអន្ទង់វិញ លោក សារិត បានឱ្យដឹងថា៖ «អន្ទង់១គីឡូក្រាម តម្លៃ ២៥០០០រៀល។សម្រាប់កូនអន្ទង់វិញយើងលក់បច្ចុប្បន្ននេះគិតជាក្បាល ដោយមួយក្បាលតម្លៃ ៨០០ រៀលកូនទំហំ ៦លី»។
ជាមួយនឹងការថតវីដេអូសកម្មភាពចិញ្ចឹមអន្ទង់បង្ហោះតាមអនឡាញ កសិកររូបនេះក៏ទទួលបានការចាប់អារម្មណ៍ច្រើនលើបណ្ដាញសង្គម។
លោកបាននិយាយថា៖ «បងប្អូនយើងគាត់គាំទ្រច្រើនគាត់ចង់ចិញ្ចឹមច្រើន គាត់តែងតែ ខលមកសួរនាំច្រើន»។
យោងតាមសៀវភៅបច្ចេកទេសចិញ្ចឹមអន្ទង់រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខប្រមាញ់ និងនេសាទអន្ទង់មិនត្រឹមតែជាប្រភពអាហារដ៏សម្បូរសារធាតុចិញ្ចឹមប៉ុណ្ណោះទេថែមទាំងជាវារីសត្វមួយប្រភេទដែលមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់និងមានអត្ថប្រយោជន៍នៅក្នុងវិស័យវេជ្ជសាស្ត្រផងដែរព្រោះថាសាច់អន្ទង់អាចជួយប៉ូវកម្លាំង និងអាចព្យាបាលជំងឺផ្សេងៗបានដូចជាជំងឺគេងមិនលក់ ជួយសម្រួលសរសៃឈាមដល់អ្នកកើតទឹកនោមផ្អែមជាដើម។
បច្ចុប្បន្នការចិញ្ចឹមអន្ទង់បាននិងកំពុងមានការកើនឡើងនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅបណ្ដាលប្រទេសជិតខាងផងដែរ ហើយបានជួយសម្រួលដល់ការបង្កើនប្រាក់ចំណូលបន្ថែមដល់ក្រុមគ្រួសារកសិករតាមជនបទផងដែរ។
លោកសារិតក៏បានទទួលស្គាល់ដែរថា៖ «ការចិញ្ចឹមអន្ទង់នេះជាមុខរបរមួយដែលបានផ្ដល់ប្រាក់ចំណូលជាប្រចាំដោយមិនប៉ះពាល់មុខរបរប្រចាំថ្ងៃនិងអាចជួយដោះស្រាយបញ្ហាបានមួយចំនួន»។
សម្រាប់នៅថ្ងៃអនាគត លោកមានបំណងពង្រីកការចិញ្ចឹមអន្ទង់បន្ថែមនិងចងក្រងជាសហគមន៍ដើម្បីលក់កូនចេញនិងប្រមូលសាច់ចូលវិញ។
កសិកររូបនេះបាននិយាយថា៖ «យើងសង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចធ្វើបានតាមអ្វីដែលយើងគិតដើម្បីជួយសម្រួលដល់ការរកទីផ្សារជូនប្រជាកសិករដែលគាត់ចិញ្ចឹមក៏ដូចជាជួយផ្ដល់មុខរបរបន្ថែមមួយទៀតដល់ពួកគាត់ផងដែរ»។
កសិករចិញ្ចឹមអន្ទង់ លោក រី សារិត ស្ថិតនៅភូមិ កំពង់បាសស្រូវ ឃុំ ជលសា ស្រុកជល់គិរី ខេត្ត កំពង់ឆ្នាំង។ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកៈ BSF fame ឬទំនាក់ទំនងលេខទូរសព្ទ ០៩៨ ៧៧២ ៤២៧ និង ០៨៨ ៤២៦ ៤៩៤៦៕