ពោធិ៍សាត់: អ្នកសារព័ត៌មានមកពីចំនួន ៣៧ស្ថាប័នដែលធ្វើការចេញផ្សាយជាភាសាខ្មែរអង់គ្លេស ចិននិងវៀតណាមសរុបជិត ៦០នាក់ត្រូវបានក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) អញ្ជើញឱ្យចូលរួមដំណើរទស្សនកិច្ច ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិនិងការអភិវឌ្ឍខេត្តពោធិ៍សាត់ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០២៤។
ក្រោមការដឹកនាំរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជាបេសកកម្មនេះបានបញ្ចប់ដោយជោគជ័យដោយមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវទិសដៅទេសចរណ៍ដ៏ទាក់ទាញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសក្ដានុពលសេដ្ឋកិច្ច តាមទីភ្នាក់ងារសារព័ត៌មានទាំងខេមរភាសានិងភាសាបរទេសផងដែរ។
លោក ពុយគា ប្រធានក្លិបអ្នកកាសែតកម្ពុជាដែលបានដឹកនាំដំណើរទស្សនកិច្ចបានឱ្យដឹងថា៖ «បេសកកម្មលើកនេះជាយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ»។
ក្នុងសម្រង់ពីសេចក្ដីប្រកាសព័ត៌មានពីក្លិបអ្នកកាសែតកម្ពុជាលោកបានលើកឡើងទៀតថា៖ «សក្ដានុពលធម្មជាតិថ្មីៗប្លែកៗ និងសម្បូរបែបរួមទាំងការអភិឌ្ឍន៍លើវិស័យនានាដូចជាការវិនិយោគលើវិស័យអគ្គិសនីរោងចក្រតម្លើងរថយន្តនិងការអភិវឌ្ឍន៍តំបន់បៃតងជាដើម»។
ខេត្តពោធិ៍សាត់ធ្លាប់ជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជានិងជាខេត្តដែលធ្លាប់គ្របដណ្ដប់ដោយគ្រាប់មីន។បេសកកម្មសារព័ត៌មាននេះគឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេសចរណ៍ធម្មជាតិនិងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថាជា «បុប្ផាលាក់ខ្លួន»។
លោករំពឹងថា៖ «ខេត្តនេះនឹងត្រូវបានអ្នកសារព័ត៌មានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ននិងច្រើនភាសាហើយនឹងចែកចាយទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត»។
នេះគឺជាបេសកកម្មលើកទី ៥ហើយរបស់(ក.អ.ក) បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើទ្បើងនៅខេត្តព្រះសីហនុ,កែប, សៀមរាបនិងរមណីយដ្ឋានឋានសួគ៌បូកគោនៃខេត្តកំពត។
ក្លិបអ្នកកាសែតកម្ពុជានឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀតហើយរំពឹងថាទាំងស្ថាប័នរដ្ឋនិងវិស័យឯកជន នឹងបន្តគាំទ្រដល់បេសកកម្មរបស់ក.អ.កដើម្បីជាប្រយោជន៍ប្រជាជនកម្ពុជានិងសង្គមជាតិទាំងមូល។
ក្នុងចំណោមអ្នកសារព័ត៌មានជាច្រើនស្ថាប័នក៏មានសមាជិកពីក្រុមហ៊ុន SR Digital Media ដែលដំណើរការវិបសាយព័ត៌មាន Phnom Penh Post ជាភាសាអង់គ្លេស ភ្នំពេញប៉ុស្ដិ៍ ជាខេមរភាសា និង SR News ជាមួយមាតិកាព័ត៌មានបែបអប់រំនិងកម្សាន្តដ៏សម្បូរបែប។
វិបសាយព័ត៌មានចំនួន៣ និងវេទិកាផ្សពផ្សាយពីរភាសារបស់ SR Digital Media នឹងរួមចំណែកជាមួយក្លិបអ្នកកាសែតកម្ពុជាក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិនិងការអភិវឌ្ឍទាំងនៅខេត្តពោធិ៍សាត់និងបណ្ដាខេត្តដទៃទៀតទូទាំងព្រះរាជាណាចក្រកម្ពុជា៕