មណ្ឌលគិរី៖ សិប្បកម្ម«តែសុខភាពទៀបបារាំង មាសស្នេហ៍មណ្ឌលគិរី» បានកែច្នៃកសិផល ផ្លែទៀបបារាំង ដែលជាផ្លែឈើមានគុណប្រយោជន៍ច្រើនដល់សុខភាពទៅតែឆុងផឹកល្អទាំងចំពោះសុខភាព និងរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក។
លោក អូន មាសស្នេហ៍ បានបង្កើតសិប្បកម្មនេះឡើងនៅក្នុងអំឡុងឆ្នាំ ២០២២ ដោយមានទីតាំងស្ថិតនៅភូមិ មេប៉ៃ ឃុំ ពូជ្រៃ ស្រុក ពេជ្រចិន្ដា ខេត្តមណ្ឌលគិរី។
លោកបានប្រាប់អ្នកសារព័ត៌មាន SR News ឱ្យដឹងថា៖ «ការបង្កើតឡើងដើម្បីជួយលើកកម្ពស់នូវផលិតផលក្នុងស្រុកកាត់បន្ថយការនាំចូលផលិតផលខាងក្រៅប្រទេស និងគិតគូរដល់សុខភាពប្រជាពលរដ្ឋយើងជាចម្បង»។
តែសុខភាពទៀបបារាំងមាសស្នេហ៍ មណ្ឌលគិរី ជាឈ្មោះម្ចាស់សិប្បកម្មលក្ខណៈជាមួយឈ្មោះយីហោទាក់ទាញហើយអតិថិជនក៏ងាយស្រួលចំណាំផងដែរ។
ម្ចាស់សិប្បកម្ម តែសុខភាពទៀបបារាំងមាសស្នេហ៍មណ្ឌលគិរី បានប្រាប់បន្តថា៖ «ខ្ញុំបើកសិប្បកម្មលក្ខណៈគ្រួសារធ្វើនៅគេហដ្ឋានខ្លួនឯងហើយមូលហេតុដែលដាក់ឈ្មោះ មាសស្នេហ៍ ព្រោះតែវាគឺជាឈ្មោះហៅក្រៅរបស់ខ្ញុំផ្ទាល់ណាមួយគិតថា អតិថិជនងាយស្រួលចំណាំ មានភាពទាក់ទាញ់ និងធ្វើឱ្យមានការចាប់អារម្មណ៍»។
លើសពីស្លាកយីហោទាក់ទាញផ្លែទៀបបារាំង ទៀតសោតក៏មានគុណប្រយោជន៍ជាច្រើនយ៉ាងដល់សុខភាព។ ចំណុចពិសេសមួយទៀតគឺវាមានក្លិនឈ្ងុយខុសពីតែទូទៅដែលជាហេតុនាំឱ្យលោក មាសស្នេហ៍ ជ្រើសរើសយកផ្លែទៀបបារាំងផលិតជាតែនេះតែម្ដង។
ម្ចាស់អាជីវកម្មរូបនេះបានរៀបរាប់ពីអត្ថប្រយោជន៍នៃផលិតផលរបស់ខ្លួនថាតែសុខភាព ទៀបបារាំង មានក្លិនឈ្ងុយពិសេស ធ្វើឱ្យអាម្មណ៍កាន់តែស្រស់ថ្លា ជួយសម្រស់ដល់ការគេងទប់ស្កាត់បញ្ហា ផ្ដាសសាយ ជួយសម្រួលដល់ផ្លូវដង្ហើម សម្រួលដល់ភាពតានតឹង ផ្លូវអាម្មណ៍ជួយព្យាបាលបញ្ហារោគស្ដ្រី ធ្លាក់ ស មេរោគផ្សិត នឹងមេរោគ (HPV) ដែលអាចបង្ករទៅជាជំងឺមហារីក។ការផឹកតែទៀបបារាំងក្ដៅក្នុងរដូវរងារអាចជួយបន្ថយអាការៈផ្ដាសសាយបានយ៉ាងល្អប្រសើរ។
វត្តុធាតុដើមត្រូវបានប្រមូលទិន្និផលពីចម្ការរបស់លោកផ្ទាល់គួបផ្សំនឹងការប្រមូលទិញផ្លែទៀបបារាំងពីប្រជាកសិករនៅក្នុងតំបន់ ដើម្បីយកមកផលិតកែច្នៃធ្វើជាតែ។កត្តាសំខាន់ជួយឱ្យប្រជាកសិករទទួលបានចំណូលមួយកំរិត ជួយលើក កម្ពស់ផលិតផលក្នុងស្រុកកាត់បន្ថយការនាំចូលផលិតផលខាងក្រៅ រួមទាំងជួយគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។
ម្ចាស់អាជីវកម្មវ័យ២៣ឆ្នាំរូបនេះបានលើកឡើងថា៖ «យើងមានចម្ការទៀបបារាំងខ្លួនឯងផ្ទាល់ និងបានប្រមូលទិញផ្លែទៀបពីប្រជាកសិករដែលដាំនៅក្នុងខេត្តមណ្ឌលគិរីនេះបន្ថែមទៀតដើម្បីធ្វើជាវត្ថុធាតុដើមយកមកផលិតជាតែសុខភាពលក់នៅលើទីផ្សារ រួមទាំងបង្កើនប្រាក់ចំណូលដល់ពួកគាត់បានមួយកម្រិត»។
ផលិតផលតែទៀបបារាំងនេះឆ្លងកាត់ការផលិតយ៉ាងផ្ចិតផ្ចង់ដោយមានការលាងសម្អាត ចិតសំបក ហាន់ជាបន្ទះ និងដាក់ចូលម៉ាស៊ីនសម្ងូត។ បន្ទាប់មកចំណិតទៀបត្រូវបានដាក់ចូលម៉ាស៊ីនចម្អិនមួយដំណាក់កាលទៀតដើម្បីឱ្យកាន់តែមានក្លិនឈ្ងុយល្អ។
សម្រាប់ការដាក់លលក់នៅលើទីផ្សារតែទៀបបារាំងមានបីជម្រើសគឺ តែទៀបបារាំង កំប៉ុងចំនុះ ២០០ក្រាម តម្លៃ ៩ដុល្លារ, កញ្ចប់២០០ក្រាម តម្លៃ ៧ដុល្លារ, និងកញ្ចប់ ៥០០ក្រាម តម្លៃ ១៦ដុល្លារ។
ដោយសិក្សាពីបទពិសោធន៍អ្នកស្រុកនៅក្នុងតំបន់និងស្រាវជ្រាវបន្ថែមពីប្រទេសជិតខាង ក្រោមការជួយជ្រោមជ្រែងពីក្រសួងឧស្សាហ៍កម្មវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រសួងពាក់ព័ន្ធផ្សេងទៀតផងដែរនោះតែសុខភាពទៀបបារាំង ត្រូវបានទទួលស្គាល់ និងគាំទ្រជាខ្លាំងនាពេលបច្ចុប្បន្ន។
ម្ចាស់អាជីវកម្មបានលើកឡើងថា៖«ការធ្វើទីផ្សារតែងតែមានការប្រកួតប្រជែង អ្វីដែលសំខាន់សិប្បកម្ម តែសុខភាពនឹងពង្រឹងលើការផលិត រួមទាំងលើគុណភាពឱ្យកាន់តែល្អ និងបង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត»។
ចក្ខុវិស័យនាថ្ងៃអនាគតលោក មាសស្នេហ៍ ចង់ឱ្យប្រជាជនខ្មែរក្រឡេកមកប្រើប្រាស់នៅផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីកាត់បន្ថយផលិតផលនាំចូល។
ទន្ទឹមនឹងនោះ លោករំពឹងថា៖«សិប្បកម្មនឹងពង្រីកបន្ថែមលើគុណភាពស្ដង់ដានៃការផលិត រួមទាំងបង្កើតជារោងចក្រសមល្មមដែលអាចបម្រើការអតិថិជនឱ្យបានទាន់តម្រូវការផ្លាស់ប្ដូរការវេចខ្ចប់ឱ្យកាន់តែមានភាពទាក់ទាញ និងបន្ថែមនៅផលិតផលកែច្នៃផ្សេងៗទៀត»។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់គេហទំព័រហ្វេសប៊ុក តែសុខភាពទៀបបារាំងមាសស្នេហ៍ ឬលេខទំនាក់ទំនង 097-666-4090៕