ទេសចរណ៍

ទឹកជ្រោះតាតៃ ទេសភាពស្អាតពន់ពេក លាក់ខ្លួនបង្អួតធម្មជាតិនៅក្នុងទឹកដីស្រុកកោះកុង

July 18, 2024
លៀប ទេពិទូ
Heading
Option 1

កោះកុងៈ ទឹកជ្រោះ​តា​តៃឬ​ទឹកធ្លាក់​តា​ឥសី គឺ​ជាទី​ទេសចរណ៍​ដ៏​ពេញនិយម​ប្រចាំ​ស្រុក​កោះកុង នៃខេត្តកោះកុងដែលទឹកធ្លាក់នេះ មាន​ល្បាក់ទឹក​ហូរ​ជា​ដំណាក់ៗ​យ៉ាង​ស្រស់ស្អាត ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ព្រៃភ្នំ​ជុំជិតស័ក្ក​សម​សម្រាប់​អ្នកស្វែងរក​កន្លែង​ដើរលេង​បែប​បោះតង់ ក្រសោប​ដោយ​ធម្មជាតិ ជាពិសេស​នៅក្នុង​រដូវវស្សា​នេះ​។

​ដើម្បី​ទៅដល់​គោលដៅ​ទឹកធ្លាក់​តា​តៃ​ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​តាមផ្លូវ​ជាតិលេខ៤៨ រួច​បន្ត​តាម​ផ្លូវលំ ក្រួស​ក្រហម ដោយមាន​សញ្ញា​ប្រាប់​ពី​ទីតាំង​ទឹកធ្លាក់ ឬ​អាចធ្វើ​ដំណើរ​តាមផ្លូវ​ទឹកដោយ​ភ្ញៀវ​អាច​ឈប់​ត្រឹម​សហគមន៍​ដែលមាន​ទីតាំង​នៅក្បែរ​គ​ល់​ស្ពាន​តា​តៃ និង​បន្តដំណើរ​តាម​ទូក​របស់​សហគម​ន៍​ទៅកាន់​តំបន់​ទឹកធ្លាក់ហើយ​អ្នកទេសចរ​ភាគច្រើន ចូលចិត្ត​ធ្វើដំណើរ​តាម​ទូក ព្រោះ​បាន​លម្ហែកាយ​តាម​ដងស្ទឹង​តា​តៃថតរូប​ស្អាត​ជាមួយ​ទេសភាពដ៏​ស្រស់បំព្រង និង​គយគន់​ផ្ទាំង​ធម្មជាតិ​ដ៏​ត្រកាល​នៅ​តំបន់​នេះ​ផងដែរ​។

ទូក​កម្សាន្ដ​ប្រើពេល ២០ នាទី​ចេញដំណើរ​ទៅកាន់​ទឹកធ្លាក់​តា​តៃ​ ទូក​កម្សាន្ដ​នេះ ​ត្រូវបាន​រៀបចំ​យ៉ាង​ស្អាតបាតសម្រាប់​ភ្ញៀវ​អង្គុយ ១២ កៅអី និង​បំពាក់​អាវ​ពោង​សុវត្ថិភាព​ជាស្រេចជាមួយនឹង​អ្នក​បើកទូក​បទពិសោធ​ច្រើន​ឆ្នាំ ជាពិសេស​ក្នុង​រដូវ​ប្រមូល​ផល​ផ្លែឈើ​មកដល់ភ្ញៀវទេសចរអាច​ជិះទូក​ទៅលេង​ចម្ការ​ផ្លែឈើ​របស់​ប្រជាកសិករ​តាម​ដងព្រែក​ផងដែរ។​

​បើ​អ្នកធ្វើដំណើរ​តាម​មធ្យោបាយ​ផ្លូវគោកវិញ ពេល​​ទៅដល់ជិត​ទឹកធ្លាក់អ្នកនឹង​បានឮ​សំឡេង​សន្ធឹក​ទឹក​ហូរយ៉ាងខ្លាំង ដែល​ធ្វើឱ្យ​អារម្មណ៍​អ្នក​ចង់​ចុះទៅ​កម្សាន្ត​ឱ្យ​បានឃើញ​រូបភាព​ទឹកធ្លាក់​តា​តៃ​ភ្លាមៗផ្ទាល់ភ្នែកប៉ុន្តែ​បើ​អ្នកធ្វើដំណើរ​តាមផ្លូវ​ទឹក សម្រស់​ទឹកធ្លាក់​លាក់ខ្លួន​នេះ នឹង​លេច​រូប​មក​បន្តិច​ម្តងៗខិត​កាន់តែ​ជិត​អ្នកទេសចរ រហូត​ទូក​បរដល់​ចំណត ដែលជា​គោលដៅ​របស់​អ្នកទេសចរ ត្រូវ​ចុះទៅ​កម្សាន្ត​តាម​ទឹកធ្លាក់​នេះ​។

ទីឋាន​ទេសចរណ៍​បង្កប់ខ្លួន​នេះ មានទឹក​ហូរ​ធ្លាក់​ឈូឆរ​ត្របាញ់​ខ្មួលខ្មាញ់កាត់​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ដំណាក់ រំលេច​ផ្ទៃ​ទឹក​ដូច​ត្បូង​មរកត​បៃតងខ្ចី លាយ​ពពុះ​សក្បុស​ក្នុង​សីតុណ្ហភាព​ត្រជាក់ស្រេង​លាយឡំ​ជាមួយ​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​។នៅ​សងខាង​ទឹកធ្លាក់ មាន​ដើមឈើ​តូចធំ​ខៀវស្រងាត់ ឈរអម ហាក់​ចាំ​ជួយ​ថែរក្សា​ការពារ​ទីនេះ​ដូច្នោះ​ដែរ​។ភ្ញៀវ​ទេសចរណ៍ច្បាស់​ជា​បាន​មុជទឹក​លេង​កម្សាន្តយ៉ាង​សប្បាយ ដោយ​ទឹកធ្លាក់​មាន​កន្លែង​ងូត​ជាច្រើនហើយ​ទឹក​មាន​សភាព​ស្អាត​បែបនេះ ប្រាកដជា​ធ្វើឱ្យ​អ្នក​ហាក់​មិន​ចង់​ក្រោក​ចេញ​ត្រឡប់​ទៅវិញ​នោះឡើយ​។

​ទឹកធ្លាក់​តា​តៃ មាន​ទីតាំងនៅ​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោមស្រុក​កោះកុង ខេត្តកោះកុង និង​មាន សហគមន៍​តំបន់ការពារធម្មជាតិ «​តា​តៃ​ក្រោម​» ជា​អ្នក​ប្រើ​សេវាទេសចរជូ​​ដល់​ភ្ញៀវទេសចរនិង​ជា​អ្នកការពារ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នេះ​។

ទឹកធ្លាក់​តា​តៃ និងសហគមន៍​តំបន់ការពារធម្មជាតិ «​តា​តៃ​ក្រោម​» គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​តា​តៃដែលមាន​ទំហំ​សរុប ១៤៤,៥៣៩ ហិកតា។ ព្រៃឈើ​នៅ​តា​តៃ គឺជា​ប្រភេទ​ព្រៃស្រោងពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​លាយឡំ​ដោយ​ព្រៃ​ឫស្សី និងវាលស្មៅ​ខៀវខ្ចី​ដែលជា​ទីជម្រក​សត្វព្រៃ​ជាង៥០ ប្រភេទ ស្ថិតនៅក្នុង​បញ្ជី​ក្រហម នៃ​អង្គការ អាយ​-​យូ​-​ស៊ី​-​អិន ពោល​គឺជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវការពារ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​គ្រប់​ជំនាន់មានដូចជា សត្វ​ដំរី​អាស៊ី សត្វ​ខ្លាឃ្មុំ​ធំ សត្វ​ខ្លាឃ្មុំ​តូច សត្វ​ទោច​ម្កុដ សត្វ​រញីសត្វ​ពង្រូល សត្វ​ព្វាំ​ង សត្វ​កេងកង​ធំ អណ្ដើក​ហ្លួង កន្ធាយ និង​សត្វ​ជាច្រើន​ទៀត​៕

អត្ថបទពេញនិយម

នំព្រះខែចម្អិនដោយខ្លួនឯង ចំណេញថវិកាច្រើនបានទាំងចែកញាតិមិត្ត

កម្មវិធី ៥០០០ ជំហានដើម្បី «កំពតស្អាត» វិលមកជាថ្មី បង្កើនស្មារតីលើកស្ទួយបរិស្ថានស្អាតនៅទឹកដីទេសចរណ៍ខេត្តកំពត

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់

អារ៉ែងខេមភីង រីស៊តធម្មជាតិជាប់ដងស្ទឹង ក្បែរជួរភ្នំក្រវ៉ាញ កំពុងទាក់ទាញទេសចរកុះករ

ពិភពមនុស្សតឿនៅចិន បង្កប់ដោយអាថ៌កំបាំង និងរឿងចម្រូងចម្រាស់