ទេសចរណ៍

«ភូមិធរណី» ភូមិឋានសម្រាកលម្ហែបែបធម្មជាតិស្រុកស្រែ ក្បែររាជធានីភ្នំពេញ

October 22, 2024
លៀប ទេពិទូ
Heading
Option 1

ភូមិ​ធរណីគឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​បែប​សហគមន៍ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​រុក្ខជាតិតូចធំ​ចម្រុះ​ពណ៌ជាពិសេស​ដើមត្នោត​ខ្ពស់ៗ​ប្រមាណ​ជាង ១០០​ដើម និង​មាន​បរិយាកាស​ល្អ​បរិសុទ្ធ ដែល​ស័ក្តិសម​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​កន្លែង​លម្ហែកាយ​នៅ​ជិត​ទីក្រុង​។

សាងសង់លើផ្ទៃដីប្រមាណ៥ ហិកតា រមណីយដ្ឋានភូមិធរណី បង្កើតឡើងនៅអំឡុងពេលកូវីដ១៩ក្នុងគោលបំណងបង្កើតជាកន្លែងទេសចរណ៍ថ្មី ដែលនៅកៀករាជធានីភ្នំពេញ និងក្នុងគោលដៅជួយទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ឱ្យទទួលបានការងារធ្វើ ដែលកើតចេញពីការមកកម្សាន្តរបស់ភ្ញៀវទេសចរ។

រមណីយដ្ឋានភូមិធរណីបើកដំណើរការរៀងរាល់ចុងសប្តាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ល្ងាច ដោយភ្ញៀវទេសចរ អាចចូលទៅកម្សាន្តលេងបានធម្មតា ឬទៅសម្រាកលម្ហែស្នាក់នៅបានផងដែរ។ មានទីធ្លាធំទូលាយ ទីកម្សាន្តមួយនេះ បានរៀបចំឡើងយ៉ាងទាក់ទាញដោយបរិវេណជុំវិញក្រាលទៅដោយទេសភាពពណ៌បៃតង តួយ៉ាងវាលស្មៅ វាលស្រូវវាលស្រែដើមឈើតូចយ៉ាងស្រស់បំព្រង ជាពិសេសស្ពានឈើលូនលើវាលស្រែដ៏ប្លែក ប្រៀបបានសត្វល្មូនលូនកាត់ធម្មជាតិដូច្នោះដែរ។  

មិនតែប៉ុណ្ណោះអ្នកទេសចរ ក៏បានកម្សាន្តអារម្មណ៍ជាមួយនឹងការជិះកង់កាត់លើស្ពានឈើ ជិះកង់លេងតាមភូមិចូលទស្សនាសួនសត្វ សួនបន្លែលក្ខណះគ្រួសារ ដើរលើស្ពានយោល លេងបាញ់ព្រួញ ស្ទូចត្រីនិងមានការកម្សាន្តជាច្រើនទៀត។ ប្រលោមទៅដោយទេសភាពដ៏ត្រកាល ទីតាំងនៅទីនេះត្រង់កន្លែងណាក៏ជាប្លង់ថតរូបដ៏ស្រស់ស្អាតផងដែរ និងមានការដេគ័រប្លែកៗ បន្ថែមពីលើទេសភាពធម្មជាតិ។

សម្រាប់កន្លែងស្នាក់វិញរមណីយដ្ឋាននេះ មានផ្ទះខ្មែរបុរាណជាច្រើនសម្រាប់ទទួលភ្ញៀវស្នាក់នៅ  ក្នុងគោលបំណងថែរក្សាអរិរក្សផ្ទះខ្មែរ ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរ ទៅដល់ភ្ញៀវគ្រប់ជាតិសាសន៍ដែលមកលេងទីនេះ ឱ្យទទួលបានអារម្មណ៍ថាកំពុងតែនៅក្នុងភូមិខ្មែរ ដែលមានទាំងផ្ទះទាំងភូមិឋានលក្ខណៈខ្មែរពិតៗ។

ផ្ទះខ្មែរទាំងនេះគឺសាងសង់ចេញពីការប្រមូលយកផ្ទះចាស់ៗជាច្រើន ដែលប្រជាជនរុះរើចោល ហើយយកមកផ្គុំនិងសាងសង់ជាផ្ទះឈើបែបខ្មែរ ឱ្យចេញរូបរាងពេញលេញ និងរស់រវើក ដោយដំណើរការនៃការសាងសង់ធ្វើឡើងយ៉ាងសម្រិតសម្រាំង និងចំណាយពេលវេលាយូរ ក៏ដូចជាដើមទុនច្រើនព្រោះផ្ទះខ្មែរមានលក្ខណះពិសេស ទាំងសិល្បៈ និងស្ថាបត្យកម្ម។

បន្ថែមពីលើផ្ទះខ្មែរទីនេះក៏មានផ្ទះស្នាក់ជាលក្ខណៈបឹងកាឡូ និងការស្នាក់នៅបែបតង់ផងដែរហើយភ្ញៀវដែលចង់រៀបចំជាកម្មវិធីដូចជា Retreadនិង Team building គេក៏មានសេវាកម្មទទួលរៀបចំបានដូចគ្នា។

មកកម្សាន្តនៅភូមិខ្មែរនេះអ្នកទេសចរ ក៏នឹងបានភ្លក្សរសជាតិម្ហូបខ្មែរដ៏ឆ្ងាញ់ជាប់មាត់ ដែលធ្វើឡើងដោយស្នាដៃរបស់អ្នកស្រុកពញាឮនេះ ត្បិតអ្នកធ្វើការនៅទីនេះជាអ្នកស្រុកក្នុងតំបន់ផ្ទាល់។ នៅភូមិធរណី ក៏មានហាងកាហ្វេដែលត្រូវម៉ាច់ជាមួយអ្នកចូលចិត្តកាហ្វេ ក្រេបរសជាតិគយគន់ ធម្មជាតិឬអាចអង្គុយលេងក្នុងក្យូស ដែលអាចទទួលភ្ញៀវបានប្រមាណ១០នាក់។

ទន្ទឹមនឹងការទទួលបានភ្ញៀវទេសចរមកកម្សាន្តជាហូរហែរទីឋាននេះ ក៏ជាកន្លែងផ្តល់នូវឱកាសការងារដល់អ្នកភូមិដោយមានទាំងការបណ្តុះបណ្តាលពីអ្នកជំនាញមកពីភ្នំពេញ ទៅលើជំនាញឆុងកាហ្វេ បដិសណ្ឋារកិច្ចការដាំបន្លែ ការថែទាំសួន និងជំនាញជាងឈើជាដើម។ លើសពីនេះ ភូមិធរណីក៏បើកឱ្យអ្នកស្រុកមកទទួលផលផ្សេងៗផងដែរដូចជា ឡើងយកទឹកត្នោតនិងការធ្វើស្ករត្នោតជាដើម។  

សម្រាប់ឈ្មោះភូមិធរណីនេះគឹតំណាងឱ្យ ទឹក ដី ភ្លើង ខ្យល់ ជាធាតុដែលបង្កើតជីវិតសត្វលោក ក្នុងនោះធរណីមានន័យថាដីឬផែនដី ដែលជាសមាសធាតុមួយដ៏សំខាន់សម្រាប់មនុស្សលោក។ ការដាក់ឈ្មោះបែបនេះដើម្បីរំឮកថាផែនដីដែលយើងគ្រប់គ្នាកំពុងរស់នៅ និងជាន់រាល់ថ្ងៃ មានគុណដ៏មហិមាដែលយើងគ្រប់គ្នាគួរលើកតម្កើង និងថែរក្សា ពិសេសដែនដីដែលបានផ្តល់កំណើត។នេះបើតាមការបញ្ជាក់របស់ម្ចាស់ទីតាំង។

រមណីយដ្ឋានភូមិធរណី មានទីតាំងស្ថិតភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលក្បែររមណីដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្តុង្គ) និងមានចម្ងាយប្រមាណ៣៥គីឡម៉ែត្រពីរាជធានីភ្នំពេញ។

គេហទំព័ហ្វេសប៊ុក  Thorony Natural Village ឬទំនាក់ទំនងតាមលេខទូរសព្ទ០៨៧ ៥៤៧ ៥៤៧ ៕

ទីតាំងៈThorony Natural Village

អត្ថបទពេញនិយម

ក្រុមហ៊ុន Telegram អះអាងថា ការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុន "គ្មានអ្វីត្រូវលាក់បាំងទេ"

អ្នកស្រី មាន សុខឡេង ប្ដេជ្ញាចិត្តបំបៅកូនដោយទឹកដោះ

៨ ចំណុចដែលអ្នកត្រូវដឹងពីការប្រគំតន្ត្រីសូឡូរបស់ ឱក សុគន្ធកញ្ញា ដែលមិនដល់មួយម៉ោងផងសំបុត្រលក់ដាច់ខ្ទេចគ្មានសល់

ឥទ្ធិពល BTS លើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង

ផលប៉ះពាល់ចម្បងចំនួន៤ នៃការកើនឡើងចំនួនប្រជាជនលើពិភពលោក