Youtuberនិងអ្នកបង្កើតមាតិកាឌីជីថល កំពុងលក់ឃ្លីបវីដេអូដែលពួកគេមិនបានប្រើប្រាស់ ទៅកាន់ក្រុមហ៊ុន AI ដើម្បីបណ្តុះបញ្ញាសិប្បនិម្មិតជាថ្នូរនឹងប្រាក់ចំណូលរាប់ពាន់ដុល្លារក្នុងការចុះកិច្ចសន្យាផ្តាច់មុខម្តងៗ។
ក្រុមហ៊ុនដូចជា OpenAI, Google និង Moonvalley កំពុងទិញចូលនូវឃ្លីបវីដេអូដែលមិនបានផ្សាយនៅលើប្រព័ន្ធអនឡាញដោយគិតថា វីដេអូទាំងនេះពិតជាមានតម្លៃក្នុងការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិ ព្រោះវាជាមាតិកាខុសប្លែកពីគេ។
តម្លៃសម្រាប់វីដេអូមានចាប់ពី$1 ទៅ $4 ក្នុងមួយនាទី និងអាចមានតម្លៃកាន់តែខ្ពស់សម្រាប់វីដេអូកម្រិតគុណភាព4K វីដេអូថតដោយដ្រូន ឬវីដេអូដែលមានចលនាបែប 3D។ ភាគច្រើនវីដេអូដែលមិនបានប្រើប្រាស់ពី YouTube និងTikTok ត្រូវបានលក់ក្នុងតម្លៃ $1 ទៅ$2 ក្នុងមួយនាទី។
តម្រូវការសម្រាប់ទិន្នន័យវីដេអូនេះកើតឡើងដោយសារកម្មវិធីបង្កើតវីដេអូ AI ដាក់ដំណើរការដោយ OpenAI,Meta និង Adobe ត្រូវការទិន្នន័យវីដេអូប្លែកជាច្រើនក្នុងការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត។
ការលក់ចេញវីដេអូដែលមិនត្រូវបានប្រើប្រាស់គឺជាប្រភពចំណូលបន្ថែមមួយ សម្រាប់អ្នកបង្កើតមាតិកា។
Moonvalley បានបញ្ជាក់ថាពួកគេច្រើនតែទទួលទិន្នន័យសម្រាប់បណ្តុះបណ្តាលពីអ្នកបង្កើត និងអ្នកផលិតមាតិកា ដែលមានចំណាប់អារម្មណ៍ក្នុងការចុះកិច្ចសន្យាលក់វីដេអូ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះក្រុមហ៊ុន AI បានទទួលការរិះគន់ចំពោះការប្រើប្រាស់មាតិកាអនឡាញដោយមិនបានបង់ប្រាក់។
ការដាក់ពាក្យបណ្តឹងលើOpenAI, Meta និងក្រុមហ៊ុនផ្សេងៗទៀតបានចោទប្រកាន់ពីការរំលោភសិទ្ធិចេញផ្សាយដោយប្រើសម្រង់អត្ថបទ រូបភាពនិងវីដេអូដោយគ្មានការអនុញ្ញាត។
កិច្ចសន្យាលក្ខណៈផ្តាច់មុខជាមធ្យោបាយស្របច្បាប់សម្រាប់អ្នកបង្កើតមាតិកាដើម្បីទទួលបានប្រាក់ចំណេញ ក៏ដូចជាការពារកម្មសិទ្ធិបញ្ញា។
តួយ៉ាងដូចជាក្រុមហ៊ុនTroveo AI បានបង់ប្រាក់ចំនួន $5 លានទៅបណ្ដាអ្នកបង្កើតមាតិកា។កិច្ចព្រមព្រៀងលក្ខណៈផ្តាច់មុខ មិនអនុញ្ញាតឲ្យក្រុមហ៊ុន AI ចម្លងអត្តសញ្ញាណឬការបំប្លែងស្នាដៃរបស់អ្នកបង្កើតមាតិកា ហើយផ្ដល់ឱ្យអ្នកបង្កើតមាតិកានូវចំណូលស្របនឹងការការពារស្នាដសរបស់ពួកគេ។
ក្រុម Creative ArtistsAgency (CAA) ដែលតំណាងដោយ Amelia Dimoldenberg និង AlanChikin Chow បានធានាឲ្យអតិថិជនទទួលបានប្រាក់ចំណេញគ្រប់គ្រាន់និងការពារប្រឆាំងនឹងផលប៉ះពាល់កេរ្តិ៍ឈ្មោះ។
យ៉ាងណាមិញ លោក Dan Levitt ពី Wasserman យល់ឃើញថា នេះជាឱកាសចំណេញរយៈពេលខ្លីសម្រាប់អ្នកបង្កើតមាតិកា ប៉ុន្តែលោកក៏បានបញ្ជាក់ថា ឱកាសនេះក៏មានកាលកំណត់ដែរអាស្រ័យលើការវិវត្តនៃឧស្សាហកម្មនេះ៕
ប្រភព៖ japantimes