សត្វក្រពា និងសត្វក្រពើ គឺជាសត្វពីរប្រភេទផ្សេងគ្នាតែមានលក្ខណៈជាច្រើនប្រហាក់ប្រហែលគ្នា ដូច្នេះហើយទើបមនុស្សជាច្រើនមានកាភាន់ច្រឡំ។ ក្នុងអត្ថបទនេះសារព័ត៌មានអេសអ័រ (SR News) នឹងបង្ហាញពីភាពខុសគ្នាសំខាន់ៗមួយចំនួនរបស់សត្វក្រពា និងសត្វក្រពើដូចខាងក្រោម៖
១. ប្រភេទក្រុមសត្វ
សត្វក្រពា គឺជាប្រភេទសត្វដែលស្ថិតនៅក្រុម Alligatoridae ដែលក្រុមអ្នកស្រាវជ្រាវរកឃើញប្រភេទសត្វក្រពានេះ រស់នៅក្នុងទឹកសាបតែប៉ុណ្ណោះ។
សត្វក្រពើ គឺជាប្រភេទសត្វដែលស្ថិតនៅក្រុម Crocodylidae ដែលក្រុមអ្នកស្រាវជ្រាវរកឃើញប្រភេទសត្វក្រពើគឺអាចរស់នៅបានទាំងទឹកសាបនិងទឹកប្រៃ។
២. រូបរាង
សត្វក្រពា មានទម្រង់ក្បាល ឬប្រវែងមាត់រាងអក្សរ U។
សត្វក្រពើ មានទម្រង់ក្បាល ឬប្រវែងមាត់រាងអក្សរ V ។
៣. ធ្មេញ
សត្វក្រពា ដោយសារតែថ្គាមខាងលើធំជាងថ្គាមក្រោមដូច្នេះនៅពេលវាបិទមាត់ យើងមើលឃើញតែធ្មេញខាងលើវាប៉ុណ្ណោះ។
សត្វក្រពើ នៅពេលវាបិទមាត់យើងមើលឃើញ កញ្ចុំនៃធ្មេញរបស់វាទាំងលើនិងក្រោម។
៤. ទីតាំងរស់នៅ
សត្វក្រពា រស់នៅក្នុងបរិស្ថានទឹកសាបដូចជាទន្លេ បឹងនិងវាលភក់ ដោយភាគច្រើននៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិកនិងប្រទេសចិន។
សត្វក្រពើ ត្រូវបានរកឃើញទាំងនៅក្នុងជម្រកបរិស្ថានទឹកសាបនិងទឹកប្រៃ ហើយវា រស់នៅយ៉ាង ទូលំទូលាយភាគច្រើនស្ថិតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក អូស្ត្រាលីអាស៊ីអាគ្នេយ៍ អាមេរិកខាងជើងនិងអាមេរិកខាងត្បូង។
៥. ពណ៌សម្បុរ
សត្វក្រពា ជាធម្មតាមានស្បែកងងឹត ហើយជាទូទៅគឺពណ៌ខ្មៅប្រផេះ។
សត្វក្រពើ មានស្បែកស្រាលជាង ហើយជាទូទៅគឺពណ៌ត្នោត។
៦. ទំហំ
សត្វក្រពា តូចជាងក្រពើដោយសត្វក្រពាអាមេរិកមានប្រវែង ៣ម៉ែត្រទៅ៣ម៉ែត្រកន្លះ។
សត្វក្រពើ ធំជាងក្រពាដោយប្រភេទខ្លះនៃក្រពើទឹកប្រៃ មានប្រវែងដល់ទៅ ៧ម៉ែត្រ ឬច្រើនជាងនេះ។
៧. ចរិតលក្ខណៈ
សត្វក្រពា ហាក់មិនកាចសាហាវដូចសត្វក្រពើឡើយ តែយើងគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ។
សត្វក្រពើ ជាទូទៅមានសភាពកាចសាហាវ ហើយតែងតែវាយប្រហារមនុស្សមុនដោយមិនញញើត៕