សៀមរាប៖ មនុស្សមួយចំនួនអាចមិនស្គាល់ផ្លែព្នៅតែរុក្ខជាតិមួយនេះត្រូវបានគេទទួលស្គាល់ពីគុណប្រយោជន៍ជួយសុខភាព ហើយពលរដ្ឋមួយចំនួនបរិភោគវាស្រស់ៗច្នៃធ្វើជាឱសថ និងតែសម្រាប់ឆុងផឹកជាដើម។
ដោយមើលឃើញពីគុណប្រយោជន៍នៃផ្លែព្នៅនេះ សហគមន៍ដាំបន្លែសុវត្ថិភាពសៀមរាបបានកែច្នៃផ្លែព្នៅជាផលិតផលក្រៀម ដូចជា តែព្នៅជាដើម ដែលអាចរក្សាទុកបានយូរនិងអំណោយផលក្នុងការដាក់លក់នៅលើទីផ្សារ។
កញ្ញា ចៅ សុភ័ក្ត្រត្រាបុគ្គលិកសម្របសម្រួលទីផ្សារសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបបានប្រាប់សារព័ត៌មាន SR News៖ «ពលរដ្ឋមួយចំនួននៅក្នុងសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបយើងច្នៃជាផលិតផល តែព្នៅ ជួយដល់សុខភាពលក់នៅលើទីផ្សារ ដោយមិនមានសារធាតុរក្សាទុកអីនោះទេនិងជួយអភិរក្សវាផងដែរ»។
តែព្នៅត្រូវបានប្រើប្រាស់ជាឱសថបុរាណធម្មជាតិសម្រាប់ព្យាបាលជំងឺក្រពះទល់លាមក ហើមពោះ និងរាគរូស។ វាក៏អាចជួយសម្រួលដល់ដំណេក ដំណើរការតម្រងនោម ប៉ូវកម្លាំងនិងមានគុណប្រយោជន៍ជាច្រើនទៀតសម្រាប់សុខភាព។
ដោយសារផ្លែព្នៅជារុក្ខផលធម្មជាតិដែលមានសភាពរឹងគួរសមនោះ ដូច្នេះប្រជាសហគមកាត់វាជាចំណិតៗមុននឹងយកទៅហាលឱ្យស្ងួត ដោយប្រកាន់ខ្ជាប់នូវអនាម័យតាមបច្ចេកទេសសុវត្ថិភាពចំណីអាហារ។
កញ្ញា សុភ័ក្ត្រត្រា បានលើកឡើងបន្តថា៖ «ផ្លែព្នៅយើងរើសផ្លែដែលល្អៗ មិនទុំពេក ហើយក៏មិនខ្ចីពេកដែរហើយមួយវិញទៀត ផ្លែព្នៅ រៀងពិបាកកាត់ដែរ ដោយសារវារឹងគួរសម អ៊ីចឹងយើងកាត់ជាចំណិតតូចៗដើម្បីយកទៅហាលឱ្យស្ងួតល្អ និងមានអនាម័យត្រឹមត្រូវ»។
បច្ចុប្បន្ន សមាគមបានកែច្នៃតែ ដែលពីរុក្ខជាតិធម្មជាតិចំនួន៣ រសជាតិរួមមាន៖ តែស្លឹកគ្រៃ តែម្ជូរល្មម ឬតែម្ជូរព្រឹក និងតែព្នៅដែលសុទ្ធសឹងជាតែ ល្អចំពោះសុខភាព។
ទោះជាយ៉ាងណាក្ដី កញ្ញា សុភ័ក្ត្រត្រា ទទួលស្គាល់ថាតែព្នៅ មិនសូវមានអ្នកគាំទ្រច្រើនដូច តែស្លឹកគ្រៃ និងតែម្ជូរល្មមនោះទេ ដោយហេតុថាផ្លែព្នៅមិនសូវមានអ្នកស្គាល់។
អ្នកសម្របសម្រួលវ័យ ២៧ឆ្នាំ រូបនេះបានបន្តថា៖«ផ្លែព្នៅ តាមតំបន់មួយចំនួនមិនសូវដែលស្គាល់ ឧទាហរណ៍អ្នកនៅភ្នំពេញ ពិសេសក្មេងៗឥលូវខ្លះមិនស្គាល់នោះទេហើយក៏សឹងតែដាច់ពូជទៅហើយ មានតិចតួចនៅក្នុងព្រៃជ្រៅៗប៉ុណ្ណោះនៅតាមភូមិលែងសូវមានព្នៅដូចមុនហើយ»។
បច្ចុប្បន្នតែព្នៅ សុខភាពរបស់សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប មួយកញ្ចប់ធំ មាន២៤កញ្ចប់តូចទម្ងន់៤៨ក្រាម ហើយមានតម្លៃ ១៦០០០រៀល។ សមាគមក៏មានតម្លៃអាស្រ័យទៅតាមការលក់បោះដុំជាគីឡូ និងលក់រាយ ដល់អាជីវករដែលចង់បានព្នៅ យកទៅលាយជាឱសថផ្សេងៗផងដែរ។
តម្លៃតែព្នៅលក់លើទីផ្សារ អាស្រ័យលើការចំណាយលើវត្ថុធាតុដើមធម្មជាតិនិងកម្លាំងពលកម្មប្រជាសហគមផ្ទាល់ ដោយសមាគមមិនមានឧបករណ៍ទំនើបៗដូចសហគ្រាសធំៗនោះទេ។
បុគ្គលិកសម្របសម្រួលទីផ្សារសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបបានពន្យល់ថា៖ «មានអ្នកខ្លះត្អូញថា ផលិតផលក្នុងស្រុកសោះម៉េចក៏ថ្លៃម៉េស? តែមែនទែនទៅថ្លៃដោយសារតែ សម្បកវេចខ្ចប់សុទ្ធសឹងតែជារបស់នាំចូល ណាមួយផលិតផលរបស់យើងផលិតដោយដៃប្រជាសហគមផ្ទាល់មិនមានម៉ាស៊ីនក្នុងការកែច្នៃដូចទៅហ្នឹងសហគ្រាសផ្សេងៗនោះទេទើបធ្វើឱ្យតម្លៃរៀងខ្ពស់បន្តិច»។
ជាក់ស្ដែងប្រជាសហគមដែលផលិត តែព្នៅ ជាអ្នករស់នៅតំបន់ប្រាសាទបាគង។ដូច្នេះហើយផ្លែព្នៅដែលពួកគាត់រកនៅតាមភូមិស្រុករបស់គាត់ផ្ទាល់ នៅសេសសល់មិនច្រើនប៉ុន្មាននោះទេ។មួយចំនួនទៀតត្រូវនាំយកពីលើភ្នំគូលែន ដើម្បីផលិតចេញជាតែលក់នៅលើទីផ្សារ។
តែព្នៅ ផលិតដោយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបមានលក់នៅហាងរបស់សមាគមផ្ទាល់ដែលស្ថិតនៅជើងភ្នំគូលែន និងមួយទីតាំងទៀតស្ថិតនៅឃុំឃុនរាមស្រុកបន្ទាយស្រី។ នៅរាជធានីភ្នំពេញ ផលិតផលសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបអាចរកជាវបាននៅហាងមួយចំនួនរួមមានម៉ាត ខេមរៈអាហារ ផ្សារលក់ផលិតផលខ្មែរ និងហាងសុខ ហ្វាម នៅជិតផ្សារកណ្ដាល ជាដើម។
កញ្ញា សុភ័ក្ត្រត្រា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យការជួយគាំទ្ររបស់ក្នុងស្រុកឱ្យបានច្រើនពិសេសផលិតផលដែលធ្វើដោយដៃរបស់ សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបដែលមានលក់នៅលើទីផ្សារ តាមម៉ាត ផ្សារធម្មជាតិ ឬនៅតាមកម្មវិធីតាំងពិរព័ណ៍នានាជាដើម។
សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ត្រូវបានបង្កើតឡើងក្នុងការជួយសម្រួលជីវភាពប្រជាកសិករបង្កើនចំណូលបន្ថែមពីរបរធ្វើស្រែចម្ការក៏ដូចជារួមគ្នាអភិរក្សធនធានធម្មជាតិឱ្យនៅគង់វង្សផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទំព័រហ្វេសប៊ុកអ្នកដាំបន្លែសុវត្ថិភាពសៀមរាបTheGreen Farmers Siem Reap ឬតាមរយៈលេខទូរសព្ទ 070 256 084៕