ជីវិត និង សង្គម

មូលហេតុដែល វណ្ណដា មានវត្តមានជាមួយតារាជាច្រើនក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកក្រុងប៉ារីស ២០២៤

August 12, 2024
August Stella
Heading
Option 1

ស្ថិត​ក្នុងមនុស្ស​​រាប់ពាន់​នាក់​នៅកីឡដ្ឋាន​តារា​ចម្រៀង​រ៉េប​កម្ពុជា​លោក​ វណ្ណដា បាននាំ​យកបទ Time to Rise នៅ​លើ​ឆាកតន្ត្រីរួមជាមួយ​តារាចម្រៀង​​អន្តរជាតិ​ជាច្រើនរូបទៀត​ដូចជា Phoenix, Air ,Kavinsky, Angèle និង Ezra Koenig ក្នុង​​ព្រឹត្តិការណ៍បិទ​​កីឡាអូឡាំពិក​កាលពីថ្ងៃទី ១១ខែសីហា​ កន្លង​ទៅនេះ។

ក្នុងឈុត​សឹង​ខ្មែរ​ពណ៌​ខ្មៅរំលេច​ក្បាច់​ពណ៌​សប្រាក់ វត្តមាន​របស់​តារាចម្រៀង​រ៉េ​បវ័យ ២៧ ឆ្នាំ​​បានច្រៀង​ភាសា​ខ្មែរ​​លាយ​ភាសា​អង់គ្លេសនិងធ្វើ​​ឱ្យ​មហាជនភ្ញាក់ផ្អើ​ល​យ៉ាង​ខ្លាំង ដោយ​សារ​ពុំ​មានការ​បង្ហើបឬ​តម្រុយណាមួយ​ពី​រូបលោក ឬ​ផលិត​កម្ម​របស់លោក អំពី​ឱកាសឡើងឆាក​ព្រឹត្តិការណ៍​បិទកីឡាអូឡាំពិកនោះទាល់តែសោះ។

យោង​តាម​លក្ខខណ្ឌ​ និង​ដំណើរការ​​ក្នុង​ការ​ជ្រើសរើស​សិល្បករ​ទៅ​សម្ដែង​នៅព្រឹត្តិការ​ណ៍​កីឡាអូឡាំពិក​កន្លង​មកបេក្ខភាព​តារាចម្រៀង​ដែល​ត្រូវបាន​ពិចារណា​​ត្រូវ​មាន​ភាព​តំណាង​ឱ្យ​វប្បធម៌​ជាតិ​សាសន៍​ខ្លួនប្រភេទ​តន្ត្រី សាវតា​ចម្រៀង​ដែល​អាចទាក់ទាញ​អ្នកស្ដាប់​ជាសកល

ចំណុច​បន្ទាប់​តារា​ចម្រៀង​នោះ​​មានការទទួលស្គាល់ជាអន្តរជាតិដោយ​​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ។ បទចម្រៀង​​ត្រូវ​មាន​ភាព​ស៊ីសង្វាក់គ្នា​នឹង​​ប្រធានបទ​នៃ​ការ​សម្ដែង​​ក្នុង​ព្រឹត្តិការណ៍​បិទ។ តារាចម្រៀង​នោះ​ចាំបាច់ត្រូវ​មាន​ឆន្ទៈនិង​ធានា​ឱ្យ​បាន​នូវ​វត្តមាន​ក្នុង​​ការ​ឡើង​ឆាក​ខណៈ​ដែល​ការ​ចរចាចុះកុងត្រា​អាចមានភាពស្មុគស្មាញ​ជាមួយ​តារា​ចម្រៀង​ដែល​ត្រូវបានគេ​ចាត់ទុក​ថាមានឈ្មោះបោះសម្លេង។

ចំពោះ​តំណាក់​កាល​ក្នុង​ការ​ជ្រើសរើស ត្រូវ​ចាប់ផ្ដើមពីគណៈកម្មាធិការ​ជា​អ្នក​និពន្ធ​តន្ត្រី​ក្នុង​ឧស្សាហកម្ម​អាជីពរួមជាមួយ​អ្នក​រៀបចំព្រឹត្តិការណួ៍អូឡាំពិក និង​អ្នកជំនាញ​ផ្នែក​វប្បធម៌។ តារាចម្រៀង​ត្រូវ​បាន​ស្រាវជ្រាវ និង​កំណត់​ថា​តើ​បេក្ខភាព​នោះ​អាចបំពេញតាម​លក្ខខណ្ឌ​ដូច​ដែល​បាន​​រៀបរាប់ខាងលើដែរ​ឬទេ។ ក្រោយ​ពី​ជាប់​ក្នុង​បញ្ជីសម្រាំង ការ​ចរចានិង​កុងត្រា​ត្រូវបានធ្វើឡើង​ជាមួយ​ទីភ្នាក់ងារ​តំណាង​ដើម្បី​ធានាវត្តមាន​​ពុំអាក់ខាន។ ដំណាក់កាលបន្ទាប់​ ព័ត៌មាន​លម្អិត​ពី​ផែនការ​សម្ដែង ការ​រចនា​ឆាក ប្រព័ន្ធពន្លឺនិងសម្លេង​ត្រូវបាន​​ផ្ដល់ជូន​ដល់​តារាចម្រៀង​អន្តរជាតិ​ដែលត្រូវបានជ្រើសរើស។

ក្នុងចំណោម​នោះវណ្ណដា បានបំពេញ​លក្ខខណ្ឌ​យ៉ាងពេញលេញ​ជាមួយ​កេរ្តិ៍ឈ្មោះល្បី​ល្បាញ​​​នៅ​អាស៊ីអាគ្នេយ៍ដោយ​មាន​ចំនួន​ Subscriber ៤ លាន​នាក់​នៅលើ​យូ​ធូបរបស់លោក។ ទាំងឈុត​សម្លៀកបំពាក់ដែលរចនា​ដោយ​អ្នកច្នៃម៉ូដ​ដ៏ល្បីល្បាញណុប ដាណេ ហើយ​បទចម្រៀង​របស់​លោក​​បានផ្សារភ្ជាប់​​វប្បធម៌ និង​សិល្បៈ​ចម្រៀង​សកល​សក្ដិសម​នឹង​ឆាកតន្ត្រីចម្រុះជាតិសាសន៍​ដ៏​អស្ចារ្យ​មួយនេះផង​ដែរ​​។

តារាចម្រៀងធំធាត់​ក្នុង​​​គ្រួសារ​អ្នក​កោសដូង​មកពីទឹកដី​ខេត្តព្រះសីហនុ​រូបនេះ​​គឺជា​សិល្បករ​ខ្មែរ​ដំបូងគេ​ដែល​បាន​សម្ដែង​​នៅ​​មហោស្រព​តន្ត្រី​នៅ​សហរដ្ឋអាមេរិក ​Sabaidee Fest​។ វណ្ណដា ក៏​​ចូលរួម​សម្ដែង​នៅលើ​ឆាក​អន្តរជាតិ​ដូចជា ASEAN Music Showcase នៅ​ប្រទេស​សិង្ហ​បុរី​, Big Mountain Festival និង Rolling Loud នៅ​ប្រទេស​ថៃព្រមទាំង​បានធ្វើ​ភ្ញៀវកិត្តិយស​ពិសេស​របស់ Rap Viet នៅ​វៀតណាម និង Takao Rock នៅ​តៃវ៉ាន់​ជាពិសេសការសម្ដែង​រួម​ឆាក​ជាមួយនឹង​តារា​ដូចជា Cardi B, Chris Brown និង Travis Scott​ ផង​ដែរ៕

អត្ថបទពេញនិយម

តើកន្ធាយក្បាលកង្កែបជាប្រភេទសត្វអ្វី ហើយស្ថិតក្នុងអម្បូរអ្វី?

កន្លែងដើរលេងទាំង៥ ដ៏ស្រស់ស្អាតនៅខេត្តកំពត

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់

គ្រែក្រដាសដែលល្បីប្រឆាំងការរួមភេទ ជាក់ស្ដែងដើម្បីបរិស្ថាននៅភូមិកីឡាអូឡាំពិក

ភស្តុតាងថ្មីបង្ហាញថា លេខសូន្យឥណ្ឌា មានវ័យចំណាស់ជាងលេខសូន្យខ្មែរ