សៀមរាប: មកទទួលយកបទពិសោធន៍ថ្មីនៃការចូលទៅទស្សនាកម្សាន្តពិភពជីវៈចម្រុះសត្វព្រៃ ត្រីទឹកសាប ត្រីទឹកប្រៃដ៏កម្រ និងមកពីតំបន់អាម៉ាហ្ស៊ូន និងផ្ទះសត្វល្មូនលំដាប់ពិភពលោកដែលមានតែមួយគត់នៅអង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium)។
អង្គរវ៉ាយដ៍ឡាដ៍យហ្វ៍ & អឹឃ្វារៀម គឺជាកន្លែងអភិរក្ស និងសង្គ្រោះសត្វ បង្កើតនៅឆ្នាំ ២០១៩និងបើកដំណើរការនៅឆ្នាំ ២០២២ លើផ្ទៃដីទំហំ ១០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បូនឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អង្គរវ៉ាយដ៍ឡាដ៍យហ្វ៍ & អឹឃ្វារៀម បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាចហើយចំណែកថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ទីនេះបើកដំណើរការពីម៉ោង៥ព្រឹក ដល់ម៉ោង ៦ល្ងាច ដោយសំបុត្រចូលទស្សនាសម្រាប់ភ្ញៀវទេសចរជាតិ មានតម្លៃ ១១ ដុល្លារ (មនុស្សពេញវ័យ)សំបុត្រសម្រាប់កុមារ មានតម្លៃ ៥,៥០ ដុល្លារ រីឯជនបរទេសតម្លៃ ២០ ដុល្លារ និងមានតម្លៃពិសេសសម្រាប់ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សផងដែរ។
ទីកន្លែងអភិរក្ស និងសង្គ្រោះសត្វនេះ មានប្រភេទជីវៈចម្រុះជាច្រើនរួមមានសត្វសមុទ្រមានចំនួន ៣០ ដូចជាត្រីឆ្លាម អន្ទង់សមុទ្រ សេះសមុទ្រ ជីវៈចម្រុះក្រោមទឹកផ្កាថ្មមានជីវិត ប្រឡាំងកាស ត្រីនីម៉ូ និងត្រីស្អាតៗជាច្រើនប្រភេទទៀត។
ចំណែកសត្វទឹកសាបមានជាង ៤០ប្រភេទ ដែលយកមកពីទន្លេអាម៉ាហ្សូន បឹងទន្លេសាបទន្លេមេគង្គជាដើមដូចជា ត្រីរាជ ដែលជាត្រីធំជាងគេនៅក្នុងទន្លេមេគង្គ មានប្រវែង ៣ម៉ែត្រ និងទម្ងន់ ៣០០គីឡូក្រាម និងមានត្រីគល់រាំង ត្រីកន្ត្របខ្លា ត្រីក្រាយជាប្រភេទត្រីជិតដាច់ពូជ និងមានត្រីបបែលទឹកសាបយកមកពីតំបន់អាម៉ាហ្សូនដែលព្រុយនៅកន្ទុយរបស់វាហៅថា ស្លាបពិស អាចធ្វើឱ្យគ្រោះថ្នាក់ដល់មនុស្ស ហើយវាចូលចិត្តរស់នៅបាតៗនិងមានទម្ងន់ដល់ ៣០០គីឡូ។
ដោយឡែកសត្វព្រៃមានចំនួន ៥០ ប្រភេទ ដូចជាសត្វខ្លាធំ សត្វក្រពើភ្នំ សត្វខ្លាឃ្មុំនិងភេរជាដើម រីឯផ្ទះសត្វល្មូនវិញមានសត្វជាច្រើនដូចជាពស់ជាច្រើនប្រភេទអន្ទង់ បង្គួយ និងអណ្តើក។
មកទស្សនានៅ អង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium) អ្នកទេសចរ ហាក់បានចូលទៅដល់ពិភពធម្មជាតិនៃជីវៈចម្រុះពិតៗ តួយ៉ាងពិភពបាតសមុទ្រដែលមានការតាំងបង្ហាញនូវមច្ចាជាច្រើន រាំងដោយកញ្ចក់ដ៏ថ្លា ហាក់ភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងសត្វទាំងនោះ។
នៅទីនេះ គឹផ្តោតសំខាន់ទៅលើការអភិរក្ស ត្បិតសត្វនៅទីនេះមិនថាសត្វព្រៃឬមច្ឆាទេ មានសត្វមួយចំនួនត្រូវបានយកមកសង្គ្រោះ និងមើលថែ ហើយមួយចំនួនទៀត គឺជាប្រភេទសត្វកម្រនិងជិតផុតពូជនៅលើភពផែនដី។ ក្នុងនោះក៏មានយកលែងសត្វផងដែរ តួយ៉ាងក្រពើភ្នំដែលនៅ អង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម តែងតែមានកម្មវិធីលែងក្រពើទៅកាន់ទីជម្រកដែលសក្តិសមសម្រាប់ពួកវា
ក្រៅពីការអភិរក្ស ទីនេះក៏ផ្តោតលើការអប់រំផងដែរ ដោយបុគ្គលិកនឹងរង់ចាំធ្វើការបង្ហាញពន្យល់ពីលក្ខណៈជីវសាស្ត្រ ប្រភព និងប្រភេទសត្វជូនដល់ភ្ញៀវទេសចរ ឱ្យបានយល់ដឹងកាន់តែច្រើនពីធនធានជីវៈទាំងអស់នេះ។ អង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងសៀមរាបនិងស្ថិតក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ឬទំនាក់ទំនងគេហទំព័រហ្វេសប៊ុកៈ Angkor Wildlife & Aquarium និងលេខទូរសព្ទៈ ០៨១ ៥០២ ៥៥៥៕