ប៉ៃលិនៈ ដោយមើលឃើញពីការបោះចោលផ្លែស្វាយជាច្រើនស្ទើររាល់ឆ្នាំ ព្រោះលក់មិនចេញ សិប្បករ វួច ធុច បានសម្រេចចិត្តចាប់ផ្តើមផលិតស្រាស្វាយកែវរមៀត ដើម្បីជួយសម្រួលដល់កសិករ ក្នុងការទិញផលិតផលផ្លែស្វាយក្នុងស្រុក។ ចាប់ផ្ដើមធ្វើស្រាស្វាយតាំងពីចុងខែមីនា និងត្រូវអប់ទុករយៈពេលយ៉ាងតិច៤ ទៅ ៥ ខែ លោក ធុច នឹងបញ្ចេញលក់ស្រាស្វាយលើទីផ្សារនាខែតុលាខាងមុខ។
ដោយមានដើមទុនតិចតួច និងជាជំហ៊ានដំបូង សិប្បករអាយុ៣៩ឆ្នាំរូបនេះ បានផលិតស្រាស្វាយប្រមាណ ២ ពាន់ដបប៉ុណ្ណោះ ដោយប្រើស្វាយកែវរមៀតប្រហែល ២ តោន។ ស្រាស្វាយកែវរមៀតនេះ នឹងត្រូវវេចខ្ចប់ជាប្រភេទដបស្រាក្រហម និងច្រកប្រអប់ប្រកបដោយភាពប្រណិតដែលមានតម្លៃលក់រាយ ១០ ដុល្លារ។
ចំពោះរបៀបនៃការធ្វើស្រាស្វាយ សិប្បកររូបនេះ បានដកស្រង់បច្ចេកទេសចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលលោកធ្លាប់បានផលិតស្រាផ្លែឈើ (ស្រាមៀនប៉ៃលិន) ដំបូងក្នុងឆ្នាំ២០០៨ ដែលទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញជនជាតិស្កុតឡេន អំពីបច្ចេកទេសផលិតស្រាទំពាំងបាយជូរ។
លោក វួច ធុច បានទទួលជោគជ័យក្នុងផលិតស្រាមៀនប៉ៃលិន និងបានចុះបញ្ជីពាណិជ្ជកម្មជាសិប្បកម្ម SKH ក្នុងការផលិតស្រាមៀននេះផងដែរ។
លោក ធុច បានបន្ដថា៖ «សុំឱ្យប្រជាជនខ្មែរយើងគ្រប់រូប គួរតែងាកមកប្រើប្រាស់ផលិតផលខ្មែរ ពីព្រោះប្រសិនបើសិប្បករយើងផលិតផលិតផលអ្វីមួយ ទទួលបានការគាំទ្រ យើងចេះតែបន្ដអភិវឌ្ឍទៅមុខ ការកែច្នៃនេះ ទាមទារទាំងការចំណាយថវិកា និងកម្លាំងចិត្ដផងដែរ»៕