ភ្នំពេញ៖ប្រធានក្រុមស្រាវជ្រាវ និងអភិរក្សដីគោក លោក នាង ធី ដែលមានបទពិសោធន៍សិក្សាស្រាវជ្រាវទៅលើសត្វពស់អស់រយៈពេលជាង១០ឆ្នាំ បានឱ្យដឹងថានៅក្នុងសង្គមខ្មែរ មានពាក្យតំណាលតៗគ្នាថា សត្វពស់ត្បាល់ជាសត្វមិនចឹកដូចពស់ដទៃ និងលោតបុកនៅពេលដែលវាជួបឧបសគ្គហើយបំលាស់ទីដោយរមៀលខ្លួននោះ គឺជារឿងមិនពិតនិងគ្មានពស់ប្រភេទនេះលើពិភពលោកឡើយ។
លោកអះអាងប្រាប់សារព័ត៌មាន SR News ដូចច្នេះថា៖«ខ្ញុំតែងតែលឺគេនិយាយតគ្នាពីរឿងពស់ត្បាល់នេះពីមួយជំនាន់ទៅមួយជំនាន់ ដល់ពេលសួរនាំថាដែលឃើញពស់ត្បាល់ទេម្នាក់ៗសុទ្ធតែបដិសេដថា មិនដែលឃើញនោះទេហើយខ្ញុំបានស្រាវជ្រាវនាពេលកន្លងមកនេះ គឺមិនមានឯកសារឬសំណាកសត្វពស់ត្បាល់នោះទេ នៅលើសកលលោកយើងនេះ»។
ក្រុមស្រាវជ្រាវ និងអភិរក្សដីគោកដែលអះអាងថាពុំមានសត្វពស់ត្បាល់នេះ គឺជាជាក្រុមសិក្សាស្រាវជ្រាវលើជីវចម្រុះនៅកម្ពុជារបស់អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ ដែលមានការសហការពីក្រសួងបរិស្ថាន។
ទាក់ទិននឹងសត្វពស់នេះក៏ពាក្យតំណាលតគ្នាមួយផ្សេងដែលថា ពស់អណ្ដែតទឹក មានពិសហើយពស់លិចក្នុងទឹក មិនមានពិស ក៏ត្រូវបាន លោក នាង ធី អះអាងដែរថាគឺជារឿងមិនពិតដូចគ្នា។
ប្រធានក្រុមស្រាវជ្រាវរូបនេះបញ្ជាក់ថា៖«ពស់មានលក្ខណៈអេកូឡូហ្ស៊ីរបស់វាខុសៗគ្នាមានន័យថាពស់ខ្លះរស់នៅលើគោក វាមិនត្រូវការចុះទឹកទេឯពស់ខ្លះរស់នៅក្នុងទឹក វាក៏មិនត្រូវការឡើង លើគោកដែរ ពស់នៅលើគោកវាមានទាំងពិស និងអត់ពិស ហើយពស់នៅក្នុងទឹកមានច្រើនប្រភេទ ខ្លះមានពិសនិងអត់ពិសក៏មានដែរ អ៊ីចឹងមិនអាចសំគាល់បានទេថា ពស់ដែលមានពិសអណ្ដែតទឹកពស់ដែលមិនមានពិសលិចក្នុងទឹកនោះទេ»។
អ្នកស្រាវជ្រាវរូបនេះ បានលើកជាឧទាហរណ៍ថាតួយ៉ាងពស់វែក ឬពស់ដទៃទៀតដែលរស់នៅ លើគោក វាតែងតែរកចំណីលើគោកឬអាចទៅត្រាំទឹក និងចុះផឹកទឹកម្ដងម្កាលប៉ុន្តែវាមិនចាប់ចំណីក្នុងទឹកនោះទេ។រីឯសត្វពស់ដែលរស់នៅក្នុងទឹកដូចជាពស់ប្រលិត ពស់ត្រី ពស់កាចាន់ឬចាន់ល្មម គឺជាពស់ពុំមានទិស វារកចំណីដូចជា ត្រី កង្កែបសត្វតូចៗដែលរស់នៅក្នុងទឹកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវ និងអភិរក្សដីគោកលើជីវចម្រុះនៅកម្ពុជាបានរកឃើញសត្វច្រើនប្រភេទ មានទាំងសត្វសំបូរបែប សត្វកម្រជិតផុតពូជនិងសត្វដែលត្រូវបានរកឃើញថ្មី ក្នុងនោះក្រុមអ្នកស្រាវជ្រាវនេះក៏ធ្វើការចាត់ថ្នាក់នៃប្រភេទសត្វនិងឈ្មោះសត្វដែលទើបនឹងរកឃើញពូជថ្មីៗផងដែរ៕