សេដ្ឋកិច្ច

អ្នកកំពង់ឆ្នាំងកែច្នៃរទេះគោគេបោះបង់ចោល រកបានចំណូលរាប់ម៉ឺនដុល្លារ

November 6, 2024
ថិញ រិទ្ធី
Heading
Option 1

កំពង់ឆ្នាំង​: រទេះគោ​អាច​ជា​យាន្ត​ជំនិះមួយ​ហួសសម័យសម្រាប់​​​ប្រជាកសិករ​ដែល​ងាកមក​ប្រើ​​​​គ្រឿង​ចក្រ ប៉ុន្តែ​សម្រាប់​លោក វន សុវី រទេះគោ​បាក់បែក​គេបោះបង់​ទាំងនោះ​​អាច​នាំ​ចំណូល​រាប់ម៉ឺន​​ដុល្លារ តាមរយៈការ​កែច្នៃ​ផ្ដល់​សោភ័ណភាព​​​ បំពាក់មុខងារ​ថ្មីឡើងវិញ​ដល់​យានជំនិះខ្មែរ​ពី​បរម​​បុរាណ​មួយនេះ។​

​​​ការវិវឌ្ឍន៍​ទៅ​​ប្រើប្រាស់​គោយន្ត ​និង​រថយន្ត​ព្រោះវាមានភាព​រហ័ស​ងាយស្រួល ហើយ​អាច​ដឹក ទំនិញ​បានច្រើនទៀត​នោះ បានធ្វើ​ឱ្យ​​សាបរលាប​តម្រូវការ​រទេះគោដែលជា​មធ្យោបាយ​​ដឹក​​​កសិផលពីបុរាណ។​

ឃើញដូច្នោះ លោក​ ​សុវីបាន​ឆក់យក​ឱកាស​ក្នុងការ​កែច្នៃ​របស់​ចាស់ៗ​ ដែល​គេ​បោះបង់ចោល​ទៅ​ជា​​របស់​ប្រើ​ប្រាស់​បាន​ឡើងវិញ​​​ក្នុង​បំណង​អភិរក្ស​វត្ថុ​វប្បធម៌​មរតក​ពី​ដូនតា ​​ស្វែង​រក​ចំណូល​ និង​រួមចំណែក​ផ្ដល់​ការងារ​ដល់​សិស្ស​-​និស្សិត​ក្រោយ​​ទំនេរ​ពី​ការសិក្សា​ផងដែរ​។​​

​​​លោកបាន​​​ចាប់ផ្តើម​ដើរ​ប្រមូល​ទិញ​រទេះគោចាស់ៗដែលត្រូវបាន​ប្រជាកសិករ​ទុកចោល ​យកមក​កែច្នៃ​​សម្រាប់​ប្រើប្រាស់​បន្ត ឬ​សម្រាប់​តាំង​លម្អ។

​​លោក​បាន​ប្រាប់​សារព័ត៌មាន SRNews យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​កែច្នៃ​រទេះគោ​ចាស់ៗ​នេះ​ឡើង​​​នៅ​ក្នុងឆ្នាំ​២០២០​។ពេលនោះ​ខ្ញុំ​បាន​ចុះ​ទៅតាម​ភូមិ​ឃុំ​នៅតាម​ស្រុក​ស្រែចម្ការ ខ្ញុំ​បានឃើញ​រទេះគោ​ចាស់ៗ​ដែល​គេ​បោះបង់ចោល ដែល​រទេះគោ​ទាំងនោះ ខ្លះ​នៅ​ប្រើ​បាន​ ​និង​ខ្លះ​ប្រើ​មិនបាន​»​។​

​លោក​បាន​បន្តទៀតថា​៖ «​ខ្ញុំ​ក៏បាន​សាកល្បង​សួរ​ទិញ​រទេះគោ​ចាស់ៗ​នោះមក​កែច្នៃ​ល​មើលពេល នោះ​ក៏មាន​ការផ្ទុះ​ចាប់អារម្មណ៍​ខ្លាំងទើប​ខ្ញុំ​ចាប់ផ្តើម​បន្ត​វា​រហូតមកដល់​សព្វថ្ងៃ​នេះ​»​។​

​ចំពោះ​រទេះគោ​ដែល​​​កែច្នៃ​រួចហើយ​ លោក សុវី អាច​លក់​បាន​​ចំណូលបាន​ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយខែៗ។​ជាពិសេស​ មុន​​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ ការ​លក់​អាច​នាំ​ចំណូល​បាន​ដល់ជាង​​​១​ម៉ឺន​ដុល្លារ។​​អតិថិជន​ដែល​មក​ទិញ​រទេះគោ​​ភាគច្រើនជា​អ្នកមានជីវភាព​​ធូរធានិងហ៊ានចំណាយ​លើ​វត្ថុតុបតែងលម្អ​។​

​លោក​បាន​បន្ថែមទៀតថាចំពោះ​រទេះគោ​កែច្នៃ​រួច​មានតម្លៃ​ចាប់ពី​៤០០​ដុល្លារ​ឡើង ដោយ​អាស្រ័យ​ទៅលើ​ប្រភេទ​រទេះ​សម្រាប់​ដឹក​កសិផល ឬ​រទេះ​ប្រើ​សម្រាប់​ជាយា​ន្ត​ជំ​និះ​។

​លោក​បាន​ឱ្យដឹងទៀតថា​៖ «​បើ​សម្រាប់​រទេះសំឡី​វិញមានតម្លៃ​ចាប់ពី​១​ពាន់​ដុល្លារ​រហូតដល់ ១៥០០​ដុល្លារ  អាស្រ័យទៅលើ​ភាព​ប្រណី​ត​របស់​វា​»​។

​សម្រាប់​រទេះគោ​ដែល​ផលិត​ថ្មី​ត្រូវ​ចំណាយពេល​​​ប្រហែលជា​ ១៥ ទៅ​ ៣០​ថ្ងៃក្នុងការ​កែច្នៃ។ ប៉ុន្តែ​បើ​រទេះ​ចាស់ៗ​ដែល​ត្រូវបាន​យក​​មក​កែច្នៃ​ឡើងវិញ​នោះសិប្បកម្ម​របស់លោក​ប្រើ​រយៈពេល​តែ ​២ ​ឬ ​៣​ ថ្ងៃ​ប៉ុណ្ណោះ​ក្នុងការ​ធ្វើឲ្យ​រួចរាល់និង​​អាចទិញ​​យកទៅ​ប្រើប្រាស់​បាន​ហើយ​។

​​​អតិថិជនរបស់លោកភាគច្រើន​ទិញ​រទេះគោ​កែច្នៃនេះ​យកទៅ​​តាំង​លម្អ​គេហដ្ឋានភោជនីយដ្ឋាន និង​មណ្ឌល​កម្សាន្ត​តែប៉ុណ្ណោះ​ ដោយ​​​មិនបាន​យកទៅប្រើជាមធ្យោបាយដឹកជញ្ជូន​​​ដូច​មុន​ទៀត​ទេ។

លោក សុវី ​​បាន​និយាយថា​៖ «​ភាគច្រើន​គេ​យក​រទេះគោយកទៅ​តាំង​លម្អ​ជាមួយនឹង​ទូកត្នោត ដែល​​តាំង​នៅតាម​ភោជនីយដ្ឋាន​ ឬក៏​នៅតាម ក្រសួងមន្ទីរ មួយចំនួន​»​។

​នៅ​ថ្ងៃ​អនាគត លោក​ក៏មាន​​​បំណង​ពង្រីកសិប្បកម្ម​​និង​កែច្នៃ​រទេះគោ​ចាស់ៗ​ឲ្យ​មាន​គុណភាព​កាន់តែ​ល្អ ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិដូចជា​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស និង​អតិថិ​ជន​បរទេស ​​ដែល​ស្រឡាញ់​វប្បធម៌​ប្រពៃណី​ខ្មែរ​ផងដែរ​។​​

​សិប្បកម្ម​របស់លោក សុ​វី ស្ថិតនៅ​ភូមិ​ស្មែ​តឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ព័ត៌មាន​បន្ថែម​ពី សិប្ប​កម្មនេះអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុក​ កំពង់ឆ្នាំង​លក់​រទេះគោ​តាំងលម្អ ​(https://www.facebook.com/profile.php?id=100063278285867​)  និង​ទំនាក់ទំនង​ទូរ​សព្ទ​លេខ​ឬ​តេ​លេ​ក្រាម   ០៨៧ ៥៤៩ ០៦១៕

អត្ថបទពេញនិយម

សិប្បករដីឥដ្ឋធ្វើតុក្កតាសន្សំលុយឡាប៊ូប៊ូផ្ទុះការគាំទ្រខ្លាំងផលិតមិនទាន់តម្រូវការ

សមិទ្ធិផលជាតិធំៗ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

យុវតីលក់មាន់បំពង មុខដូច Lisa ក្រុម Blackpink កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

សាលារៀនមួយនៅជប៉ុន ដាក់កិច្ចការផ្ទះឱ្យកុមាររៀន «ឱប» ព្យាបាលរបួសផ្លូវចិត្តពីគ្រោះរញ្ជួយដី

តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីពីដៃគូ?