ជីវិត និង សង្គម

ការហែទីងមោង មិនត្រូវបានបិទនោះទេ តែតម្រូវឱ្យមានការហែឱ្យបានត្រឹមត្រូវ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

កណ្តាល​:ក្រោយពី​មានការ​ភ្ញាក់ផ្អើល និង​ប្រតិកម្ម​យ៉ាង​ផុសផុល​នៅតាម​បណ្ដា​យ​សង្គម ទាក់ទង​នឹង​ការបិទ​មិន​ឲ្យ​មានការ​ហែ​ទីងមោង​នៅក្នុង​ស្រុក​ស្អាងខេត្តកណ្តាល ពី​សំណាក់មន្ទីរធម្មការ និង​សាសនា​ខេត្តកណ្តាល​មក លោក គួច ចំរើនអភិបាលខេត្ត​កណ្តាល បាន​អះអាងថា មិនមាន​ការបិទ​មិនឱ្យ​ហែ​ទីងមោង​នោះឡើយ​។

​យោងតាម​ការ​បង្ហោះ​សារ​លើ​គេហទំព័រ​របស់​អភិបាល​ខេត្តកណ្តាល​ថ្មីលោក គួច ចំរើន នៅ​ព្រឹក​ថ្ងៃ ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ បាន​សរសេរថា​៖ «ខ្ញុំ​បានឃើញ​ការផ្សព្វផ្សាយ​អំពី​ទីងមោងថា​ត្រូវបាន​បិទ។ ខ្ញុំ​សូមបញ្ជាក់ថា ពុំមាន​ការបិទ​ទេហើយ​ស្នើ​សុំឱ្យ​រៀបចំ​ដោយមានសណ្តាប់ធ្នាប់​ល្អ រក្សាបាន​គុណ​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​។ខ្ញុំ​នឹង​ជួបជាមួយ​បងប្អូន​ផ្ទាល់នៅពេល​ខាងមុខ»​។

​លោក ស៊ីវ សាំង​ងីអ្នកធ្វើ​ទីងមោង​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្តក្រោយពី​ទទួលបាន​ដំណឹង​ថា ពុំមាន​ការបិទ​ការ​ហែ​ទីងមោង​នៅក្នុង​ស្រុក​ស្អាង​ ខេត្តកណ្តាល​ឡើយដែល​ការ​ហែ​ទីងមោង គឺជា​ទំនៀម​តាំងពី​យូរ​មកហើយ និង​ជាផ្នែកមួយនៃការចូលរួម​ថែរក្សា​ព្រះ​ពុទ្ធសាសនា​។

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​អរគុណ​លោក​ចៅហ្វាយខេត្តដើម្បីឱ្យ​អ្នកស្រុក​ស្អាង​បាន​លេង បាន​ហែ និង​ចូលរួម​ក្នុង​ព្រះពុទ្ធសាសនាហើយ​យើង​ហែ​កន្លងមក ក៏​មិនមែន​ថា​ត្រឹមត្រូវ​តាម ព្រះពុទ្ធសាសនា​១០០​ភាគរយ​ដែរប្រាកដ​ជាមាន​ចំណុច​ខុសឆ្គង​ណាមួយ​ហើយ  អ៊ីចឹង​បើ​ខុសឆ្គង សូម​អា​ជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាយោគយល់និង​មានការ​អធ្យាស្រ័យ​»។

​លោក សាំង​ងី បន្ថែមថាលោក​គាំទ្រ​ចំពោះ​ការប្រកាស​របស់​អភិបាលខេត្ត ក្នុងការ​កែតម្រូវ​ចំណុច​មួយចំនួន​ឱ្យ​ត្រឹមត្រូវ​តាម​វប្ប​ធម៌ទំនៀមទម្លាប់ និង​សាសនា ក៏ដូចជាការរៀប​ចំការ​ហែ​ទីងមោង​នេះ​ឱ្យមាន​សណ្តាប់ធ្នាប់ព្រោះ​ការ​ហែ​ទីងមោង​នៅ​ស្រុក​ស្អាង មាន​លក្ខណៈ​អធិកអធម សប្បាយរីករាយហាក់ដូចជា​អត្តសញ្ញាណ​អ្នកស្រុក​ស្អាង​ដូច្នោះ​ដែរ​។  

​គួរ​បញ្ជាក់ថាការផ្អាក​មិនឱ្យ​មានការ​ហែ​ទី​មោង​នេះ ដោយសារ​កន្លងមក គេ​សង្កេតឃើញថាមាន​ចំណុច​មួយចំនួនបាន​ប៉ះពាល់​តម្លៃ​ព្រះសង្ឃ និង​ព្រះពុទ្ធសាសនា ដូចជាមាន​បព្វជិត​ខ្លះបាន​និមន្ត​ទៅកាន់​អគោចរដ្ឋាន​ពុំគួរ​គប្បី និង​ត្រាច់ចរ​ទៅមក​,មាន​ព្រះសង្ឃ​ខ្លះ អាចារ្យវត្ត​ខ្លះ ពុទ្ធបរិស័ទ​ខ្លះនាំគ្នា​ដង្ហែ​ក្បួន​ធ្វើការ​ឃោសនា​ដោយ​ប្រើ​ឧ​គ្ឃោ​សន​សព្ទចង​កៀប​ព្រះពុទ្ធ​បដិមា​ដាក់​លើ​រទេះ​, ប្រើប្រាស់​ទីងមោងឬ​ម៉ុង​សាយ ដើរ​ឃោសនា​រៃអង្គាសប្រាក់​បច្ច័យ នៅតាម​ទីសាធារណៈ​ក្នុង​ទីប្រជុំជនដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពុទ្ធបញ្ញត្តិ និង​ពុទ្ធានុញ្ញាតព្រមទាំង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូររបស់​ព្រះពុទ្ធសាសនា​។

​ដូចនេះការផ្អាក​ហែ​ទីងមោង គឺដើម្បី​ធ្វើការ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​ឡើងវិញ​នេះក្នុងគោលបំណង​លើកកម្ពស់កិត្យានុភាព​សាសនា ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​ក្នុង​ចិត្តលើ​សាសនា​ដែលជាទី​ពី​ពឹង​របស់ខ្លួនឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទពេញនិយម

នាវា MV Doulos Hope នាំយកបណ្ណាល័យបណ្តែតទឹកមកទីក្រុងភ្នំពេញលើកដំបូង ដើម្បីបង្កើនវប្បធម៌អាននៅក្នុងស្រុក

ប្រជាជនខ្មែរអបអរសាទរ និងបង្ហាញមោទកភាព ថ្ងៃខួប ៦២ឆ្នាំ នៃប្រាសាទព្រះវិហារ ដែលតុលាអន្តរជាតិក្រុង ឡាអេ កាត់ក្តីឱ្យកម្ពុជាឈ្នះ ថៃ

យុវជនសំរាម សានដារ៉ាវីត ងាកមកបើកសាលាបង្រៀន ជួយក្មេងក្រីក្រតាមទីដាច់ស្រយាល

បុរសឥណ្ឌូនេស៊ីម្នាក់ សម្លាប់អ្នកជិតខាង ដែលតែងសួរថា ហេតុអ្វីបានជាគាត់មិនទាន់រៀបការ?

តើតារាចម្រៀងរូបណា ដែលពេញនិយមជាងគេសម្រាប់ក្រុមអាយុ Gen-Z