ជីវិត និង សង្គម

តើពិភពលោកនឹងទៅជាយ៉ាងណា បើគ្មានមូស?

October 22, 2024
August Stella
Heading
Option 1

ករណី​កើនឡើង​នៃ​ជំងឺ​ដែល​បង្កដោយ​មូស​ដូចជា​វីរុស West Nile បានធ្វើឱ្យ​ប្រជាជន​អាមេរិក​ជាច្រើន​ព្រួយ​បារម្ភ។ប៉ុន្តែ​សត្វល្អិត​ដែល​គួរឱ្យខ្លាច​ទាំងនេះ​ក៏​ជា​ភ្នាក់ងារនាំ​លម្អង​​រុក្ខជាតិ​​ដ៏​សំខាន់​ផងដែរហើយ​ការបាត់បង់​របស់​វា​អាចមាន​ផលប៉ះពាល់ ​ដែល​ពិបាក​នឹង​បរិយាយ​ក្នុង​ខ្សែសង្វាក់​ផលិត​ចំណី​អាហារ​របស់មនុស្ស។

​សត្វ​មូស ត្បិត​តែ​វា​ តូច ទន់ខ្សោយ ច្របាច់បន្តិច​​ក៏​ងាប់ តែ​វា​​មាន​សមត្ថភាព​បំផ្លាញ​មនុស្ស​ជាពិសេស​ជាភ្នាក់ងារ​ចម្លង​រោគ​​។​

​ម្ដងហើយម្ដងទៀត សត្វ​មូស​បាន​ក្លាយជា​​ក្តីបារម្ភ​អំពី​ជំងឺ​ដែល​ពួកវា​អាច​ចម្លង​​ដល់​មនុស្ស​។​

​កាលពីចុង​ខែ​សីហា ប្រជាជន​តំបន់អ៊ុកស្វឺត​ រដ្ឋម៉ាសាឈូសេត​ សហរដ្ឋ​អាអាមេរិក ត្រូវ​បានស្នើ​សុំឱ្យ​គោរព​តាម​ម​គោចរ​ពេលយប់​ដោយ​ស្ម័គ្រចិត្តដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ពួកគេ​ពី​ជំងឺ​ដ៏​កម្រ ដែល​គេ​ស្គាល់​ថា​ជា​ជំងឺរលាកស្រោមខួរ​ក្បាលភាគខាងកើត​​​ (EEE) និង​​អាច​បណ្តាល​ឱ្យមនុស្ស​ស្លាប់​។

លោក Anthony Fauci អតីត​នាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្ស៊ីនិង​ជំងឺឆ្លង ក៏ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​​ផងដែរ បន្ទាប់ពី​មេរោគ West Nile បាន​ធ្វើ​ឱ្យ​រូបលោក​ឈឺ​ចូល​​​មន្ទីរពេទ្យ​។​

អ្នកស្រី Erin Staples អ្នកឯកទេស​​វេជ្ជសាស្ត្រខាង​រោគរាតត្បាត​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិកបាន​​និយាយថា៖ «​នេះ​គឺជា​រដូវ​កាលដ៏គួរ​ឱ្យ​យកចិត្ត​ទុកដាក់​​សម្រាប់​ជំងឺ​ទាំងពីរ​នេះ​»។

អ្នកស្រី​​និយាយថា​ ជាធម្មតា​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង West Nile ​​ជាង ១,២០០ និង​ការស្លាប់​មួយរយ​នាក់​ក្នុង​មួយឆ្នាំ​ពី ប៉ុន្តែជំងឺ EEE មានចំនួនស្លាប់​​មានតែ​ពី ៣ ទៅ ១៥​ ករណី​​ប៉ុណ្ណោះ​។​

​ចុះបើ​យើង​អាចធ្វើ​ឲ្យ​មូស​ទាំងអស់​បាត់ទៅ​វិញ​? ហើយ​តើ​វា​នឹងមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាងណា?

សត្វ​​មូសស្ថិត​នៅ​ចំណុច​មួយណា​នៃ​​​ខ្សែសង្វាក់​ផលិត​អាហារ​?​

​ជាការ​ពិតណាស់ គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា ពិភពលោក​នឹង​ទៅជា​យ៉ាងណាបើ​គ្មាន​មូស​។​

អ្នកស្រី Ann Froschauer អ្នកឯកទេស​កិច្ចការ​សាធារណៈ​ជលផល​និង​សត្វព្រៃ​របស់​សហរដ្ឋអាមេរិកបាន​​និយាយថា៖ «ការ​កម្ចាត់​មូស​ទាំងស្រុង​អាចមាន​ផលវិបាក​ដែល​យើង​មិនអាច​ទាយ​ទុកជាមុន​បាន​»។​

​ទោះបី​ជាមាន​មូស​ប្រហែល ៣៥០០ ប្រភេទ​នៅលើ​ភពផែនដី​នេះ​ក៏ដោយ​ ក៏​បញ្ហា​ទូទៅ​គឺ​យើង​មិនដឹង​គ្រប់គ្រាន់​អំពី​ការ​រួមចំណែក​របស់​សត្វ​មូស​ក្នុង​​​ខ្សែសង្វាក់ផលិត​​អាហារ។

​ការស្រាវជ្រាវ​ជាច្រើន​បាន​បំបែក​បណ្តាញ​អាហារ​របស់​ថនិកសត្វ​ធំៗ ដូចជា​តោឬ​ខ្លារខិន​។ ហើយ​សម្រាប់​ហេតុផល​ដ៏​ល្អ ពួកវា​ងាយស្រួល​សង្កេត​ជាង​មូស​តូចៗដែលជា​រឿយៗ​បង្កាត់​នៅក្នុងថ្លុកទឹក។

​អ្វីដែល​យើង​ដឹង​គឺ​មូស​គ្រប់​វ័យនិង​គ្រប់​ភេទ​បម្រើ​ជា​ប្រភព​អាហារ​សម្រាប់​សត្វ​​​ដូចជា ត្រី អណ្តើក កន្ទុំរុយ​បក្សី​​ ​ចំណាកស្រុក និង​ប្រចៀវ​។​

​លើសពីនេះទៅទៀត សត្វ​មូស​ឈ្មោលស្ថិត​​ក្នុង​ប្រភេទ​សត្វ​មូស​ជាច្រើន​ដែល​ក្រេប​​ទឹកដមលម្អង​ផ្កា​ដែល​ធ្វើឱ្យ​មានការសាយភាយលម្អង​​រុក្ខជាតិ​ ដែល​រួមចំណែក​ដល់​ការ​ដុះលូតលាស់នៃ​​ដំណាំផ្កា និង​សូម្បីតែ​ផ្កាអ័រគីដេ​។​

តើ​ការ​កំចាត់មូស ប៉ះពាល់ដល់​​សត្វ​ប្រចៀវទេ​?

​Winifred Frick អ្នក​ជីវ​វិទូ​សត្វ​ប្រចៀវ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ាសាន់​តាគ្រូស និយាយថា មិន​​ដូច្នោះ​ទេ។​

សត្វ​ប្រចៀវ​ភាគច្រើន​​​ស៊ី​អ្វី​ក៏ដោយ​ដែល​ពួកគេ​អាច​ចាប់បាន មូស សត្វល្អិត ឬ​សត្វ​កញ្ចែជាដើម។

Frick និយាយថា៖ «អត់មាន​​​ប្រភេទ​សត្វ​ប្រចៀវ​ណា​ដែលស៊ីតែ​​មូស​នោះ​ទេ​»។

​​ជាការ​ពិត សត្វ​មូស​មួយចំនួន​សកម្ម​តែ​​​នៅពេល​ថ្ងៃមានន័យថា​សត្វ​ប្រចៀវ​មានឱកាស​តិចតួច​ណាស់​ក្នុងការ​ស៊ីមូស​ជាចំណី៕

ប្រភព៖ National Geographic

អត្ថបទពេញនិយម

Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ Meta អំពីភាពជាដៃគូ AI ដើម្បីបង្កើនភាពវៃឆ្លាតរបស់ Apple Intelligence

៩ ចំណុចសំខាន់ៗ ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី

វិធីសាស្ត្រសម្រកទម្ងន់ ដែលមានសុវត្ថិភាព

លោក យឿម យាំ៖ គៀងគរអ្នកភូមិរកទំពាំងព្រេច បង្កើនមុខរបរ សម្រួលជីវភាពពីអនុផលព្រៃឈើ

ក្រុមយុវជន សប្បាយរីករាយហែទីងមោង ក្នុងពិធីហែទៀនវស្សា នៅស្រុកស្អាង