ខេត្ដព្រះសីហនុ៖ ក្នុងរយៈពេល ១១ ខែកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន២១៣ គម្រោង ដែលមានទុនវិនិយោគ ៦០២៦ លានដុល្លាអាមេរិក ដែលត្រូវបានរំពឹងថានឹងបង្កើតការងារដល់កម្មករនិយោជិតប្រមាណ ៣៩៥៧៨ កន្លែង។
ទិន្នន័យនេះត្រូវបានលើកឡើងដោយ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដែលបានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុងខេត្តព្រះសីហនុ។
គម្រោងទាំងអស់រួមមាន៖
· គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០៣គម្រោង ស្មើនឹង ៤៨% មានទុនវិនិយោគសរុប ២៥១០ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤ ៥៥៨ កន្លែង
· គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៨៦ គម្រោងស្មើនឹង ៤០% មានទុនវិនិយោគសរុប ២ ៦៩៩ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៣០ ២៣១ កន្លែង
· ការពង្រីកគម្រោង ចំនួន ១៧ គម្រោង ស្មើនឹង ៨% មានទុនវិនិយោគសរុប ៧៦៨ លានដុល្លារអាម៉េរិក ដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤ ៧៤៨ កន្លែង
· គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៧ គម្រោងស្មើនឹង ៣% មានទុនវិនិយោគសរុប ៣០ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤១ កន្លែង។
សូមគូសបញ្ជាក់ថា គម្រោងទាំងអស់ខាងលើគ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អចលនទ្រព្យ (អគារពហុមុខងារ និងគម្រោងអភិវឌ្ឍលំនៅឋាន) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមានទុនវិនិយោគ ២ ១៥៥លានដុល្លារអាម៉េរិក, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមានទុនវិនិយោគ ២ ១៨១ លានដុល្លារអាម៉េរិក, ឧស្សាហកម្មមាន ៣៥ គម្រោង ស្មើនឹង ១៦% ដែលមានទុនវិនិយោគ ១ ១៩០ លានដុល្លារអាម៉េរិក,និង វិស័យផ្សេងទៀត មាន ៣២ គម្រោង ដែលមានទុនវិនិយោគ ២៣៧លានដុល្លារអាមេរិក។
យោងតាមប្រសាសន៍លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តខេត្តព្រះសីហនុ ខេត្តឆ្នេរសមុទ្រមួយនេះមានផ្ទៃដីសរុប ២.៦៥៨,៩០គីទ្បូម៉ែត្រក្រទ្បានិងមានប្រជាជនប្រមាណ ៣១០.០០០នាក់ និងមានកោះតូច-ធំចំនួន៣២ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង១៧៥,៨១គីទ្បូម៉ែត្រទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុង សន្លឹមស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះគម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តនិងរីករាយជាមួយនឹងធម្មជាតិ ទាំងអស់នេះ។
លោកបានឱ្យដឹងផងដែរថា៖ «ក្នុងឆ្នាំ២០២៣ខេត្តព្រះសីហនុទទួលបាន ផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) ចំនួន៤.៦០២ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម១,២២% នៅឆ្នាំ២០២៣៕