ជីវិត និង សង្គម

សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ អាជីវកម្មបៃតងភូមិបណ្ដែតទឹក កាន់តែមានភ្ញៀវទេសចរច្រើនទៅកម្សាន្ត

December 23, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

កំពង់ធំ​៖ ស្ថិតនៅ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប ​ឃុំ​ផាត់​សណ្តាយស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​ផាត់​សណ្តាយ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៩លើ​​ទំហំ​ផ្ទៃដី​ប្រមាណ ២៣.០០០​​ហិកតា​ ដោយ​ផ្ដល់​បទពិសោធន៍​ដល់ភ្ញៀវទេសចរជាតិនិង​អន្តរជាតិ​​​មក​លេង​កម្សាន្ត​ នៅ​​តំបន់​ព្រៃ​សហគមន៍ ព្រៃ​លិច​ទឹក ជាមួយការ​បម្រើ​សេវាកម្ម​ផ្ទះ​ស្នាក់បោះតង់ ម្ហូបអាហារ ​កាណូត​តូចធំ ជា​ដើម​។​

​លោក សូ សុន អនុប្រធាន​ទី​២សហគមន៍​អេកូ​ទេសចរណ៍ ផាត់​សណ្តាយ ទទួលបន្ទុក​ភ្ញៀវ​ទេសចរណ៍​ចេញចូល បាន​ប្រាប់ SRNews ឱ្យដឹងថា​៖ «​ការបង្កើត​សហគមន៍​អេកូ​ទេសចរណ៍ផាត់​សណ្តាយ​ដោយ​​មើលឃើញថា​ ​មាន​សក្តានុពល​លើ​ផ្នែក​អេកូ​ទេសចរណ៍​ជាច្រើន។ ទី​១ដោយ​ពលរដ្ឋ​នៅ​នឹង​បឹង​ទន្លេសាប​។ ទី​២​យើង​មាន​ធនធានធម្មជាតិ​ដ៏​ល្អ​ស្អាត​។​ ទី​៣​យើង​មាន​ព្រែក​អភិរក្ស​សម្បូរ​ទៅដោយ​ត្រី​មេ​ពូជ​ដោយ​ទីនេះ​មាន ព្រៃ​សហគមន៍ព្រៃ​លិច​ទឹក​ទំហំ​ផ្ទៃដី​ប្រមាណ ២៣.០០០ ​ហិកតា​»​។​

​ដោយ​មើលឃើញ​ពី​សក្តានុពល​លើ​វិស័យ​អេកូ​ទេសចរអង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) បាន​ផ្ដើមគំនិត​បង្កើតជា​សហគម​ន៍​នេះ​ឡើង ក្រោម​ការ​ជួយឧបត្ថម្ភ​បន្ថែម​ពី​អង្គការ VSO Cambodia។

ផលវិជ្ជមាននៃការ​ចងក្រងជាសហគមន៍​ការពារ​​ធនធានធម្មជាតិ

​កាលពី​មិនទាន់បាន​បង្កើត​សហគមន៍​នេះ​ឡើង ​អនុផល​មច្ឆា​ជាតិ​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ដោយ​មាន​​ការប្រព្រឹត្ត​បទល្មើស​ផល​នេសាទ​គ្រប់​ទម្រង់ហើយ​ប្រជាពលរដ្ឋ​មិនសូវ​យល់​ដល់​ដឹង​អំពី​ការអភិរក្ស និង​កង្វះ​អនាម័យ​ជាដើម​។

​លោក សូ សុន អនុប្រធាន​ទី​២ សហគមន៍បាន​ប្រាប់​បន្តថា​៖«​កន្លងមក​នោះ ពេលដែល​មិនទាន់​មាន​សហគមន៍គឺ​យើង​អត់​សូវ​មាន​ត្រី​សម្បូរដូច​ឥឡូវ​ទេ ដោយ​ខ្វះ​ការ​យាមល្បាត ពួកគាត់​អាច​លួច​នេសាទ​ខុសច្បាប់​តាមចិត្តធ្វើឱ្យ​ត្រី​មិនជា​សម្បូរ​​ទេ»។

​ក្រោយ​បង្កើត​សហគមន៍​ឡើងមក អង្គការ FACTក៏បានផ្តល់​ជូន​នូវ​គម្រោង​ជាច្រើន​សម្រាប់​សហគមន៍​ផាត់​សណ្តាយ ដូចជា​ទឹកស្អាតការគ្រប់គ្រង​សំរាម ការបង្កើន​ជីវភាព​ប្រជា​សហគមន៍​តាមរយៈ​ការបញ្ចូល ​សកម្មភាព​អេកូ​ទេសចរណ៍និង​ការបង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​ជាដើម។

អនុប្រធាន​ទី​២ សហគមន៍ រូបនេះបាន​បន្ត​ថា៖ «រ​ហូត​ដល់​ឆ្នាំ​២០១៩ដោយមាន​ការគាំទ្រ​ពី អង្គការ FACT ទៅលើ​ថវិការ​ល្បាតទំនុក​បម្រុង​​ផ្សេងៗ ដើម្បី​បង្កើតជា​សហគមន៍​នេះ​ឡើង​ ហើយ​បាន​បង្កើតជា​​គណៈកម្មកា​របង្កើត​ក្រុម​ល្បាត ក្រុម​កែច្នៃ និង​ក្រុម​តូចៗ​ជាច្រើន​ទៀត។ អ៊ីចឹ​ង​នៅ​ ៥-៦​ឆ្នាំ​ចុង​ក្រោយនេះ​ធ្វើ​ឱ្យ​ត្រី​សម្បូរ​​ខ្លាំង និង​មានការ​សាទរ​ជាខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាតិក៏ដូចជា​ប្រជាពលរដ្ឋ​យើង​ផងដែរ​»​។​

​​ឃុំ​ផាត់​សណ្តាយ មាន​ភូមិ​ចំនួន ៥មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជាង ១​ពាន់​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ ៩០%ជា​អ្នក​ប្រកប​របរ​នេសាទ​ត្រី​។​ ដោយ​មានការ​ប្រចាំការ ២៤​ម៉ោងពី​ប្រជា​សហគមន៍​ ទាំង​ផល​មច្ឆា​ជាតិ ទាំងសត្វ​​ស្លាប​ក៏មាន​ការកើនឡើង​ជា​លំដាប់​ផងដែរ​។​

បទពិសោធន៍ទេសចរណ៍​នៅ​​​សហគមន៍​​​ផាត់​សណ្តាយ

​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយមាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ។

អ្នកទេសចរ​មាន​ជម្រើស​ចំនួន​ពីរដើម្បី​ធ្វើដំណើរ​ទៅកាន់​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិផាត់​សណ្តាយ ជាមួយជម្រើស​​តាម​ផ្លូវគោក​ប្រើប្រាស់​មធ្យោបាយ​ដោយ​រថយន្ត​ឬ​ម៉ូតូ និងជម្រើស​​តាមរយៈ​កាណូត​របស់​សហគមន៍​ចេញពី​ទី​រួម​ខេត្ត​តាម​ស្ទឹងសែនមកកាន់​សហគមន៍​​។

អ្នក​ធ្វើដំណើរអាចចេញ​​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​ទៅកាន់​កំពង់ទូកឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​ប្រមាណ ​៤០​គីឡូម៉ែត្រ រួច​ជិត​ទូក​សហគមន៍​ប្រមាណ១០​ទៅ​១៥​នាទី​ប៉ុណ្ណោះនឹង​ទៅដល់​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ​តែម្ដង​។​

នៅ​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ​នេះដែរ​ភ្ញៀវទេសចរនិយម​ធ្វើដំណើរ​ទៅ​កម្សាន្ត​នា​អំឡុង​ខែ​វិ​ច្ឆ​កា ដល់​ចុងខែ​មេសា​។

​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិមក​កម្សាន្ត​ពី​ដោយ​ទីនេះអាចរីករាយ​នឹង​ទេសភាព​​​ព្រៃ​សហគមន៍ និង​ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា។

ភ្ញៀវ​អាច​ទៅរីករាយ​នឹង​​ទិដ្ឋភាព​ផ្ទះ​បណ្ដែត​ទឹកឡើង​ប៉ម​គយគន់​​ទេសភាព​​អុំទូក​ចូល​មើល​ព្រៃ​លិច​ទឹក ស្វែងយល់​សកម្មភាព​នេសាទ ទស្សនា​ការ​កែច្នៃ​ត្រី​របស់​ប្រជា​សហគមន៍គ​​យគន់​សត្វ​ស្លាប​ចម្រុះ​ជាច្រើន​ប្រភេទ ឱ្យ​ចំណី និង​ទស្សនា​ត្រី​មេ​ពូជ ព្រមទាំង​ទស្សនា​ព្រែក​អភិរក្ស​ទាំង​៥ ​របស់​សហគមន៍ នៅ​ផ្ទៃ​បឹង​ទន្លេសាប​ជាដើម។

ស្ថិតនៅ​ក្នុង​​តំបន់​ព្រៃ​លិច​ទឹក​រាប់ម៉ឺន​ហិកតាក៏​មាន​​ដើម​ស្តី (​ប្រភេទ​ឈើ​ព្រៃ​លិច​ទឹក​) ​ទំហំ​ដ៏​ធំ (ប្រមាណ​​ ១០ ​ឱប​មនុស្សពេញវ័យ​)ដែលមាន​អាយុកាល​ជាង ២០០​ឆ្នាំ​។​

រីឯ​​នា​រដូវប្រាំង ​ភ្ញៀវ​អាច​ដើរ​កម្សាន្ត​ក្នុងភូមិ​មើល​ជីវភាព​រស់នៅក្នុង​តំបន់​ដែលជា​អាជីវកម្ម​បៃតង​ភូមិ​បណ្ដែត​ទឹកនិង​ដាក់​ចំណី​ឱ្យ​ត្រី​មេ​ពូជ​ធម្មជាតិ​ដោយផ្ទាល់​ស្រដៀង​ទៅនឹង​ត្រី​នៅក្នុង​ស្រះ​ចិញ្ចឹម​ដែរ​។​

សេវាកម្មផ្ដល់ជូនដោយ​​ប្រជាពលរដ្ឋ​នៅ​​​សហគមន៍

​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ​មាន​សេវាកម្ម​ទូក​តូច​សម្រាប់​មនុស្ស១ ​ដល់ ​៣​នាក់​មានតម្លៃ ១៥​ដុល្លារ​, ទូក​ធំ​សម្រាប់​មនុស្ស៤​ទៅ​៦​នាក់ តម្លៃ ២០​ដុល្លារ​, សេវា​ទស្សនាចរ ២០ទៅ​៦០​ដុល្លារ​, ទូក​អុំ​ជិះ​ជុំវិញ​ភូមិទៅ​មើល​ព្រៃ​លេច​ទឹក ទៅ​មើល​ប៉ម​មើល​ទស្ស​ភាព​ពីលើ តម្លៃ៥​ដុល្លារ​ក្នុង​មួយ​ទូក​។

តម្លៃ​ផ្ទះ​ស្នាក់​៥ដុល្លារ​សម្រាប់​ភ្ញៀវ​ជាតិ និង​៧​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស​។ សេវា​បោះតង់៣០​ទៅ​៤០​ដុល្លារ និង​សេវា​ជួល​ទីតាំង​សម្រាប់​ប្រជុំ ឬ​កម្មវិធី​ផ្សេងៗ​តម្លៃ៣០​ទៅ​៥០​ដុល្លារ​។​

អ្នក​ស្រី អ៊ួ​ង ចាន់ថនតំណាង​សមាជិក​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ បាន​ប្រាប់​សារព័ត៌មាន SRNews ឱ្យដឹងថា​៖ «​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយតំបន់​ការពារ ទិសដៅ​ទេសចរណ៍​សំខាន់ៗ យើង​មាន​សេវាកម្ម​ជាច្រើន​ដូចជា​៖ «សេវាកម្ម​ផ្ទះ​ស្នាក់បោះតង់ ម្ហូបអាហារ មាន​កាណូត​តូចធំសម្រាប់​ដឹក​ភ្ញៀវ​ជិះ​កម្សាន្ត​តាម​ព្រៃ​សហគមន៍​ទស្សនា​ថ្ងៃ​រះ​ និង​ថ្ងៃ​លិច​នៅ​ផ្ទៃ​បឹង​ទន្លេសាបដែល​គេ​ហៅថា​អាជីវកម្ម​បៃតង​ភូមិ​បណ្ដែត​ទឹកជា​ដើម​»​​។

នាពេល​ថ្មីៗ​នេះ​សហគមន៍​ក៏មាន​សេវាកម្ម​កញ្ចប់​ដំណើរ​កម្សាន្តមួយថ្ងៃ​វិល​ល្ងាច ជាមួយតម្លៃ​​ចូលរួម​ដំណើរ​ទស្សនាចរ​ ២៩​ដុល្លារជិះ​ពី​កំពង់ចម្លង​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និង​៣៩​ដុល្លារ ពី​ភ្នំពេញ​ទៅតម្លៃ​នេះ​បូក​រួមទាំង​ការហូបចុក​។​

​សេវាកម្ម​ម្ហូបអាហារ​នេះ​ផងដែរ អ្នក​ស្រីចាន់ថន បាន​បញ្ជាក់​ប្រាប់​ថា​៖ ​«​រាល់​ម្ហូបអាហារ​របស់ខ្ញុំ​ទាំងអស់​គឺ​ដកប​ដិ​ភាព​ចូល​សហគមន៍​ជាប្រចាំដូច​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​តម្លៃ ៥​ ដុល្លារ សម្រាប់​ភ្ញៀវ​ជាតិ​ខ្ញុំ​ដក១​ ដុល្លារ​, ៧ ​​ដុល្លារ​សម្រាប់​បរទេស​ខ្ញុំ​ដក​ ២ ​ដុល្លារ​ចូល​សហ​គន៍​»។

​​​អ្នកស្រី​​ក៏​សូម​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ​ទៅ​ទេសចរ​នៅ​តំបន់​នេះ​ឱ្យបាន​កាន់តែច្រើនដើម្បី​បាន​ជំនួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុងភូមិ​កាន់តែ​ប្រសើរឡើងក៏ដូចជារួមចំណែក​ដល់​​​​​សកម្មភាព​​អភិរក្ស​មេ​ពូជ​ត្រី​ក្នុង​បឹង​ទន្លេសាប​ផងដែរ​។​

ទន្ទឹម​​នឹងនោះអ្នក​ស្រី ចាន់ថនក៏សាទរ​នឹង​​ស្វាគមន៍​​ភ្ញៀវកាន់តែច្រើន​ ដោយ​អ្នកស្រីសម្គាល់ឃើញ​​​ថា​​៖ «​អំឡុង​​ចុងឆ្នាំ ២០២៤​នេះ ឃើញ​ប្លែក​មាន​ភ្ញៀវ​បរទេស​មក​ច្រើនហើយ​ក៏មាន​ភ្ញៀវ​អង្គការ និង​ភ្ញៀវ​ជាតិ​មក​ទេសចរ កម្សាន្ត​នៅទីនេះ​គាត់មក​មើល​ព្រៃ​សហគមន៍ ព្រៃ​លិច​ទឹក ផ្ទះ​បណ្ដែត​ទឹក ឡើងទៅ​ប៉ម​មើល​ទេសភាពអុំទូក​ចូល​មើល​ព្រៃ​លិច​ទឹក ទៅ​មើល​ដើម​ស្ដី​ដែលមាន​អាយុកាល​ជាង ២០០​ឆ្នាំមួយខែៗ​មាន​ភ្ញៀវ​ប្រហែល​៨០​ទៅ​ជាង​១០០​នាក់​អី​ដែរ​»​។​

​បើ​បងប្អូន​មានបំណង​ចង់ទៅ​លេងសហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ សូម​ទំនាក់ទំនង​សួរនាំ​ព័ត៌មាន​តាមរយៈ​លេខ011 519 995 / 088 6632088 ឬ​តាមរយៈ​គេហទំព័រ​ហ្វេ​សប៊ុ​ក PhatsandayEcotourism សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ផាត់​សណ្តាយ​៕

អត្ថបទពេញនិយម

Three women looking at a box of stuffed animals.

យុវតី២នាក់ ចាប់ដៃគ្នាលក់វត្ថុអនុស្សាវរីយ៍ចាក់ពីអំបោះ ទទួលបានការគាំទ្រខ្លាំង

ព្រះរាជជីវប្រវត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

អត្ថប្រយោជន៍៣សំខាន់ របស់ប្រទាលកន្ទុយក្រពើ

ភ្នំព្រះ ឬខ្នងព្រះអង្គ ឋានសួគ៌ធម្មជាតិដ៏ស្រស់ស្អាត ស័ក្តសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ឃ្លាំងចំណេះដឹង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ