ជីវិត និង សង្គម

ប្រែសំរាមជាបុប្ផា សហគ្រិនផ្ទះផ្កាខ្មែរ បើកបង្រៀនច្នៃសម្បកពោតជាផ្កា និងរបស់តាំងលម្អស្អាតហើយទុកបានយូរ

October 22, 2024
August Stella
Heading
Option 1

ក្រោយពី​ជោគជ័យ​នឹង​អាជីវកម្ម​គិតគូរបរិស្ថាន​កែច្នៃ​សម្បកពោតស្លឹក​រុក្ខជាតិ និង​ផ្កា​ស្មៅ​ទៅ​​ជា​​បាច់ផ្កា កន្ត្រក​ ឬ​ផ្ទាំង​ផ្កាផុស​សម្រាប់ដាក់តាំង​យ៉ាងស្រស់សោភានោះស្ថាបនិក​ហាង ​ផ្កាខ្មែរបាន​បើក​ឱកាស​បង្រៀន​ជំនាញ​នេះ​​​ដល់​អ្នក​ចាប់អារម្មណ៍​ទាំងឡាយក្រោម​រូបភាព​ជា​ងវគ្គបង្រៀន​គិត​ថ្លៃ និង​មិនគិត​ថ្លៃ។

សហគ្រិន​ផ្កាខ្មែរ បាន​លើកឡើង​ថា៖ «គុណតម្លៃ​ដ៏ធំ​របស់​ផ្ទះ​ផ្កា​ខ្មែរ​មិនមែន​ដើម្បី​តែប្រាក់កម្រៃ​មួយមុខទេ​ ប៉ុន្តែ​ជា​ការ​ចង់បង្កើត​ផលិតផលមួយ​​ដែល​ជា​របស់​ខ្មែរយ៉ាងពិត​ប្រាកដ​និង​អាច​​ជួយ​ផ្ដល់​ការងារ​ដល់​មនុស្ស​ជា​ច្រើន​នាក់​ផ្សេងទៀត»។

បង្កើត​ឡើង​តាំង​ពី​ជាង៣​ឆ្នាំមុន ផ្ទះ​ផ្កា​ខ្មែរ​ត្រូវបានគេទទួលស្គាល់ពីទឹកដៃ​ច្នៃ​សម្បក​ពោត ស្លឹក​ចាក​ស្មៅ​ក្រៀម ស្លឹកទ្រាំង និង​ផ្កា​ពោត ដែល​ងាយស្រួល​ និង​​សុទ្ធតែជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ផ្កា​ដ៏​ស្រស់​​ស្អាត​។

ផ្ទះ​​ផ្កា​ខ្មែរមានធ្វើ​កន្ត្រកផ្កា ស៊ុមផ្កា ថូផ្កា បាច់ផ្កា ដេគ័រ​​ផ្កាក្នុងកម្មវិធី ជាមួយ​ជម្រើស​ផ្កា​​ដ៏ច្រើនរាប់តាំងពី​​ផ្កា​រំដួល​ផ្កា​កុលាប ផ្កា​លី​លី ផ្កា​​អ័​រ​គី​ដេ ផ្កាឈូករ័ត្ន ​ចម្រុះ​ពណ៌​ ទាំង​ស្អាតនិង​រក្សា​ទុក្ខ​បានយូរ។

លោក វង្ស ​ហិរញ្ញ​និ​យុ​ទ្ទម្ចាស់​ហាង​​ផ្កាខ្មែរ មាន​​ចំណូល​ចិ​ត្ដ​ស្រឡាញ់​ការ​​កាច់​ផ្កាក្រដាសនិង​ចាប់ផ្ដើម​បង្ហោះ​លក់​តាម​អន​ឡាញ​លេងៗ​ រហូត​ដល់បង្កើត​បាន​ជាហាង​ផ្កា​មួយ​កាលពី​ប្រមាណ៣​ឆ្នាំមុន។

​អតីត​អ្នកបម្រើការ​ក្នុង​វិស័យទេសចរណ៍​រូបនេះ​បាន​រំឭក​ប្រាប់ថា​​៖«​មិត្ត​ភ​កិ្ត​ខ្ញុំ ជាជាង​កាត់សក់ ពេលទំនេរគាត់​កាច់​ផ្កា ដោយ​ផ្ដើម​ការច្នៃ​ផ្កា​ពី​ក្រដាស រួច​បង្ហោះ​លក់អនឡាញ​​ធម្មតា​​»​។

​​​ដើមឡើយ លោក​បា​នដើរប្រមូល​វត្ថុធាតុ​ដើម​ក្នុងការ​កែច្នៃ​តាម​ចិញ្ចើម​ផ្លូវ។ នោះ​គឺ​សម្បក​ពោត​ពីកន្លែង​លក់​​ពោត​ស្ងោរ និង​ពោត​​អាំង គួប​ផ្សំ​​នឹង​ការ​​ដើរ​បេះបោច​ដើម​ស្មៅ​បន្ថែម​ជា​គ្រឿង​លម្អ​។

​លោកហិរញ្ញ​និ​យុ​ទ្ទ បានឱ្យដឹងថា​៖ «​យើង​បាន​ផ្ដាំ​គាត់​ឱ្យជួយ​ទុក​សម្បក​​ពោត​ឱ្យ​យើងដោយពេល​ខ្លះ​យើង​ជួយ​ទិញ​ពោត​គាត់ និង​ថ្ងៃ​ខ្លះ​ក៏​ជូន​ជា​ថវិកា​ដល់​គាត់​។អ៊ឹ​ចឹ​ង ឥឡូវ​ពេល​គាត់​បកសម្បក​ពោត​ហើយ គាត់​មិន​ចោល​ទៀត​ទេ​។ពួកគាត់​ទុក​ក្នុង​ថង់​សម្រាប់​ពួកយើង​»​។​

ប៉ុន្ដែ​ដោយសារ​តម្រូវការ​កើន​ខ្ពស់លោក​បាន​​ប្រមែប្រមូល​វត្ថុធាតុដើម​ពីសហគមន៍​នៅ​តាមខេត្ត​វិញ ដែល​​មិនត្រឹម​តែ​ជាសកម្មភាព​គិតគូរដល់បរិស្ថាន​ប៉ុណ្ណោះទេថែមទាំង​លើកស្ទួយ​ដល់ជីវភាព​ប្រជាជន​ផង​ដែរ។

សព្វថ្ងៃ​ក្រុមការងារ​ផ្ទះ​ផ្កា​ខ្មែរ​បាន​បង្កើន​រហូត​ដល់ជាង ៥០​នាក់ ដែល​ធ្វើការ​ក្នុង​​ដំណាក់​​កាល​ច្រើនតាំងពី​ការ​​​ប្រមូល​វត្ថុធាតុដើម​ស្ងោរ​ ធ្វើ​​ល័ក្ដ​ពណ៌ ​ហាល​​កាត់ ​​បត់ ធ្វើស្រទាប់ និង​តម្លើង​ផ្កា​ជាដើម។

​លោក ហិរញ្ញ​និ​យុ​ទ្ទបាន​ចាត់ទុក​ថា ជាមោទនភាព​​មួយ​ក្នុងការ​រួមចំណែក​លើកស្ទួយជីវភាពនិង​សម្រាក​បន្ទុក​រដ្ឋាភិបាល។

លោក​បាន​និយាយ​ថា៖ «យើង​មិនបាន​ជួយ​អ្វីធំដុំ​ដល់សង្គមជាតិ​ទេតែយ៉ាងហោច​ណាស់​ជាង ៥០​នាក់​នៅផ្ទះផ្កា​ខ្មែរ​ដែល​អាស្រ័​យ​លើ​​ការ​ច្នៃប្រឌិត​របស់ពួកយើង​ហើយ​ធីម​ផ្ទះ​ខ្មែរ​មាន​មោទនភាព​​ដែល​យើង​ចេះស្រឡាញ់គ្នាហើយខ្ញុំ​សង្ឃឹម​ថា​នឹង​មានសហគមន៍​ផ្សេងៗ​ទៀត​​នឹង​ចាត់ទុក​ពួកយើង​ជាគម្រូគឺ​ពួកយើង​ធ្វើ​ចេញពីបេះដូង ចេញ​ពី​ចិត្ត​ក្រោមដំបូលតែមួយ»។

លោក វង្សហិរញ្ញ​និ​យុ​ទ្ទ ម្ចាស់​ហាង​​ផ្កាខ្មែរ បាន​ប្រកាសតាមបណ្ដាញសង្គម​​ថា៖ «សម្រាប់បងប្អូន​ដែល​ចង់រៀន​ត្រឹម​ចេះ​បត់ផ្កា​នៅ​ត្រឹម​តែ​ធ្វើផ្កា​​គឺ​បង​ប្អូន​អត់​មានចំណាយលុយអីទេ​ បង​ប្អូន​មានពេលបង​ប្អូន​អាច​មក​ទីតាំង​យើង​ផ្ទាល់​​ក៏បាន ទៅទីតាំងនៅបឹងត្របែក​ក៏បាន​មានក្រុម​ការងារ​ជួយ​បង្រៀន​ដោយ​ឥតគិតថ្លៃ»។

សម្រាប់​អ្នក​ចាប់អារម្មន៍​រៀន ​​​មិនចាំ​បាច់ទាល់តែមានសម្ភារៈទេ​ដោយ​គ្រប់យ៉ាង​មាន​នៅ​ហាង​ស្រាប់។

លោក​និយាយ​ថា៖ «មក​តែខ្លួន​មក​បានហើយ ត្រឹម​ផ្កា​ម៉ាម៉ូតពីរម៉ូត​អី​មក​តែ​ខ្លួន​បាន​សម្ភាៈ​យើង​មាន​គ្រប់​ទាំងអស់ទាំង​សម្បក​ពោត​ក៏មាន ស្លឹក​ស្រស់ ស្លឹក​ចាក​ ក្រដាស​ក៏មាន​បើ​សិន​ជា​បង​ប្អូន​គ្រាន់តែ​រៀន​ម៉ូដ​ផ្កា​ គឺ​អត់អស់លុយទេ»។

រីឯ​អ្នក​ដែល​ចង់​រៀន​​ចាប់យកជាអាជីព លោក​បាន​បញ្ជាក់​ថា ​មានការ​គិត​ប្រាក់​​៨០០​ដុល្លារ​។ យ៉ាងណា​មិញ លោក​ក៏​នឹង​ជ្រើសរើស​បេក្ខភាព ២ រូប​បង្រៀន​​ជា​អាជីព​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរដែល​លោក​នឹង​ប្រកាស​អ្នកឈ្នះ​នៅ​ដើម​ខែ​តុលា។

​​​​​​​​ផ្ទះ​​ផ្កា​ខ្មែរស្ថិត​នៅផ្ទះ ២៥០ ផ្លូវ​ ១៤៣ សង្កាត់​បឹង​កេងកង​ ៣ ខណ្ឌចំការមន និង​មាន​ទីតាំង​មួយ​ទៀត​នៅ​ម្ដុំ​បឹង​ត្របែក​ដែល​ជាកន្លែងបណ្ដុះបណ្ដាល​ដល់​អ្នកដែលស្រឡាញ់​​សិល្បៈ​បត់ផ្កា​ស្អាតៗទាំង​​នេះ៕

អត្ថបទពេញនិយម

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»

អង្គរវត្ត និងកំពង់ភ្លុក ជាប់ជាតំបន់ទេសចរណ៍ដែលគួរទៅ ក្នុងចំណោម២៥ នៅអាស៊ី របស់ Tripadvisor

អ្នកកើតខែសីហា ត្រូវនឹងតារានិករ Leo តើអ្នកមានចរិតលក្ខណៈបែបណា?

អត្តពលិកកូនកំព្រា ឈុន ប៊ុនថន ហ្វឹកហាត់រត់១២ឆ្នាំ ដើម្បីលទ្ធផលល្អបំផុតក្នុងព្រឹត្តិការណ៍អូឡាំពិក

«ស្រាស្តេចគោព្រៃ» និង «ស្រាផាសិនមណ្ឌលគិរី» ស្រារសជាតិឆ្ងាញ់ពិសេស តំណាងខេត្តមណ្ឌលគិរី